ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​ថ្មី​នឹង​ជួយ​ក្រុម​ប្រឹក្សា​ខណ្ឌ​សែនសុខ​ធ្វើ​សេចក្ដី​សម្រេច​បាន​ច្បាស់លាស់

ភ្នំពេញ ១៧ កញ្ញា ២០១៥៖ លោកស្រី ឈាន សុខេន សមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខណ្ឌសែនសុខ បានលើកទឹកចិត្តដល់មន្ត្រីអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យឱ្យខិតខំប្រឹងប្រែងបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ដែលសុក្រឹតសម្រាប់ក្រុមប្រឹក្សាធ្វើសេចក្ដីសម្រេចចិត្ត។

លោកស្រីមានប្រសាសន៍ថា «ការងារបង្រៀនមនុស្ស។ ថ្វីត្បិតប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មី តែមិនមានភាពស្មុគស្មាញក្នុងការអនុវត្តឡើយ»។

លោកស្រី សមាជិកក្រុមប្រឹក្សាមានប្រសាសន៍ដូច្នេះក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

ដោយសារខណ្ឌសែនសុខជាខណ្ឌថ្មី ដូច្នេះរដ្ឋបាលខណ្ឌនៅមានការខ្វះខាតច្រើនទាំងសមត្ថភាពមន្ត្រី និងសម្ភារៈ។ លោកស្រីសមាជិកក្រុមប្រឹក្សា ក៏បានលើកទឹកចិត្តដល់គណៈអភិបាលឲ្យជ្រើសរើសមន្ត្រីសម្រាប់ទទួលបន្ទុកកិច្ចការថ្មីនេះ ជាមន្ត្រីដែលសកម្ម និងមានសមត្ថភាពច្បាស់លាស់ក្នុងការបញ្ចូលទិន្នន័យ និងធ្វើរបាយការណ៍ដើម្បីឲ្យរបាយការណ៍សុក្រឹត។  «កាលពីមុនរបាយការណ៍មិនសូវជាសុក្រឹតច្រើនទេ ពេលខ្លះរបាយការណ៍មានភាពច្រឡំជាមួយសកម្មភាព និងលទ្ធផល»។

ប្រព័ន្ធថ្មីនេះអាចផ្ដល់ផលប្រយោជន៍ និងបង្កភាពងាយស្រួលដល់អ្នកសម្រេចចិត្តបានលុះត្រាតែអ្នកអនុវត្តបញ្ចូលក្នុងប្រព័ន្ធយល់ពីសារប្រយោជន៍ប្រព័ន្ធផងដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ មានប្រសាសន៍ថាលោកគាំទ្រយ៉ាងពេញទំហឹងដោយចាត់ទុកប្រព័ន្ធថ្មីនេះជាប្រព័ន្ធដែលមានសារៈសំខាន់របស់ខណ្ឌផ្ទាល់ ហើយលោកជឿជាក់ថាប្រព័ន្ធនេះនឹងជួយតាមដានការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌទាំងមូល។ «ខណ្ឌយើងមានការវិវត្តច្រើនដែលគួរឲ្យកត់សម្គាល់ ពេលខ្លះយើងអាចចន្លោះខ្លះ តែប្រព័ន្ធថ្មីនេះនឹងជួយយើងក្នុងការកត់ត្រានូវសមិទ្ធផលដែលយើងបានធ្វើ និងជួយក្រុមប្រឹក្សាធ្វើការសម្រេចចិត្តបានច្បាស់លាស់»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់