សិក្ខាសាលាស្តីពីការកសាងកម្មវិធីវិនិយោគឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ស្រុកម៉ាឡៃ-បន្ទាយមានជ័យ ១២ សីហា ២០១៤៖ រដ្ឋបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សាឃុំនៅថ្នាក់ស្រុក ស្តីពីការកសាងកម្មវិធីវិនិយោគឃុំ នៃស្រុកម៉ាឡៃ ដើម្បី ១)ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២)បង្កើនការយល់ដឹងពីទស្សនទានសំខាន់ៗនៃ …


ស្រុកម៉ាឡៃ-បន្ទាយមានជ័យ ១២ សីហា ២០១៤៖ រដ្ឋបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សាឃុំនៅថ្នាក់ស្រុក ស្តីពីការកសាងកម្មវិធីវិនិយោគឃុំ នៃស្រុកម៉ាឡៃ ដើម្បី ១)ពង្រឹង សមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២)បង្កើនការយល់ដឹង ពីទស្សនទានសំខាន់ៗនៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៣)ពង្រឹងទំនាក់ទំនង អន្តររដ្ឋបាលថ្នាក់ក្រោមជាតិ ៤)ផ្តល់ឳកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន ទំាងស្ថាប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល បានពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម ប៊ុននី សមាជិកក្រុមប្រឹក្សាស្រុក ដែលតំណាងឲ្យប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ  និងលោក អែម សុខា អភិបាលស្រុកម៉ាឡៃ នៅសាលាស្រុកម៉ាឡៃ ដែលមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក  ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សរុប៣២រូប(ស្រ្តី៦រូប)។

លោក ឈឹម ប៊ុននី សមាជិកក្រុមប្រឹក្សាស្រុក ដែលតំណាងប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានថ្លែងថា សិក្ខាសាលា ជាមួយ ក្រុមប្រឹក្សាឃុំ នៅថ្នាក់ស្រុកនាថ្ងៃនេះមានសារៈសំខាន់សម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ មកដល់ពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានចំនួន៣អាណត្តិ(២០១២ ២០១៧)។ ដោយឃើញពីភាពរីកចម្រើន នៃក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដ៏ស៊ីជម្រៅ តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨។ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបោះឆ្នោតដោយក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានចូល កាន់តំណែង អាណត្តិទី២ ក្នុងខែមិថុនា ឆ្នាំ២០១៤ រួចមកហើយ។

លោក ឈឹម ប៊ុននី មានប្រសាសន៍ថា ក្រុមប្រឹក្សាទាំងនេះ ជាតំណាងឲ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលខុសត្រូវ លើកិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ត្រូវពិគ្រោះពិភាក្សា និងផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ពីការធ្វើសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹង តម្រូវការ និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនានាតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា ការធ្វើផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគជាដើម។

លោក ឈឹម ប៊ុននី  បានលើកឡើងនូវបញ្ហាមួយចំនួនដែលរដ្ឋបាលស្រុក ឃុំជួបប្រទះ ដូចជា ការអនុវត្តការបំពេញការងារ របស់រដ្ឋបាលស្រុក ឃុំ នៅមានភាពខ្វះចន្លោះមួយចំនួន ដោយមិនទាន់មានការយល់ដឹងអំពីខ្សែគណនេយ្យភាព ការលើកកម្ពស់ ការយល់ដឹង និងការបង្កើតប្រព័ន្ធនីតិវិធី និងយន្តការទាំងឡាយ ដើម្បីធានាថាសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានការពារ សម្លេង របស់ប្រជាពលរដ្ឋ ត្រូវបានដឹងឭ  និងធនធាននានាត្រូវបានប្រើប្រាស់ស្របតាមច្បាប់។ ការពិគ្រោះយោបល់ និងការសម្រេចនានា របស់ក្រុមប្រឹក្សា មិនសូវមានការចូលរួម ពីអ្នកពាក់ព័ន្ធសំខាន់ៗ ពីប្រជាពលរដ្ឋ ពីដៃគូអភិវឌ្ឍន៍ តំណាងគណៈកម្មាធិការ និងវិស័យឯកជនជាដើម។ បញ្ហា ដែលលើកឡើង មិនសូវមានដំណោះស្រាយ ដែលបណ្តលឲ្យមិនសូវមានប្រសិទ្ធភាព ទៅលើ ការធ្វីសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សា ក៍ដូចជាការអនុវត្តដីកា និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ព្រមទាំងការតាមដាន ត្រួតពិនិត្យ លើការអនុវត្តដីកានិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាផងដែរ។

ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុក ឃុំ ក្នុងការបំពេញការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងតម្លាភាព ក្រុមប្រឹក្សាស្រុក បានរៀបចំ សិក្ខាសាលាស្តីពីដំណើការកសាងកម្មវិធីវិនិយោគឃុំ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដើម្បីផ្តល់ឱកាស ដល់សមាជិកក្រុមប្រឹក្សាទាំងអស់លើកឡើង បង្ហាញអំពីបទពិសោធន៍ និងរបៀបរបប ដែលសមាជិកក្រុមប្រឹក្សាទាំងអស់ ធ្លាប់អនុវត្ត កន្លងមក។

សិក្ខាសាលានេះបានធ្វើបទបង្ហាញដោយមន្រ្តីសម្របសម្រួលក្រុមប្រឹក្សាស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក ដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធនានា ឲ្យបានយល់កាន់តែច្បាស់ អំពីគោលការណ៍ នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងដំណើការនៃការកសាងកម្មវិធីវិនិយោគឃុំដោយមានការចូលរួម ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងសហគន៍មូលដ្ឋាន ធានាឆ្លើយតបតាមសំណូមពរ តម្រូវ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ៕ អត្ថបទដោយៈ លោក ស៊ុយ ប៊ុនថន មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ


 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់