រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងសំខាន់ៗនានាដែលបានកំណត់នៅក្នុងកម្មវិធីជាតិរយៈពេល ១០ឆ្នាំ (២០១០-២០២០)។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលត្រូវបានសហការរៀបចំឡើងរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន (LOGODI)នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណរដ្ឋកូរ៉េ នៅក្នុងសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតក្នុងការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅលើការកំណែទម្រង់សំខាន់នានា គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងកំណែទម្រង់តាមវិស័យនានា តាមរយៈការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៥០។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់គណៈប្រតិភូសាធារណៈរដ្ឋកូរ៉េ និងឯកឧត្តម លោកជំទាវ លោក និងលោកស្រីដែលជាសិក្ខាកាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណ៨០រូបនៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិការអន្តរក្រសួងមួយដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបវិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០០២មក ដោយបានរៀបចំឡើងវិញជាថ្មីនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមស្មារតីនៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងផ្តល់ស្វ័យភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារ និងធនធានសមស្របពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលនីមួយៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិអាចមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា និងការអភិវឌ្ឍមូលដ្ឋាននៅមូលដ្ឋាននីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
លើសពីនេះទៀត ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាន៍បន្តថា ក្នុងក្របខ័ណ្ឌនៃការបម្រើសេវាសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដែលនៅកៀកជិតនឹងប្រជាពលរដ្ឋចាំបាច់ត្រូវទទួលបាននូវការផ្ទេរសិទ្ធិ អំណាច ការទទួលខុសត្រូវ និងធនធានសមស្របក្នុងការអនុវត្តនូវមុខងារពាក់ព័ន្ធសេវាសាធារណៈចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែកនៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍមូលដ្ឋានវិញ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបន្ថែមថា រដ្ឋបាលថ្នាក់ក្រោមជាតិក៏ចាំបាច់ត្រូវមានស្វ័យភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ដើម្បីជំរុញ ការអភិវឌ្ឍឱ្យបានសមស្របទៅនឹងសក្តានុពលមូលដ្ឋានរបស់ខ្លួន ព្រមទាំងដើម្បីឆ្លើយតបបានទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា កិច្ចការទាំងនេះទាមទារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានសមត្ថភាពមានទស្សនវិស័យ មានគំនិតច្នៃប្រឌិត គំនិតផ្តួចផ្តើម ក៏ដូចឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការគិតគូរពិចារណាអំពីការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនក្នុងគោលបំណងបង្កើត និងធ្វើឱ្យមាននិរន្តរភាពនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចរស់នៅក្នុងជីវភាពកាន់តែធូរធារ មានផាសុកភាព និងសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងទទួលបានសេវាសមស្របប្រកបដោយសមធម៌ និងគណនេយ្យភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទទួលបានសមិទ្ធផលនានាជាច្រើនទាំងលើផ្នែកនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ចសង្គម។ ហើយ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖ “រាជរដ្ឋាភិបាលអាណត្តិថ្មីនេះបានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងសំខាន់ៗនានាដែលបានកំណត់នៅក្នុងកម្មវិធីជាតិរយៈពេល ១០ឆ្នាំ”។
ជាចុងក្រោយ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ាន់ ចំរើន បានថ្លែងអំណរគុណ និងជូនពរចំពោះគណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ លោកស្រីអស់លោកទាំងអស់សូមប្រកបដោយសុខភាព និងជោគជ័យលើគ្រប់ភារកិច្ច។
សូមជម្រាបជូនថា សិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រៀបចំឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ដែលកំពុងបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចនៅរដ្ឋបាលរាជធានី ខេត្តលើការងារដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សិក្ខាសាលានេះជាវេទិកាស្វែងយល់ សិក្សា និងដកពិសោធន៍ពីកត្តាជោគជ័យ និងបរាជ័យនៃការអនុវត្តកំណែទម្រង់វិមជ្ឈការពីបណ្តាប្រទេសនានា ព្រមទាំងសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរួមចំណែកធ្វើឱ្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យតាមការរំពឹងទុក៕