ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​តាម​អ៊ីនធឺណិត​ ជួយ​ពង្រឹង​គណនេយ្យ​ភាព​នៅ​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតឡើងមិនមែនជាមធ្យោបាយរបស់ គ.ជ.អ.ប ក្នុងការប្រមូលទិន្នន័យពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើយ តែដើម្បីជួយដល់ ក្រុង ស្រុក ខណ្ឌ ឱ្យអនុវត្តការងារបានឆាប់រហ័ស តម្លាភាព និងមានការសម្រេចចិត្តដោយផ្អែកតាមព័ត៌មានសុក្រឹត។

 

ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតឡើងមិនមែនជាមធ្យោបាយរបស់ គ.ជ.អ.ប ក្នុងការប្រមូលទិន្នន័យពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើយ តែដើម្បីជួយដល់ ក្រុង ស្រុក ខណ្ឌ ឱ្យអនុវត្តការងារបានឆាប់រហ័ស តម្លាភាព និងមានការសម្រេចចិត្តដោយផ្អែកតាមព័ត៌មានសុក្រឹត។ នេះជាកាលើកឡើងរបស់លោកស្រី ហេង សិទ្ធា អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។

 

ប្រព័ន្ធទិន្នន័យថ្មីនេះបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងគោលបំណងពង្រឹងគណនេយ្យភាពកាន់តែប្រសើរនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ សមាជិកក្រុមប្រឹក្សា និងគណៈអភិបាល អាចធ្វើការតាមដាន និងវាយតម្លៃបានល្អប្រសើរចំពោះការអនុវត្តមុខងារ តួនាទីនានារបស់ខ្លួនតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះទៅទៀត ក្រុង ស្រុក ខណ្ឌ នឹងអាចធ្វើការសម្រេចចិត្តដោយបើកចំហដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា។

 

លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថាប្រព័ន្ធទិន្នន័យនេះនឹងធ្វើឲ្យរដ្ឋបាលខណ្ឌមានភាពងាយស្រួលក្នុងការរៀបចំ និងត្រួតពិនិត្យការងារ ហើយប្រព័ន្ធនេះជួយជំរុញទាំងកម្មវិធីកំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីឲ្យយល់ដឹងនូវការធ្វើការតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដើម្បីអនុវត្ត កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

គួរបញ្ជាក់ថា ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជ្រើសរើសខណ្ឌគោលដៅចំនួន៥ នៃរាជធានីភ្នំពេញ និងក្រុង ស្រុកចំនួន៥នៃខេត្តកំពង់ចាម និងខេត្តកណ្ដាល មុននឹងឈានទៅដល់ការពង្រីកការអនុវត្តបន្ថែមដល់ក្រុង ស្រុក ខណ្ឌផ្សេង នៅឆ្នាំបន្តបន្ទាប់ទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់