រាជរដ្ឋាភិបាលបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកចំនួន៦២៣គ្រួសារ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់សម្បទានិកចំនួន៦២៣គ្រួសារ ស្មើនឹង៦៥១ប័ណ្ណ ណនៅឃុំសំបុក និង៣៩៦ប័ណ្ណនៅឃុំចង្រ្កង់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាបឋមសិក្សាសម្បទានកាកុត។

ឯកឧត្តម វ៉ាន់ ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា ការរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅពេលនេះ គឺក្រោយពេលដែលសម្បទានិកទាំងនេះបានបំពេញតាមលក្ខខណ្ឌនៃអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នំា២០០៣ និង ប្រកាសលេខ ២០០ ដនស.ប្រក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក Mark A. Austin ប្រធានកម្មវិធីប្រចាំនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ របស់ធនាគារពិភពលោក បានសម្តែងអារម្មណ៍រីករាយជាមួយសម្បទានិកទាំងអស់ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានជំរុញឱ្យសម្បទានិកទាំងអស់ដែលបានទទួលដីពីគម្រោងត្រូវប្រើប្រាស់ដីទាំងនោះក្នុងការបង្កបង្កើនផលឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនជីវភាពរបស់ខ្លួន និងត្រូវបញ្ជូនកូនៗរបស់ខ្លួនឱ្យទៅសាលារៀន រីឯស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាពខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរ។

ឯកឧត្តម ជា សុផារ៉ា បានសម្តែងក្តីសោមន្សរីករាយ និងអបអរសាទរចំពោះសម្បទានិក ទាំងអស់ ដែល បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែម ថា ក្រោយពេលដែលប្រជាពលរដ្ឋបានទទួលដីសង្គមកិច្ចពីរាជរដ្ឋាពិបាល តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នេះ ប្រជាពលរដ្ឋមានដីសម្រាប់សង់ លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីបង្កើនជីវភាពរស់នៅរបស់ខ្លួន និងកែប្រែមុខមាត់ថ្មី។ ទន្ទឹមនឹងនេះ ឯកឧត្តមមានប្រសាសន៍ថា “បងប្អូនដែលបានទទួលហើយសូមឱ្យបងប្អូនថែរក្សានូវជីវភាព រស់នៅឱ្យបានល្អប្រសើរ…ឥឡូវនេះបងប្អូនបានដល់ដៃនូវបណ្ណកម្មសិទ្ធិដែលក្លាយជាកម្មសិទ្ធិស្របច្បាប់ដែលយើងអាចបន្តមរតកទៅដល់កូនចៅ។ ចំណុចមួយទៀតវាក្លាយទៅជាទុនដល់បងប្អូនដែលជាទុនផ្តល់នូ វប្រាក់ចំណូលទៀងទាត់ តាមរយៈការដាំដុះ និងភ្ញាស់ចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋដែល ជាសម្បទា និក។”

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ក៏បានសុំណូមពរដល់ប្រជាពលរដ្ឋដែលបានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ កុំលក់ដូរ ឬដាក់បញ្ចាំ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅពេលក្រោយ ផ្ទុយទៅវិញ សម្បទានិកទាំងអស់ត្រូវរួមចំណែកប្រើប្រាស់ដី ដែលទទួលបានក្នុងការរស់នៅ និងបង្កបង្កើនផលឱ្យមានជីវភាពប្រសើរឡើង ដើម្បីគម្រោងមានមូលដ្ឋាន ក្នុងការស្នើសុំសម្បទានហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងនេះនៅតាមទីតាំងផ្សេងទៀត ដែលមានប្រជា ពលរដ្ឋក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចកំពុងត្រូវការដីសម្បទានសង្គមកិច្ចបន្ថែមពីរាជរដ្ឋាភិបាល។

ខេត្តក្រចេះជាខេត្តដែលបានអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED) ចាប់តាំងពីឆ្នាំ២០០៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះសម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺ ស្រុកចិត្របុរី ដែលមានឃុំគោលដៅចំនួន៤ គឺ ឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺ ឃុំចំបក់។

នៅក្នុងឆ្នាំ២០១៨ នេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ អនុវត្តដោយរដ្ឋបាលខេត្តក្រចេះបានបន្តសកម្មភាពរបស់ខ្លួនលើឃុំគោលដៅទាំង៥ ដោយទទួលសម្បទានិកឱ្យចូលទៅរស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ២.១១៩គ្រួសារ។ ជាលទ្ធផលរហូតមកដល់ពេលបច្ចុប្បន្នមានសម្បទានិករស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ៧១១គ្រួសារ រស់នៅមិនអចិន្ត្រៃយ៍ចំនួន ៦៤៦គ្រួសារ និងមិនទាន់ចូលមករស់នៅចំនួន ៧៦២គ្រួសារ ហើយគិតមកត្រឹមថ្ងៃចែកបណ្ណកម្មសិទ្ធិនេះ សម្បទានិកទាំងអស់បានប្រើប្រាស់ដីលំនៅឋាន និងដីកសិកម្មស្មើនឹង ៧០,៣៩%៕

  

  

  

  

  

  

  

  

  

  

  

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់