ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ត្រូវ​បាន​ដាក់​ឲ្យ​សាកល្បង​លើក​ទី​១​ ក្នុង​ក្រុង ស្រុក ខណ្ឌ​ចំនួន​១០

កំពង់ចាម ៧ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យជាក់លាក់ស្ដីពីការផ្ទេរមុខងារ វិមជ្ឈការហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស គណនេយ្យភាព និងវិមជ្ឈការ វិសហមជ្ឈការក្នុងដែន…

កំពង់ចាម ៧ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យជាក់លាក់ស្ដីពីការផ្ទេរមុខងារ វិមជ្ឈការហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស គណនេយ្យភាព និងវិមជ្ឈការ វិសហមជ្ឈការក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីគាំទ្រដល់ការធ្វើសេចក្ដីសម្រេចចិត្តនានា និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំបើកដំណើរការអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥។

 

ផ្អែកតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានផ្ដោតសំខាន់លើការលើកកម្ពស់ និងពង្រឹងសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ កន្លងមករដ្ឋបាលក្រុង ស្រុក ខណ្ឌ មិនទាន់មានប្រព័ន្ធជាក់លាក់ណាមួយក្នុងការគ្រប់គ្រង ប្រមូលទិន្នន័យនៅឡើយ ដូច្នេះលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំដាក់ឲ្យអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ និងក្រុង ស្រុកចំនួន៥នៃខេត្តកំពង់ចាម និងខេត្តកណ្ដាល នឹងបន្តដាក់អោយអនុវត្តនៅគ្រប់ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសនាពេលអនាគត។

 

លោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម ដែលបានចូលរួមក្នុងកិច្ចប្រជុំដាក់ដំណើរការសាកល្បងប្រព័ន្ធតាម និងវាយតម្លៃក្រុង ស្រុក ខណ្ឌ បានមានប្រសាសន៍យ៉ាងសុទិដ្ឋិនិយម និងរីករាយថាប្រព័ន្ធនេះអាចជួយសម្រួលដល់ក្រុង ស្រុក ក្នុងការប្រមូល និងគ្រប់គ្រងព័ត៌មានក្នុងដែនរដ្ឋបាលរបស់ខ្លួនបានពេញលេញដែល អាចជួយឲ្យក្រុមប្រឹក្សាយកព័ត៌មានទាំងនោះជាសូចនាករក្នុងធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗដើម្បីឆ្លើយតមតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

 

លោកប្រធានក្រុមប្រឹក្សាបន្ថែមទៀតថា «ខ្ញុំយល់ថា ប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌថ្មីនេះ ជាប្រព័ន្ធដែលមានលក្ខណៈសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមិនមានភាពស្មុគស្មាញដល់អ្នកប្រើប្រាស់ឡើយ។»

 

ប្រព័ន្ធនេះជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានដែលអាចរក្សាទុកព័ត៌មាន និងសូចនាករក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌដូចជា ដីកា សេចក្ដីសម្រេច ចំណុចដៅ គម្រោងអភិវឌ្ឍន៍ ហិរញ្ញវត្ថុ ទ្រព្យសកម្ម សេវាកម្ម បញ្ហានានាដែលកើតឡើងក្នុងឃុំ សង្កាត់ ព្រមទាំងគម្រោងនានារបស់អង្គការមិនមែនរដ្ឋាភិបាល និងអាចគ្រប់គ្រងលិខិតចេញ ចូល និងធនធានមនុស្សជាដើម ដែលព័ត៌មាននិងសូចនាករទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយក្រុមប្រឹក្សាក្រុង ស្រុកសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីពិនិត្យមើលការអនុវត្តកិច្ចការនានារបស់មន្ត្រី ព្រមទាំងស្ថានភាពការអភិវឌ្ឍមូលដ្ឋាន និងលទ្ធផលដែលសម្រេចបាន រួមទាំងបញ្ហាប្រឈមនានាសម្រាប់ដោះស្រាយនាពេលអនាគតផងដែរ។

 

គួរបញ្ជាក់ថា ការបណ្ដុះបណ្ដាលសាកល្បងដាក់អោយប្រើប្រាស់ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់ក្រុង ស្រុកខណ្ឌ ត្រូវបានរៀបចំជា៣ដំណាក់កាលផ្សេងៗពីគ្នា រួមមានដំណាក់កាលទី១ ដើម្បីបង្ហាញពីទស្សនទានរួមនៃប្រព័ន្ធ និងការប្រមូលទិន្នន័យ ដំណាក់កាលទី២ គឺការបញ្ចូល និងគ្រប់គ្រងទិន្នន័យ និងដំណាក់កាលទី៣ គឺការបញ្ចេញរបាយការណ៍ និងវិភាគទិន្នន័យ ដែលដំណាក់កាលទាំងនេះនឹងត្រូវបានធ្វើឡើងក្នុងពេលវេលាផ្សេងៗគ្នា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់