មណ្ឌលគិរី៖ រដ្ឋបាលថ្នាក់ក្រោមជាតិបានប្តេជ្ញាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន តាមរយៈការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ដើម្បីពង្រឹងភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកស្រី ប៊ុត ប៊ុណ្ណារី មន្ត្រីសម្របសម្រួលគម្រោង LGCC ប្រចាំរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវបានអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុចំនួន ២ជំហានគឺជំហានទីមួយ (LGCCI)និង ជំហានទីពីរ (LGCC II)ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ។ ក្រោយការអនុវត្តគម្រោងនេះ លោកស្រី បានវាយតម្លៃថា គម្រោងនេះពិតជាបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយពួកគាត់បន្សាំទៅនឹងគ្រោះរាំងស្ងួតដែលបង្កឱ្យប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់។
ថ្លែងក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុដែលត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃច័ន្ទ ៨កើត ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នៅខេត្តមណ្ឌលគិរី លោកស្រី ប៊ុត ប៊ុណ្ណារី បានបញ្ជាក់ថា “គម្រោងបានជួយពង្រឹងសមត្ថភាពអាជ្ញាធរ និងប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋានកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានបានល្អប្រសើរ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ សហគមន៍ក្នុងការចូលរួម[រៀបចំ]ផែនការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព”។
មិនខុសពីតំណាងខេត្តតាកែវ លោក ខៀវ សុផល អភិបាលរងស្រុកបាទី ខេត្តតាកែវ បានសង្កេតឃើញថា រដ្ឋបាលថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងចេះរៀបចំនូវយុទ្ធសាស្ត្របន្សាំទៅក្នុងផែនការកម្មវិធីវិនិយោគស្រុក ឃុំ សង្កាត់ ក្រោយពីគម្រោង LGCC ត្រូវបានអនុវត្តក្នុងមូលដ្ឋាន។ លោក ខៀវ សុផល បានបញ្ជាក់ថា “គម្រោងបានជួយពង្រឹងគុណភាពបច្ចេកទេសគម្រោងក្នុងក្រុងស្រុកគោលដៅ។ អាជ្ញាធរមូលដ្ឋានបានយល់ដឹងពីការព្យាករណ៍ពីហានិភ័យដែលកើតឡើងដោយគ្រោះធម្មជាតិកើតមាននៅក្នុងសហគមន៍ និងបង្កើនចំណេះដឹង និងគុណភាពបច្ចេកទេសគម្រោងដល់អ្នកពាក់ព័ន្ធ”។
លោក យន់ ប្រុស ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឱ្យដឹងដែរថា ពលរដ្ឋដែលរស់នៅក្នុងស្រុកងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិបានជៀសផុតពីផលប៉ះពាល់ជីវភាពដែលបង្កដោយគ្រោះធម្មជាតិដូចជា ទឹកជំនន់រហ័ស រាំងស្ងួតអូសបន្លាយ ខ្យល់កន្ត្រាក់ជាដើម ដែលបំផ្លាញផ្ទះសម្បែង ផលដំណាំ និងខ្វះខាតទឹកសម្រាប់ប្រើប្រាស់។
លោក យន់ ប្រុស បានបញ្ជាក់ថា ក្រោយពីស្រុកបានអនុវត្តគម្រោង LGCC តាំងពីឆ្នាំ២០១៣មក គម្រោង នេះពិតជាបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពិតប្រាកដមែន ដោយសារគម្រោងបានសង់ហេដ្ឋា រចនាសម្ព័ន្ធជាច្រើន ក្នុងនោះរួមមាន៖ ការស្តារស្រះទឹក ស្តារប្រឡាយទឹក សង់ផ្លូវបេតុង និងការជួសជុលផ្លូវលំជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋទាញជាប្រយោជន៍រៀងៗខ្លួន។ លោក យន់ ប្រុស បានគូសបញ្ជាក់ថា “គម្រោងបានជួយដោះស្រាយបញ្ហាអាកាសធាតុយ៉ាងជោគជ័យដោយបានជួយលើកម្ពស់ជីវភាពពលរដ្ឋកាន់តែប្រសើរផ្អែកលើលទ្ធផលការងារ”។
តំណាងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់សុទ្ធតែបានប្តេជ្ញាអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ(LGCC) ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ ពួកគាត់បានអំពាវនាវឱ្យរដ្ឋបាលថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍បន្តផ្តល់មូលនិធិគាំទ្រគម្រោងនេះបន្តទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀតក្នុងការជួយគាំពារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
ឆ្លើយតបនឹងការអំពាវនាវនេះលោក សរ កុសល តំណាងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ(UNCDF) បានឱ្យដឹងថា UNCDF និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងបន្តអនុវត្តគម្រោងLGCC នេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
លោក ស៊ន ស៊ុនសុភក្តិ ទីប្រឹក្សាគម្រោង LGCC បានឱ្យដឹងថា គម្រោងរៀបចំឡើងស្របតាម កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល ១០ឆ្នាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីLoCAL របស់អង្គការUNCDF។ LoCALគឺជាកម្មវិធីសកលមួយដែលគាំទ្រដល់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុដោយរដ្ឋបាលមូលដ្ឋានក្នុងបណ្តារប្រទេសមានការអភិវឌ្ឍតិចតួច។ ចាប់តាំងពីឆ្នាំ ២០១១រហូតមកទល់បច្ចុប្បន្ន LoCALបាន និងកំពុងអនុវត្តក្នុង ប្រទេសចំនួន ១០នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិក។
លោកបានមានប្រសាសន៍បន្ថែមថា “ប្រជាជនកម្ពុជាភាគច្រើន គាត់រស់នៅក្នុងតំបន់ដាច់ស្រយាល មានស្ថានភាពក្រីក្រនិង មានសមត្ថភាព បន្ស៊ាំទាប ជានិច្ចកាលតែងតែត្រូវទទួលរងនូវផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជា ភាពរាំងស្ងួតអូសបន្លាយភ្លៀងធ្លាក់គំហុក ខ្លាំងទឹកជំនន់ធ្ងន់ធ្ងរ និងខ្យល់ព្យុះជាដើម”។
គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានា ដែលមានគោលបំណងផ្តល់ផលប្រយោជន៍ដល់ជនងាយរងគ្រោះ ដូចជា ស្ត្រី កុមារ ចាស់ជរា និងគ្រួសារក្រីក្រជាដើម បន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដែលពួកគេរស់នៅ តាមរយៈការបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងប្រព័ន្ធកសាងផែនការនិងប្រព័ន្ធ ហិរញ្ញវត្ថុ ថ្នាក់ក្រោមជាតិ។
លោក ស៊ន ស៊ុនសុភក្តិ បានមានប្រសាសន៍បញ្ជាក់ថា លក្ខណៈវិនិច្ឆ័យដែលក្រុង ស្រុក អាចនឹងទទួលបានមូលនិធិបន្សាំការប្រែប្រួលអាកាសធាតុ (PBCRG)សម្រាប់គម្រោង បន្ស៊ាំ ការប្រែប្រួលអាកាសធាតុនោះគឺ ៖ ជាគម្រោងអាទិភាពនៅក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់/ក្រុង ស្រុក និងមានវិភាជន៍ថវិកាសម្រាប់ការវិនិយោគ, គម្រោងស្ថិតនៅក្នុងតំបន់ងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើផែនទីភាពងាយរងគ្រោះ,ជាគម្រោងឆ្លើយតបទៅនឹងផែនការ យុទ្ធសាស្ត្រ បន្ស៊ាំការប្រែប្រួលអាកាសធាតុរបស់ក្រុង ស្រុក,និងជាគម្រោងផ្តល់ផលប្រយោជន៍ដល់ជនងាយរងគ្រោះពី ការប្រែប្រួលអាកាសធាតុ មានស្ត្រី និងជនក្រីក្រ ។
ចំពោះផែនការអនាគត លេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូរអភិវឌ្ឍន៍នឹងបន្តរួមសហការគ្នា ពង្រីកការ អនុវត្តមូលនិធិបន្សាំការប្រែប្រួលអាកាសធាតុ តាមរយៈការកៀរគរមូលនិធិអន្តរជាតិ រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ ឆ្ពោះទៅការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចីរភាព៕