ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ​ចាប់​អារម្មណ៍​​ខ្លាំង​ចំពោះ​ការ​អនុវត្ត​សាកល្បង​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​​រដ្ឋបាល​របស់​ខ្លួន

ភ្នំពេញ ១៤ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ថ្មីមួយដែលត្រូវបានធ្វើការបណ្ដុះបណ្ដាលសាកល្បងដល់ក្រុង ស្រុក ខណ្ឌ ចំនួន១០ ដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានទទួលការគាំទ្រខ្លាំងពីក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីជាអ្នកអនុវត្ត។

ភ្នំពេញ ១៤ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ថ្មីមួយដែលត្រូវបានធ្វើការបណ្ដុះបណ្ដាលសាកល្បងដល់ក្រុង ស្រុក ខណ្ឌ ចំនួន១០ ដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានទទួលការគាំទ្រខ្លាំងពីក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីជាអ្នកអនុវត្ត។

 

បន្ទាប់ពីបានស្ដាប់បទបង្ហាញស្ដីពីទស្សទានរួមនៃប្រព័ន្ធតាមដាន វាយតម្លៃ និងការប្រមូលព័ត៌មានរួចមក លោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម មានប្រសាសន៍យ៉ាងសុទិដ្ឋិនិយម និងរីករាយថា ប្រព័ន្ធថ្មីនេះអាចជួយសម្រួលដល់ក្រុង ស្រុក ក្នុងការប្រមូល និងគ្រប់គ្រងព័ត៌មានក្នុងដែនរដ្ឋបាលរបស់ខ្លួនបានពេញលេញដែល អាចជួយឲ្យក្រុមប្រឹក្សាយកព័ត៌មានទាំងនោះជាសូចនាករក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

 

លោកប្រធានក្រុមប្រឹក្សាបន្ថែមទៀតថា «ខ្ញុំយល់ថា ប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌថ្មីនេះ ជាប្រព័ន្ធដែលមានលក្ខណៈសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមិនមានភាពស្មុគស្មាញដល់អ្នកប្រើប្រាស់ឡើយ។ ជាពិសេសបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទាញយកទិន្នន័យ និងព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណិតបានទៀតផង»។

មិនខុសគ្នាផងដែរ លោក ហែន អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានបញ្ជាក់ថា ប្រព័ន្ធថ្មីនេះគឺស្របតាមក្ដីស្រម៉ៃរបស់ក្រុមប្រឹក្សាខណ្ឌជាយូរយារណាស់មកហើយ។ «យើងតែងតែចង់បានប្រព័ន្ធមួយដើម្បីវាស់ស្ទង់ដល់ការអនុវត្តការងារនានារបស់ក្រុមប្រឹក្សា គណៈអភិបាល និងរដ្ឋបាលសាលាខណ្ឌ។ល។»

 

ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងស្របតាមផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ផអ៣ទី២)  និងយោងតាមមាត្រានានានៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។

 

ប្រព័ន្ធនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ជួយសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការតាមដាន និងវាយតម្លៃឱ្យបានល្អប្រសើរ ចំពោះការអនុវត្តមុខងារតួនាទីនានារបស់ក្រុង ស្រុក ខណ្ឌ។ ក្រុង ស្រុក ខណ្ឌ នឹងអាចធ្វើការសម្រេចចិត្តដោយបើកចំហរ ដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា។

 

គួរបញ្ជាក់ថា ក្នុងដំណាក់កាលសាកល្បងលើកទី១នេះ ក្រុមការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប បានជ្រើសរើសក្រុង ស្រុក ខណ្ឌ គោលដៅចំនួន១០ ក្នុងការបណ្ដុះបណ្ដាលរួមមានក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤-២១ ខែកញ្ញា ឆ្នាំ២០១៥៕ NCDDS

 

អត្ថបទផ្សេងទៀត៖ ប្រព័ន្ធតាមដាន និងវាយតម្លៃ ត្រូវបានដាក់ឲ្យសាកល្បងលើកទី១ ក្នុងក្រុង ស្រុក ខណ្ឌចំនួន១០

 ការអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃនៅក្រុងកំពង់ចាម

ការអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃនៅខណ្ឌជ្រោយចង្វារ

ការអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃនៅខណ្ឌដូនពេញ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់