ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​“អភិវឌ្ឍ​ន៍មូលដ្ឋាន​តាម​រយៈ​ការ​ធ្វើ​វិមជ្ឈការ​សេវា​សុខាភិបាល​” (CEN)

ភ្នំពេញ ០៨ តុលា ២០១៤៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ គ.ជ.អ.ប បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “អភិវឌ្ឍន៍មូលដ្ឋាន តាមរយៈកាធ្វើវិមជ្ឈការសេវាសុខាភិបាល “LDDHS” ។

ភ្នំពេញ ០៨ តុលា ២០១៤៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ គ.ជ.អ.ប បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “អភិវឌ្ឍន៍មូលដ្ឋាន តាមរយៈកាធ្វើវិមជ្ឈការសេវាសុខាភិបាល “LDDHS” ។ នេះជាកិច្ចប្រជុំលើកទី១ របស់ថ្នាក់ដឹកនាំគណៈដឹកនាំគម្រោង។
   
 កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្នុងនាព្រឹកថ្ងៃទី៧ ខែតុលា នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ។
   
 ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា គម្រោង“LDDHS” នេះត្រូវបានចែកចេញជាពីរដំណាក់កាល។ ដំណាក់កាល ទី១ មានរយៈពេលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៤ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំកិច្ចការ សំខាន់ៗមួយចំនួន សម្រាប់ដំណាក់កាលទីពីរ ដែលជាដំណាក់កាលអនុវត្តគម្រោង ហើយបានចេញដំណើរតាំងពីខែ មិថុនា កន្លងមក។ បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់អនុវត្តគម្រោងសម្រេចបានលទ្ធផល ជាច្រើនហើយក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ដែលទាមទារឲ្យមានការផ្តល់ជាមតិយោបល់ណែនាំពីថ្នាក់ដឹកនាំ។
   
 គួរបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប បានចុះកិច្ចព្រមព្រៀងជាមួយនឹងអង្គការសហប្រជាជាតិសម្រាប់មូលនិធិ អភិវឌ្ឍន៍មូលធន ( UNCDF ) កាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈ ការធ្វើវិមជ្ឈការសេវាសុខាភិបាល ក្នុងឆ្នាំ២០១៤-២០១៥ ក្រោមក្របខ័ណ្ឌផ្តល់ហិរញ្ញប្បទានចំនួនជាង ៤៥០.០០០ ដុល្លារអាមេរិក របស់រដ្ឋាភិបាលប្រទេសអូស្រា្តលី។

គម្រោងអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈការធ្វើវិមជ្ឍការសេវាសុខាភិបាលមានគោលបំណងសាកល្បងការផ្ទេរកិច្ចការមួយ ចំនួនរបស់ការិយាល័យ នៃស្រុក ប្រតិបត្តិសុខាភិបាល ជាពិសេសការគ្រប់គ្រងមណ្ឌលសុខភាព និងការគាំទ្រភាព នៅសហគមន៍ទៅរដ្ឋបាលស្រុកគោលដៅ ចំនួន ៥ ដើម្បីដកស្រង់យកបទពិសោធន៍ និងមេរៀនឈានទៅអនុវត្តនៅ ទូទាំងប្រទេសនាពេលបញ្ចប់គម្រោង។
   
 លោក សក់ សេដ្ឋា បានមានប្រសាសន៍ទៀតថា ការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ គឺជាកិច្ចការមួយ ដែលមានលក្ខណយូរអង្វែង និងប្រកបដោយភាពស្មុគស្មាញ ដែលទាមទារឲ្យមាន ការសម្របសម្រួលប្រកបដោយភាពបត់បែន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងបញ្ហាប្រឈមផ្នែកស្ថាប័ន ហិរញ្ញវត្ថុ និងបច្ចេកទេស។
   
 គួរកត់សំគាល់ថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១៤ នៃការអនុវត្តគម្រោងនេះ សម្រេចបានសមិទ្ធិផលធំៗ មួយចំនួនដែល រួមមាន៖ ទី១.ការពង្រឹងការគ្រប់គ្រងការអនុវត្តកម្មវិធី ដោយធានាបាននូវការសម្របសម្រួល ក្នុងការអនុវត្តផែនការ សកម្ម និងថវិកា ដែលបានអនុម័តកន្លងមក។ ទី២.ការអនុវត្តមូលនិធីក្រុង ស្រុក ដោយបានធានាឲ្យមានប្រព័ន្ធផ្ទេរមូលនិធិ និង គ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុកនៅទូទាំងប្រទេស។ ទី៣. ការពង្រឹងគណនេយ្យភាពសង្គម ដោយបានរៀបចំ និងអនុវត្ត នូវផែនការយុទ្ធសាស្ត្រ ស្តីពី ការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ក្នុងគោលបំណងពង្រឹងនូវការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹង ការចាត់ចែងប្រើប្រាស់ធនធាន និងការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាន ព័ត៌មាន និងចូលរួមតាមដានត្រួតពិនិត្យលើការបំពេញការងាររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ។
   
នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចុះហត្ថលេខារវាងលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយស្រុកគោលដៅទាំងប្រាំ និងបានចែក ចាយនូវសម្ភារៈការិយាល័យរបស់គម្រោង មានជាអាទិ៍ កុំព្យូទ័រ ព្រីនទ័រ ទោចក្រយានយន្ត ដល់ស្រុកគោលដៅទាំងប្រាំ ដែលមានស្រុកមោងឬស្សី ស្រុកគាស់ក្រឡ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕
ដោយ៖ រិទ្ធី

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់