សិក្ខាសាលា​ចែករំលែក​លទ្ធផល​នៃ​ការ​សាកល្បង​បញ្ជ្រាប​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ក្នុង​ដំណើរការ​កសាង​ផែនការ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖  ក្រុមការងារអនុវត្តគម្រោងសាកល្បងបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ …

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖  ក្រុមការងារអនុវត្តគម្រោងសាកល្បងបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។

 

សិក្ខាសាលានេះមានគោលបំណងផ្ដល់ជាវេទិកាសម្រាប់អ្នកចូលរួមទាំងអស់ធ្វើការចែករំលែកបទពិសោធន៍ និងមេរៀនជាក់ស្ដែងរបស់ខ្លួនដែលទទួលបានពីការអនុវត្តគម្រោងសាកល្បងបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីបង្កើនជាអតិបរមានូវភាពបំពេញគ្នាក្នុងចំណោមកិច្ចផ្ដួចផ្ដើមខុសៗគ្នាដែលគាំទ្រដល់ដំណើរការកែសម្រួលនូវគោលការណ៍ណែនាំសម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ។

 

សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីលោក Napoleon Navarro នាយករង UNDP  ប្រចាំប្រទេសកម្ពុជា លោក Chistopher Kaczmarski តំណាងអង្គការ UNCDF ប្រចាំតំបន់ ក្រុមការងារអនុវត្តគម្រោង តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលអនុវត្តគម្រោងសាកល្បង ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលមានចំនួនសរុបប្រមាណ១២០នាក់។

 

មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដម ង៉ាន់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុវត្តគម្រោង ដែលសម្រេចបានលទ្ធផលជាច្រើនកន្លងមក ជាពិសេសបានពង្រឹងសមត្ថភាព ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែប្រសើរឡើងលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ «យើងឃើញថា មូលដ្ឋានមានការយល់ដឹងបានច្រើនក្នុងចំណោមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ដែលការយល់ដឹងនេះបានចូលរួមចំណែកឱ្យមានការយកចិត្តទុកដាក់របស់សហគមន៍ ក៍ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ ជាពិសេសតាមរយៈ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន»។

 

ឯកឧត្ដម ង៉ាន់ ចំរើន បានមានប្រសាសន៍បន្តទៀតថា តាមរយៈការអនុវត្តគម្រោងសាកល្បងនានា ជាពិសេសគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុ (LGCC) បានជួយបង្កើតនូវគំរូឧបករណ៍សំខាន់ៗ និងយន្តការនៃការផ្ទេរដោយមានភ្ជាប់លក្ខខ័ណ្ឌ ដែលនេះជាបទពិសោធន៍ល្អសម្រាប់ការអនុវត្តដែលនៅពេលខាងមុខ មុខងារជាច្រើនរបស់ថ្នាក់ជាតិនឹងត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

គួរបញ្ជាក់ថា នៅក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងសាកល្បងបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា  តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានអនុវត្តគម្រោងបន្ស៊ាំជាបន្តបន្ទាប់ដែលផ្ដោតលើការកសាងសមត្ថភាពរបស់សហគមន៍ដើម្បីបន្ស៊ាំ និងធ្វើការសាកល្បងបញ្ជ្រាបការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ គំរូចំនួនបីនៃការសាកល្បងបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ត្រូវបានសាកល្បងតាមរយៈ៖ (១). មន្ទីរជំនាញដែលគាំទ្រដោយគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់លើកកម្ពស់ការគ្រប់គ្រងធនធានទឹកនិងការប្រកបរបរកសិកម្ម (ហៅកាត់ថា NAPA-FU (MAFF)) , (២). ក្រុមប្រឹក្សាស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលគាំទ្រដោយគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ រួមជាមួយគម្រោងបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ (ហៅកាត់ថា LGCCII /SNC-Scale-Up (NCDDS) និង (៣). អង្គការសង្គមស៊ីវិលដែលមានការគាំទ្រពីកម្មវិធីបន្ស៊ាំការប្រែប្រួលអាកាសធាតុដោយផ្អែកលើសហគមន៍មូលដ្ឋាន(SGP/CCBAP (UNDP)។

 

សម្រាប់ឆ្នាំ២០១៤នេះ គម្រោងLGCCII ដែលគាំទ្រដោយអង្គការ UNCDF និងសម្របសម្រួលអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តគាំទ្រដល់ខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង លើស្រុកទាំងអស់ចំនួន០៨ រួមមាន ខេត្តតាកែវ៖ ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារ និងខេត្តបាត់ដំបង៖ ស្រុកបវេល ស្រុករុក្ខគិរី ស្រុកមោងឬស្សី ស្រុកថ្មគោល និងស្រុកសំពៅលូន៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់