ក្រុមប្រឹក្សា ឃុំ ស្រុក និងសហគមន៍ ប្តេជ្ញាបន្ត គ្រប់គ្រង សមិទ្ធផល គម្រោង បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)

ភ្នំពេញ ២៥ ធ្នូ ២០១៤៖ ឯកឧត្តម ជាម ប៉េអា ប្រធាន សម្រប សម្រួល គម្រោងបែងចែក ដីដើម្បី សង្គមកិច្ច និងការ អភិវឌ្ឍ សេដ្ឋកិច្ច (LASED) ថ្នាក់ជាតិ បានដឹកនាំ ក្រុមការងារ ជួបពិភាក្សា ជាមួយ ក្រុមការងារ គម្រោង ថ្នាក់ខេត្ត និង ថ្នាក់ស្រុក និងតំណាង សហគមន៍ កសិកម្ម នៃដីសម្បទាន សង្គមកិច្ច នៅក្នុង ខេត្តក្រចេះ កំពង់ចាម និងខេត្តកំពង់ធំ កាលពី…

ភ្នំពេញ ២៥ ធ្នូ ២០១៤៖ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ថ្នាក់ជាតិ បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត និងថ្នាក់ស្រុក និងតំណាង សហគមន៍កសិកម្ម នៃដីសម្បទានសង្គមកិច្ចនៅក្នុងខេត្តក្រចេះ កំពង់ចាម និងខេត្តកំពង់ធំ កាលពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីរិះរកមធ្យោបាយ និងវិធីសាស្រ្តបន្តគ្រប់គ្រងសមិទ្ធផលគម្រោង LASED  ក្រោយពេលដែលគម្រោងនេះ នឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០១៥។ 

ដើម្បីជាទុននៃការពិចារណា និងពិភាក្សា ឯកឧត្តម ជាម ប៉េអា បានលើកឡើងអំពីផែនការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាស្រុក ដែលនឹងត្រូវអនុវត្តនៅក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី២ (ផអ៣ ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដូចជា ការផ្ទេរការគ្រប់គ្រងសាលាមតេយ្យ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្ទេរការគ្រប់គ្រងសាលាបឋមសិក្សា ទៅឲ្យក្រុមប្រឹក្សាស្រុកជាអ្នកគ្រប់គ្រង។ការផ្ទេរមុខងារ និងធនធានពីក្រសួងទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាស្រុកនេះ មានគោលបំណងជួយបង្កើនសមត្ថភាព និងបា្រក់ចំណូលរបស់ក្រុមប្រឹក្សា ជាពិសេសជួយសម្រួលឲ្យប្រជាពលរដ្ឋទទួលបាននូវសេវាទាន់ពេលវេលា និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍសង្គម តាមបែបប្រជាធិបតេយ្យ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ដើម្បីឆ្លើយតបនឹងផែនការនេះ ក៏ដូចជាធានាបាននូវនិរន្តរភាពគម្រោង LASED ឯកឧត្តមប្រធានសម្របសម្រួលគម្រោង បានផ្តួចផ្តើមគំនិតថា សមិទ្ធផលគម្រោងនៅលើដីសម្បទានសង្គមកិច្ច មានជាអាទិ៍ សាលារៀន និងប៉ុស្តិ៍សុខភាព ត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាស្រុក  ចំណែកផ្លូវលំ អណ្តូងទឹក ស្រះសហគមន៍ ត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ និងសហគមន៍។ កន្លងមក ការថែទាំសមិទ្ធផលគម្រោងទាំងនេះត្រូវបានធ្វើឡើងដោយគណៈកម្មការហេដ្ឋារចនាសម្ព័ន្ធដែលបានបង្កើតឡើងដោយគម្រោង។

ម៉្យាងវិញទៀត ដើម្បីធ្វើការអភិវឌ្ឍឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យក្រុមប្រឹក្សាគួរអញ្ជើញតំណាងសហគមន៍ និងតំណាងប្រជាពលរដ្ឋចូលរួមប្រជុំប្រចាំខែជាមួយក្រុមប្រឹក្សា។

អនុសាសន៍របស់ឯកឧត្តមប្រធានសម្របសម្រួលគម្រោង LASED នេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សា តំណាងសហគមន៍ និងប្រជាពលរដ្ឋ។ លើសពីនេះ អ្នកចូលរួមប្រជុំទាំងអស់បានបង្ហាញពីការពេញចិត្តចំពោះជោគជ័យរបស់គម្រោង និងបានអះអាងថានឹងបន្តគ្រប់គ្រងសមិទ្ធផលគម្រោងទាំងនេះឲ្យមាន និរន្តរភាព ដោយប្រើបា្រស់មូលនិធិឃុំ ស្រុក និងការចូលរួមរបស់ប្រជាពលរដ្ឋ៕ ដោយៈ ក្រុមការងារគម្រោង LASED

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់