ការ​រៀបចំ​ស្ថាប័ន​អនុវត្ត​​គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​កាល​ទី​២ (LASED II)

"

ភ្នំពេញ ២៣ មិថុនា ២០១៥៖ ដើម្បីរៀបចំស្ថាប័នមុនពេលអនុវត្តគម្រោង LASED ដំណាក់កាលទី២ ក្រុមការងារថ្នាក់ជាតិ បានរៀបចំសិក្ខាសាលាជាមួយក្រុមការងារថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅទាំងថ្មី និងចាស់ចំនួន៦ ខេត្ត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ…

ភ្នំពេញ ២៣ មិថុនា ២០១៥៖ ដើម្បីរៀបចំស្ថាប័នមុនពេលអនុវត្តគម្រោង LASED ដំណាក់កាលទី២ ក្រុមការងារថ្នាក់ជាតិ បានរៀបចំសិក្ខាសាលាជាមួយក្រុមការងារថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅទាំងថ្មី និងចាស់ចំនួន៦ ខេត្ត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

 

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី១ (២០០៨-២០១៤) មានឃុំចំនួន៧ នៃខេត្តចំនួន៣ និងដំណាក់កាលទី២ដែលមានសង្កាត់ចំនួន១ ឃុំចំនួន១៣ នៃខេត្តគោលដៅចំនួន៦ រួមទាំងខេត្តគោលដៅក្នុងដំណាក់កាលទី១ ក្រោមជំនួយឧបត្ថម្ភថវិកាពីធនាគារពិភពលោក ព្រមទាំងមានការគាំទ្រផ្សេងៗពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដូចជា GIZ, Habitat, វឌ្ឍភាព, KWF, LWD។

 

ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលLASED ថ្នាក់ជាតិ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាថា គម្រោង LASED ដំណាក់កាលទី២ គឺផ្តោតសំខាន់លើវិស័យកសិកម្ម។ គោលបំណងក្នុងការបែងចែកដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋដំណាក់កាលទី២ នេះគឺជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់ដីអោយបានច្រើនលើការដាំដុះដំណាំកសិកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

 

ឯកឧត្តម ក៏បានបន្ថែមថា ដោយរាជរដ្ឋាភិបាលកំពុងបន្ត និងជំរុញក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ ក្រុង ស្រុក គឺជាកិច្ចការសំខាន់មួយដែលត្រូវសម្រេចអោយបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ដូច្នេះគម្រោងLASED ក៏បានអនុវត្តស្របគ្នានឹងកម្មវិធីកំណែទម្រង់ដោយបានបែងចែក និងផ្ទេរទាំងឯកសារគតិយុត្តិដល់ក្រុមការងារថ្នាក់ក្រោមជាតិ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស និងវិភាជន៍ជាថវិកាផងដែរ។

 

ដោយឡែកឯកឧត្តម សារេត បូរាមី នាយកគម្រោង LASED ក៏បានថ្លែងក្នុងសិក្ខាសាលាពីសារៈសំខាន់របស់ការអនុវត្តគម្រោងថា LASED បានចូលរួមកាត់បន្ថយអត្រាភាពក្រីក្របានមួយចំណែកដល់ប្រជាពលរដ្ឋកម្ពុជា ដោយការបែងចែកដីសម្រាប់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតបានត្រឹមត្រូវ។

 

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជាគម្រោងដាច់ដោយឡែករបស់លេខាធិការដ្ឋាន គ.ជ.អ.ប ដោយសហការអនុវត្តជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារថ្នាក់ក្រោមជាតិផងដែរ ក្នុងបំណងបែងចែកដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានដីត្រឹមត្រូវសម្រាប់រស់នៅ ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់