រាជធានីភ្នំពេញ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារ “V” ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ជាតិ នៃលេខាធិការដ្ឋានគណៈគម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តទាំង៥ រួមមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ ព្រមទាំងទីប្រឹក្សា និងក្រុមការងារគម្រោងសរុបប្រមាណជាង៤០រូប។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គម្រោងមុននឹងដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់យោបល់ និងដើម្បីបន្តដាក់ជូនទៅធនាគារពិភពលោកក្នុងការផ្តល់ភាពមិនជំទាស់ ដើម្បីឱ្យគម្រោងអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពរបស់ខ្លួនចាប់ពីដើមឆ្នាំ២០១៩ទៅដោយរលូន។
តាមរយៈកិច្ចប្រជុំនេះ សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គម្រោង LASED II មានចំនួនសរុបប្រមាណ១០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការអនុវត្តសកម្មភាពនៃសមាសភាគធំៗចំនួនពីរ គឺ១) ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមុខរបរចិញ្ចឹមជីវិត និង២) ការគ្រប់គ្រងគម្រោង៕