ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកម៉ាឡៃ អាណត្តិទី២ ខេត្ត​បន្ទាយ​មានជ័យ

ម៉ាឡៃ-បន្ទាយមានជ័យ ១១ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកម៉ាឡៃ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាព…

ម៉ាឡៃ-បន្ទាយមានជ័យ ១១ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកម៉ាឡៃ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោក ចុង ផែត អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាស្រុកម៉ាឡៃ។

ពិធីនេះមានការចូលរួមពី សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ សាកលវិទ្យាធិការនៃសាកលវិទ្យាលយ័មានជ័យ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត   ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាភាព្រឹទ្ធសភានិងអធិការកិច្ច នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស មេឃុំ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ ក្រុមអាជីវករ   និង មន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុប១២០រូប (ស្រី១១រូប)។

លោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ បានមានមតិស្វាគមន៍ និង ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ស្រុក ស្តីពីការអភិវឌ្ឍលើគ្រប់ វិស័យដោយផ្តោតលើការងារសន្តិសុខ និងសុវត្ថិភាពសាធារណៈ ការងារសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ និងលទ្ធផលការងារបស់ ក្រុមប្រឹក្សាស្រុកអាណត្តិទី១ (២០០៩ ២០១៤)។

បន្ទាប់មក លោក វ៉ន វណ្ណា  នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨៣អនក្រ.ត.ត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ។ យោងតាមអនុក្រឹត្យខាងលើនេះ សម្រេចទទួលស្គាល់ លោក ឃុយ ម៉ន ជាប្រធាន ក្រុមប្រឹក្សាស្រុកម៉ាឡៃ និងសមាជិកក្រុមប្រឹក្សាស្រុកចំនួន១២ រូបទៀត។

លោកប្រធានក្រុមប្រឹក្សាស្រុក ដែលទើបប្រកាសចូលកាន់ដំណែង បានមានមតិចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖

  1. ប្តេជ្ញាខិតខំអនុវត្តឲ្យបានហ្មត់ចត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់  និងលិខិតបទដ្ឋាននានាក្នុងស្មារតីរួមចំណែកបន្តពង្រឹងនិតិរដ្ឋនៅកម្ពុជាឲ្យកាន់តែរឹងមាំ។
  2. ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពរវាងក្រុមប្រឹក្សា គណៈអភិបាល និងអង្គភាពពាក់ព័ន្ធ ទាំងអស់ ដើម្បីជាកម្លាំងដ៏រឹងមាំក្នុងការរួមចំណែកអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ឲ្យបានលទ្ធផលល្អតាមការរំពឹងទុក។
  3. ប្តេជ្ញាខិតខំនាំគ្នាសិក្សាស្វែងយល់អំពីច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងទៀត ក្នុងទិសដៅពង្រឹងសមត្ថភាព ដើម្បីអនុវត្ត ឲ្យបានល្អប្រសើរនូវតួនាទីរបស់ខ្លួន ទាំងខាងបញ្ញត្តិ និងខាងប្រតិបត្តិ។
  4. ប្តេជ្ញាខិតខំសិក្សាស្វែងយល់  អំពីតួនាទី ភារកិច្ច របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ដូចជា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ  គណៈកម្មាធិការលទ្ធកម្ម ក៏ដូចជានីតិវិធីនៃការកសាងផែនការអភិវឌ្ឍន៍ស្រុក និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុកជាដើម។ល។ ដើម្បីឲ្យអង្គក្រុមប្រឹក្សាស្រុកទាំងមូលមាន សមត្ថភាពសមល្មម។

លោក ចុង ផែត អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានមតិ សំណេះសំណាល និងផ្តល់ការណែនាំដល់ក្រុមប្រឹក្សាស្រុក ដែលទើបនឹងប្រកាសចូលកាន់តំណែងថ្មី  និងគណៈអភិបាលស្រុក ឲ្យខិតខំបន្តអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចជោគជ័យ ជាពិសេស បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកអាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះ ត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០១៥ សណន ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០០៩  ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំសាមញ្ញលើកទី១ក្រុមប្រឹក្សា ត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហាមួយ ចំនួន ដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សា សម្រាប់រយៈពេល១២ ខែ។
  3. អភិបាលស្រុកធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងការដឹកនាំ របស់ក្រុមប្រឹក្សាអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំ ក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ច ប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាស្រុកត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល ១២ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់