រាជធានីភ្នំពេញ ៣០ វិច្ឆិកា ២០១៧៖ គម្រោង «លើកកម្ពស់ជីវភាពប្រជាជនក្រីក្រ» ហៅកាត់ថា គម្រោងលាភ ត្រូវបានធនាគារពិភពលោក (World Bank) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកភាពដាក់បញ្ចូលឡើងវិញក្នុងបញ្ជីមុខសញ្ញាគម្រោងហិរញ្ញប្បទានសម្រាប់អនុវត្តឆ្នាំ២០១៧។
គោលបំណងនៃគម្រោងនេះ គឺលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុហើយមានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច រួមទាំងការត្រៀមលក្ខណៈគាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ ក្នុងឃុំគោលដៅរបស់គម្រោង។
នៅចុងឆ្នាំ២០១៥ គម្រោងលាភបានសិក្សាជាមួយសាលារាជធានីភ្នំពេញក្នុងការដាក់បញ្ចូលសមាសភាពគម្រោងថ្មីលើផ្នែកសហគមន៍ទីក្រុង (Urban) បន្ថែមមួយទៀត សំដៅលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅទីក្រុង និងជនបទ នៃតំបន់គោលដៅក្នុងរាជធានីភ្នំពេញ និងឃុំគោលដៅនៃខេត្តសៀមរាបតាមរយៈ (១) បង្កើត និងពង្រឹងស្ថាប័នស្វ័យគ្រប់គ្រងរបស់អ្នកក្រ (ខ) ផ្ដល់ឲ្យស្ថាប័នទាំងនោះ នូវលទ្ធភាពចាប់យកហិរញ្ញវត្ថុ និង (គ) ផ្សារភ្ជាប់ស្ថាប័នទាំងនោះទៅទីផ្សារ និងមុខរបរសំខាន់ៗ។
គម្រោងថ្មីនេះមានវិសាលភាពគ្រប់ដណ្ដប់លើទីតាំងភូមិសាស្ត្រ ២ខុសគ្នា គឺ ទីមួយ ទីតាំងភូមិសាស្ត្រជនបទ នៅក្នុងឃុំ ៤៧ នៃស្រុកចំនួន ៩ ក្នុងខេត្តសៀមរាប និងទីពីរ ទីតាំងភូមិសាស្ត្រទីក្រុងនៅលើសង្កាត់ចំនួន១៣ នៃខណ្ឌ ១២ ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពីធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការគម្រោងលាភនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមការងារដូចខាងក្រោម៖
(១). ក្រុមការងារគ្រប់ថ្នាក់ដែលបានចាត់តាំង មានមុខងារ មានតួនាទីរួចហើយ ត្រូវរក្សា នូវសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យបានជាប្រចាំ និងត្រូវខិតខំ យកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងត្រូវអនុវត្តឲ្យបានសមស្របតាមគោលការណ៍និងនីតិវិធី ដែលបានចែងនិងកំណត់ក្នុងគ្រប់លិខិតបទដ្ឋានអនុវត្តគម្រោង។
(២). សូមឲ្យអង្គភាពអនុវត្តគម្រោងនៅថ្នាក់រាជធានី និងថ្នាក់ខេត្ត ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ និងសៀមរាប ត្រូវយកចិត្តទុកដាក់បន្ថែម ផ្តល់ការគាំទ្ររដ្ឋបាល និងការងារចាត់ចែង ដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ និងរចនាសម្ព័ន្ធថ្នាក់ឃុំ សង្កាត់ព្រមទាំងផ្តល់ការគៀងគរសមត្ថភាពជំនាញបច្ចេកទេសពីថ្នាក់រាជធានី ខេត្ត ឬនៅថ្នាក់ជាតិដល់ក្រុមការងារអនុវត្តគម្រោង គាំទ្រដល់សកម្មភាពអនុវត្តការងារឲ្យមានប្រសិទ្ធភាពនៅថ្នាក់សហគមន៍។
(៣). សូមឲ្យគ្រប់ភាគីពាក់ព័ន្ធ នៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផ្ដល់ កិច្ចសហការ និងអនុវត្តឲ្យមានប្រសិទ្ធភាព នូវគ្រប់សកម្មភាពនានា បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋដែលជាគោលដៅរបស់គម្រោង ខិតខំអនុវត្តឲ្យបានតាមផែនការ និងពេលវេលាគ្រោងទុក ស្របតាមក្របខណ្ឌគតិយុត្តិ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកអំពីគម្រោង។
គួរបញ្ជាក់ផងដែលថាគម្រោងលាភបានចាប់ផ្ដើមសាកល្បងលើកដំបូងកាលពីឆ្នាំ២០០៨ ដោយមានដំណើរការយ៉ាងល្អតាំងពីខែកក្កដា ឆ្នាំ២០១០ នៅឃុំ/សង្កាត់ចំនួន៦ នៃ៥ស្រុក (ស្រុកបាគង ស្រុកជីក្រែង ស្រុកពួក ស្រុកអង្គរធំ និងក្រុងសៀមរាប) តែត្រូវបញ្ចប់ការសាកល្បងនៅឆ្នាំ២០១២ (ពីខែកក្កដា ឆ្នាំ២០១០ – ខែមិថុនា ឆ្នាំ២០១២)៕