ប្រទេសថៃ ០១ ធ្នូ ២០១៧៖ កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលសង្ខេបស្ដីពីការចុះទស្សនកិច្ចសិក្សាការងារគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការគ្រប់គ្រងសហគមន៍ ផលិតផលកសិកម្ម និងទីផ្សារនៅខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ធ្នូ ២០១៧ ក្រោមអធិបតីភាពលោក Sarayut Keawkulpreeda អភិបាលរងខេត្តស៊ីសាកេត និងចូលរួមដោយមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀត។
សម្រាប់រយៈពេលដ៏មានតម្លៃចំនួន០៣ថ្ងៃក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រថៃក្រុមគណៈប្រតិភូបានទទួលជួបបដិសណ្ឋារកិច្ច និងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ទៅកាន់ស្រុកចំនួន០៥រួមមាន៖ ស្រុកកានថាឡាក់ ស្រុកកាន់ថារ៉ារ៉ុម ស្រុករ៉ាស៊ីសាឡៃ ស្រុកឃុនហាន និងស្រុកផៃប្រ៊ឹង។
ក្រុមប្រតិភូបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្រុកកាន់ថាឡាក់ដែលទទួលបានបទពិសោធន៍ល្អៗទាក់ទងទៅនឹងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការធ្វើអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ការគ្រប់គ្រងដីធ្លី ភារកិច្ចប្រមូលពន្ធដារ និងទំនាក់ទំនងព្រំដែន។ល។ បន្ថែមលើសពីនេះទៅទៀតក្រុមប្រតិភូបានជួបពិភាក្សាជាមួយរដ្ឋបាលឃុំសៀណាម ស្រុកកានថារ៉ារ៉ុម ដើម្បីស្វែងយល់ និងរៀនសូត្រនូវបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ ការផ្តល់សេវាជូនប្រជាពលរដ្ឋ។ល។
ក្រោមការដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម ជាម ប៉េអា ប្រធានគណៈប្រតិភូកម្ពុជា បានជំរុញឲ្យកម្មវិធីទស្សនកិច្ចសិក្សានេះប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលឆ្លើយតបទៅនឹងការរំពឹងទុករបស់សមាជិក សមាជិកា គណៈប្រតិភូទាំងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការងារគ្រប់គ្រងសហគមន៍ ផលិតផលកសិកម្ម និងទីផ្សារ។
ឯកឧត្ដមប្រធានគណៈប្រតិភូបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តដូចខាងក្រោម៖
១). សូមបន្តការគាំទ្រផ្តល់ឱកាសដល់ប្រជាកសិករនៅជិតព្រំដែនបានមកផ្លាស់ប្តូរបទពិសោធន៍លើការងារកសិកម្មនេះ ដើម្បីបង្កើនចំណេះដឹងបន្ថែម
២). សូមលោកអភិបាលខេត្តមេត្តាបន្តការគាំទ្រធានាសុវត្ថិភាពដល់កម្មករកម្មាការិនីដែលមកប្រកបរបរចិញ្ចឹមជីវភាពនៅព្រះរាជាណាចក្រថៃ
៣). សូមរក្សាការផ្តល់ព័ត៌មានចែករំលែកនូវព័ត៌មានផ្សេងៗនៅក្នុងព្រះរាជាណាចក្រថៃក្នុងកិច្ចសហប្រតិបត្តិការប្រជាជាតិអាស៊ាន
៤). យើងពិតជាស្វាគមន៍យ៉ាងកក់ក្ដៅប្រសិនបើឯកឧត្ដម លោកជំទាវ លោក លោកស្រីមានបំណងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា៕