គម្រោង​ស្តារ​ប្រឡាយ​របស់ LGCC II ​ឆ្លើយ​តប​តាម​តម្រូវ​ការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​​នៅ​ក្រុង​ដូនកែវ

តាកែវ ២៧ ឧសភា ២០១៦៖ ប្រជាពលរដ្ឋក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ មានភាពរីករាយក្រោយពេលទទួលបានគម្រោងស្ដារប្រឡាយមួយខ្សែប្រវែង១៨៣៣ ម៉ែត្រដែលជាគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលការគាំទ្រពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCCII)។

តាកែវ ២៧ ឧសភា ២០១៦៖ ប្រជាពលរដ្ឋក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ មានភាពរីករាយក្រោយពេលទទួលបានគម្រោងស្ដារប្រឡាយមួយខ្សែប្រវែង ១៨៣៣ ម៉ែត្រដែលជាគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលការគាំទ្រពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCCII)។

 

ក្នុងទឹកមុខញញឹមឈរមើលប្រឡាយ លោកស្រីហែម ចិន្តា ជាប្រជាពលរដ្ឋម្នាក់ដែលបានទទួលផលពីគម្រោងស្ដារប្រឡាយមានការសប្បាយចិត្ត ក្រោយពេលឃើញមានទឹកគ្រប់គ្រាន់ក្នុងប្រឡាយក្រោយពេលមានភ្លៀងធ្លាក់នាពេលថ្មីៗនេះ។ លោកស្រីបាននិយាយថា« រដូវប្រាំងឆ្នាំនេះក្តៅខ្លាំងណាស់។ អ្នកភូមិមានការលំបាកមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែដោយសារមានការស្តារប្រឡាយនេះទើបអាចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការយកទឹកស្រោចស្រប់ដំណាំហូបផ្លែ ដំណាំស្រូវ និងសម្រាប់ឲ្យសត្វគោផឹកបានមួយចំនួន»។

 

មិនខុសគ្នានេះ លោកឡាយ លន ប្រជាពលរដ្ឋម្នាក់ទៀតបានបញ្ជាក់ថា គម្រោងស្ដារប្រឡាយនេះពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់គាត់ដែលតែងតែជួបប្រទះការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង នឹងរំដោះទឹកជំនន់នៅរដូវវស្សាដែលតែងតែកើតមានញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ជាងនេះទៅទៀត លោកសប្បាយចិត្តពេលសង្កេតឃើញការស្តារប្រឡាយមានគុណភាពខ្ពស់ មានជម្រៅជ្រៅ ដែលអាចរក្សាទឹកទុកបានយូរអង្វែងនៅរដូវរាំងស្ងួត។

 

គួរបញ្ជាក់ថា ក្រុមការងារគម្រោង LGCCII និង តំណាងអង្គការ UNCDF ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ បានចុះធ្វើការវាយតម្លៃលើការអនុវត្តមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR) និងការវាយតម្លៃការអនុវត្តគម្រោងតាមបែបចូលរួម នៅតាមបណ្តាក្រុង ស្រុកគោលដៅទាំង៣ ក្នុងខេត្តតាកែវ។ ការវាយតម្លៃនេះធ្វើឡើងដើម្បីវាស់វែងពីប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រុង ស្រុក គុណភាព និងប្រសិទ្ធភាពគម្រោងក្នុងការជួយក្រុង ស្រុកក្នុងឱ្យមានភាពធននឹងការប្រែប្រួលអាកាសធាតុ និងជាសូចនាករសម្រាប់បែងចែកមូលនិធិ PBCR នៅឆ្នាំបន្ទាប់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់