ប្រព័ន្ធ​តាមដាន​ និង​ត្រួតពិនិត្យ​តាម​អ៊ីនធឺណិត​នឹង​​ជួយ​សម្រួល​ការងារ​រដ្ឋបាល​ខណ្ឌ​ក្នុង​ការ​រក្សាទុក​និង​គ្រប់គ្រង​ទិន្នន័យឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

ភ្នំពេញ ២១ កញ្ញា ២០១៥៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលព័ត៌មានវិទ្យា និងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលចម្បងមួយដែលជួយជំរុញដល់ការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ដែលទាមទារឲ្យក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយបានបណ្ដុះបណ្ដាលសាកល្បងដល់រដ្ឋបាលខណ្ឌ៧មករា …

ភ្នំពេញ ២១ កញ្ញា ២០១៥៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលព័ត៌មានវិទ្យា និងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលចម្បងមួយដែលជួយជំរុញដល់ការពង្រឹងគណនេយ្យភាពតាម បែបប្រជាធិបតេយ្យ ក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ដែលទាមទារឲ្យក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយបានបណ្ដុះបណ្ដាលសាកល្បងដល់រដ្ឋបាលខណ្ឌ៧មករា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។

 

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអ៊ីនធឺណិតថ្មីនេះ ត្រូវបានរៀបចំឡើងស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិនានា។ ប្រព័ន្ធនេះនឹងជួយសម្រួលការងាររបស់រដ្ឋបាលខណ្ឌក្នុងការរក្សាទុកនិងគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់ និងមិនមានលក្ខណៈស្ទួនជាមួយប្រព័ន្ធដែលមានស្រាប់នោះឡើយ។

 

ឯកឧត្ដម បានបញ្ជាក់ថា  ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប បានយកចិត្តទុកដាក់ និងជំរុញដល់ក្រុមការងារខ្លាំងក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដាននេះ ដោយសារលោកគិតថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវការប្រព័ន្ធទិន្នន័យ ព័ត៌មានសម្រាប់ផលិតព័ត៌មាន របាយការណ៍ជាក់លាក់ក្នុងការសម្រេចចិត្តលើការងារអភិវឌ្ឍផ្សេងៗ។

 

លោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ៧មករា បានមានប្រសាសន៍ថា ប្រព័ន្ធតាមដាន និងត្រួតពិនិត្យថ្មីនេះ គឺមានភាពច្បាស់លាស់ដែលទាមទារឲ្យយើងត្រូវបញ្ចូលព័ត៌មានទិន្នន័យច្បាស់ មិនមែនចេះតែបញ្ចូលមិនមានភាពច្បាស់លាស់ទេ ដោយសាររបាយការណ៍ពីទិន្នន័យនេះត្រូវជូនដល់ក្រុមប្រឹក្សាក្នុងការសម្រេចចិត្តផ្សេងៗ។ «ប្រព័ន្ធនេះនឹងជួយសម្រួលការច្រើនដល់យើង ពេលដែលចង់ស្វែងរកព័ត៌មានចាស់ៗ ហើយអាចឲ្យយើងដឹងថាសកម្មភាពអ្វីខ្លះដែលបានអនុវត្ត និងចំនួនថវិកាដែលបានចំណាយប្រៀបធៀបនឹងបច្ចុប្បន្ន»។

 

គួរបញ្ជាក់ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំបណ្ដុះបណ្ដាលស្ដីពីទស្សនៈរួម និងដាក់ឱ្យអនុវត្តសាកល្បងនៅខណ្ឌគោលដៅចំនួន៥ នៃរាជធានីភ្នំពេញ និងក្រុង ស្រុក ចំនួន៥ទៀតនៃខេត្តកំពង់ចាម និងខេត្តកណ្ដាល ដែលបានអនុវត្តចាប់ពីថ្ងៃទី០៤-២១ ខែកញ្ញា ឆ្នាំ២០១៥ ហើយនៅថ្ងៃទី២២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាន គ.ជ.អ.ប នឹងមានការបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌពីរបៀបបញ្ចូលទិន្នន័យ និងបញ្ចេញរបាយការណ៍ជាក់ស្ដែងផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់