រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប (NCDDs) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងប្រធាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ប អញ្ជើញជាអធិបតីបើកពិធីសម្ពោធគម្រោង «លើកកម្ពស់សម្លេងរបស់ជនពិការក្នុងសកម្មភាពគណនេយ្យភាពសង្គម» និងគម្រោងសាកល្បង «សម្លេងពលរដ្ឋក្នុងក្របខណ្ឌគណនេយ្យភាពសង្គម» ដែលមានអ្នកចូលរួមមកពីស្រុកត្រាំកក់ និងខណ្ឌសែនសុខ មន្ទីរស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ចំពោះគម្រោងទី១ ស្តីពីសម្លេងរបស់ជនពិការក្នុងសកម្មភាពគណនេយ្យភាពសង្គម អនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២០ នៅឃុំចំនួន៧ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយវិទ្យាស្ថាន API អង្គការ CADDP និងអង្គការ Epic Arts។ ចំណែកគម្រោងទី២ ស្តីពី សម្លេងពលរដ្ឋក្នុងក្របខណ្ឌគណនេយ្យភាពសង្គម អនុវត្តចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០១៩ នៅសង្កាត់ចំនួន៣ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងនេះ លោក ជេដ្ឋ គីមជុង បានលើកឡើងអំពីផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ថាមានគោលការណ៍សំខាន់ៗចំនួន៧ ដូចខាងក្រោម៖
ទី១. អាទិភាពរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋជាអ្នកកំណត់អំពីតម្រូវការជាអាទិភាពរបស់ខ្លួន។ តម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋអាចផ្ដោតទៅលើសេវារដ្ឋបាលស្រុក អប់រំ សុខាភិបាល ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន កសិកម្ម ។ល។
ទី២. កម្រិតមូលដ្ឋាន៖ សកម្មភាពនានានឹងផ្ដោតទៅលើការប្រាស្រ័យទាក់ទង ការពិភាក្សា និង ការដោះស្រាយបញ្ហានានានៅតែក្នុងកម្រិតមូលដ្ឋាន និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ទី៣. ការចូលរួមក្នុងន័យស្ថាបនា៖ គណនេយ្យភាពសង្គមនឹងប្រកាន់យកនូវអភិក្រម ដែលមានលក្ខណៈស្ថាបនាដោយផ្អែកទៅលើកិច្ចសហការគ្នា ជាជាងការប្រឈមមុខដាក់គ្នា ដើម្បីឈានទៅការសម្រេចនូវលទ្ធផលដែលប្រាថ្នាចង់បាន។
ទី៤. ការតាំងចិត្ត៖ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិត្រូវតាំងចិត្តចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពគណនេយ្យភាពសង្គមជាមួយប្រជាពលរដ្ឋ និងតំណាងនានារបស់ប្រជាពលរដ្ឋ។
ទី៥. ភាពជាដៃគូ៖ កិច្ចខិតខំប្រឹងប្រែងនានានឹងត្រូវបានប្រកាន់យកយ៉ាងច្បាស់លាស់ ដើម្បីកសាង និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល និងក្នុងចំណោមអង្គការសង្គមស៊ីវិលនានា និងប្រជាពលរដ្ឋ។
ទី៦. ការដាក់បញ្ចូលនូវតម្រូវការនានា៖ អន្តរាគមន៍នានាត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្ដល់សិទ្ធិអំណាចការចូលរួម និងការដោះស្រាយនូវរាល់តម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋទាំងឡាយ ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ដូចជា៖ ជនក្រីក្រ ពិការភាព អ្នកជំងឺអេដស៍ និងជនជាតិដើមភាគតិចផងដែរ។
ទី៧. ការខិតខំលុបបំបាត់នូវគម្លាត៖ ផែនការយុទ្ធសាស្ត្រនេះ នឹងដោះស្រាយភាពខ្វះចន្លោះប្រហោងមួយចំនួននៃការចូលរួមរបស់ប្រជាពលរដ្ឋព្រមទាំងមានគោលបំណងធ្វើឲ្យមានការផ្លាស់ប្ដូរនូវវិសាលភាព និងសារធាតុនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
មុននឹងបញ្ចប់ លោក ជេដ្ឋ គីមជុង តំណាងឲ្យថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តល់នូវអនុ សាសន៍មួយចំនួនខាងក្រោម៖
១. សហការជាមួយអង្គការអុកស្វាមនៅកម្ពុជា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) អង្គការCADDP និងអង្គការEpicArts និងអង្គការសង្គមស៊ីវិលទាំងអស់ក្នុងការអនុវត្តផែនការគណនេយ្យភាពសង្គម និងកិច្ចគាំពារសង្គមតាមរយៈការលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋជាពិសេសជនពិការនិងជនងាយរងគ្រោះ ដើម្បីអោយពួកគេបានចូលរួមពេលលេញក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ជាពិសេសការដាក់ពិន្ទុដោយប្រជាពលរដ្ឋ និងធ្វើផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន។
២. បន្តចងក្រងមេរៀនបទពិសោធន៍ល្អៗ រួមទាំងការរីកចម្រើន និងបញ្ហាប្រឈមនានា។
៣. បញ្ជូលផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ មណ្ឌលសុខភាព និងសាលាបឋមសិក្សារបស់ខ្លួន។
៤. ពង្រឹងកិច្ចសហប្រតិ្តបត្តិការ សម្រមសម្រួល ក្នុងចំណោមអង្គការសង្គមស៊ីវិល ជាពិសេសអង្គការទស្សនៈពិភពលោក និងវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) ដើម្បីលើកកម្ពស់ការចូលរួមរបស់ជនពិការ ប្រជាពលរដ្ឋក្រីក្រ ក្រុមយុវជន អ្នកផ្ទុកមេរោគអេដស៌ ជំងឺអេដស៍ និង ជនងាយរងគ្រោះនានា ចូលរួមពេលលេញក្នុងសកម្មភាពរបស់គម្រោង ដែលគម្រោងនេះនឹងរួមចំណែកបំពេញបន្ថែមលើការអនុវត្តគម្រោងគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោកដែលបានជំនួយថវិកាពីសហភាពអ៊ឺរ៉ុបក្នុងខេត្តតាកែវទាំងមូល និងខេត្តផ្សេងមួយចំនួនទៀត៕