គណៈ​ប្រតិភូ​អន្តរក្រសួង​ពិនិត្យ​ការ​អនុវត្ត​គម្រោង​សាកល្បង​អភិវឌ្ឍន៍​មូលដ្ឋាន​តាមរយៈ​​ការ​ធ្វើ​វិមជ្ឈការ​សេវា​សុខាភិបាល

បាត់ដំបង ២៧ ឧសភា ២០១៥៖ គណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១៥ បានអញ្ជើញពិនិត្យការអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS) នៅស្រុកគោលដៅទាំង៥ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

បាត់ដំបង ២៧ ឧសភា ២០១៥៖ គណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១៥ បានអញ្ជើញពិនិត្យការអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS) នៅស្រុកគោលដៅទាំង៥ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

 

នៅក្នុងជំនួបជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត និងថ្នាក់ស្រុក  ឯកឧត្ដមបានជម្រាបពីគោលបំណងនៃដំណើរទស្សនៈកិច្ច គឺដើម្បីត្រួតពិនិត្យការអនុវត្តគម្រោង ស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានាដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមកដើម្បីធ្វើការរួមគ្នាដោះស្រាយ។ ហើយរាល់មេរៀនបទពិសោធន៍ដែលទទួលបានពីគម្រោងនេះ នឹងធ្វើចងក្រងសម្រាប់យកទៅអនុវត្តនៅទូទាំងប្រទេសនាពេលអនាគត។

 

ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍លើកឡើងពីឆន្ទៈរបស់ក្រសួងក្នុងការផ្ទេរមុខងារសមស្របកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃអនាគត។ ដំណាក់កាលនេះ ជាដំណាក់កាលសំខាន់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ព្រោះក្រសួង ស្ថាប័នថ្នាក់ជាតិកំពុងពិនិត្យមើលមុខងារសមស្រប ដើម្បីផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២  (ផអ៣ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ក៏បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាអនុវត្តគម្រោងឱ្យទទួលបានជោគជ័យដោយត្រូវឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

 

គម្រោង LDDHS ត្រូវបានសហការអនុវត្តសាកល្បងដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលស្រុកគោលដៅចំនួន០៥ រួមមាន៖ស្រុកបាកាន ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និង ស្រុករុក្ខគីរី ស្រុកមោងប្ញស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ គម្រោងនេះមានគោលបំណងសាកល្បងផ្ទេរនូវកិច្ចការមួយចំនួនរបស់ការិយាល័យស្រុកប្រតិបត្តិសុខាភិបាល ជាពិសេសការគ្រប់គ្រងមណ្ឌលសុខភាព និងការគាំទ្រសុខភាពសហគមន៍ទៅឲ្យរដ្ឋបាលស្រុកគោលដៅដើម្បីដកស្រង់ និងប្រមូលបទពិសោធន៍ និងមេរៀនល្អៗឈានទៅអនុវត្តនៅទូទាំងប្រទេសនាពេលអនាគត។

 

ក្នុងឱកាសចុះពិនិត្យការផ្ដល់សេវានៅមណ្ឌលសុខភាពគាស់ក្រឡ ប្រជាពលរដ្ឋមួយរូបដែលមកពិនិត្យសុខភាពបានប្រាប់ថា គាត់មានផ្ទៃពោះរយៈពេល៨ខែ ហើយបានមកពិនិត្យផ្ទៃពោះជាប្រចាំបានចំនួន៥ដង។ លោកស្រីរីករាយជាមួយការមកទទួលសេវាសុភាពនៅមណ្ឌលសុខភាព ព្រោះគាត់ទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យ មានពេទ្យប្រចាំការ២៤ម៉ោង មានសម្ភារៈបរិក្ខារច្រើន មានកន្លែងរងចាំធំទូលាយ ជាពិសេសបម្រើសេវាទាន់ចិត្តមិនចាំបាច់រងចាំយូរ។ នៅពេលគាត់សម្រាលកូន គាត់នឹងជ្រើសរើសមកសម្រាលនៅមណ្ឌលសុខភាពនេះ។

 

ជាកាកត់សម្គាល់ មុខងារដែលក្រសួងសុខាភិបាលផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តសាកល្បងរួមមាន៖

១. ការថែរក្សាមណ្ឌលសុខភាព (រួមបញ្ចូលទាំងសេវាអនាម័យ អគ្គិសនី ទឹក ។ល។)
២. ការផ្ដល់ការលើកទឹកចិត្ត និងការគាំទ្រដល់យន្តការសុខភាពសហគមន៍ HCMC និងVHSG
៣. ការផ្ដល់ការលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាព
៤. លើកស្ទួយ និងបន្ថែមសេវា ដូចជាការគាំពារសេវាសុខភាពសហគមន៍ និងការចាត់ចែងឲ្យមានបុគ្គលិកប្រចាំការ២៤ម៉ោង/មួយថ្ងៃ
៥. ការឧបត្ថម្ភដល់ការគាំទ្របច្ចេកទេស ការពិនិត្យ និងការព្យាបាលជំងឺពីសំណាក់គ្រូពេទ្យ និងវេជ្ជបណ្ឌិតឲ្យបានទៀងទាត់ដល់មណ្ឌលសុខភាព
៦. ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការផ្ដល់សេវានៅមណ្ឌលសុខភាព និងយន្តការគាំទ្រសុខភាពសហគមន៍៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់