ខេត្តកំពង់ធំ៖ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) និងឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តទទួលបន្ទុកគម្រោង LASED II ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ របស់គម្រោង LASED II ដល់មន្រ្តីបច្ចេកទេសរបស់គម្រោងនៅថ្នាក់ខេត្ត និងស្រុកគោលដៅទាំងពីរ (ស្រុកសន្ទុក និងស្រុកប្រាសាទបល័ង្ក) ដែលមានសមាសភាពអ្នកចូលរួមសរុបប្រមាណ៤០រូប នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំទីចាត់ការអន្តរវិស័យអគារC ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ និងបន្តលើកកម្ពស់ការអនុវត្តការងាររបស់គម្រោង LASED II នៅក្នុងខេត្តកំពង់ធំ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតក្នុងការអនុវត្តគម្រោងនេះនៅឆ្នាំ២០១៨នេះ។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED II ជាគម្រោងមួយដែលគាំទ្រដល់ការប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកដីជូនដល់ប្រជាពលរដ្ឋដែលគ្មានដី និងប្រជាពលរដ្ឋក្រីក្រ តាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោងមានគោលបំណងបែងចែកដីធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិតភាពជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្រួសារដែលគ្មានដីធ្លីសោះ និងដាក់បង្ហាញនូវការអនុវត្តដំណើរការតាមស្តង់ដារ និងមានតម្លាភាពមួយសម្រាប់ពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើមនៅមូលដ្ឋាន។
គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២៥លានដុល្លារអាមេរិក ពីធនាគារពិភពលោក និងចូលរួមបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន១,៥លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលមានស្រុកគោលដៅសរុបចំនួន១២ លើផ្ទៃដីចំនួន១៧.០៤៤,៨០ ហិចតា ដែលមានប្រជាពលរដ្ឋទទួលផលចំនួន ៥.១៤១គ្រួសារ ស្មើនឹង ២៥.១៦០នាក់។
សមិទ្ធផលសំខាន់ៗនៅក្នុងឆ្នាំ២០១៧របស់គម្រោង LASED II រួមមាន៖ ១) បានរៀបចំធនធានមនុស្សទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងទីប្រឹក្សាសរុបចំនួន១៩៣នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង។ ២) បានរៀបចំបង្កើតភូមិថ្មីសរុបចំនួន១១ ដើម្បីគាំទ្រដល់ការធ្វើវិមជ្ឍការធនធាននៅថ្នាក់រដ្ឋបាលឃុំ។ ៣) បានផ្តល់ប័ណ្ណកម្មសិទ្ធដីជូនប្រជាពលរដ្ឋសរុបចំនួន៧២៦គ្រួសារ ស្មើនឹង១៤,១២% នៃគោលដៅគម្រោង។ ៤) បានផ្តល់ការគាំទ្រក្នុងការកសាងផ្លូវ រួមមានផ្លូវគ្រួសក្រហមសាងសង់ថ្មីមានប្រវែងសរុបចំនួន២២គីឡូម៉ែត្រ ផ្លូវដីសប្រវែង ២០១គីឡូម៉ែត្រ ផ្លូវដីសត្រូវជួសជុលប្រវែង២៥គីឡូម៉ែត្រ និងផ្លូវដែលត្រូវដំឡើងទៅជាផ្លូវក្រាលគ្រួសក្រហមសរុបប្រវែង ១០៦,៩៦គីឡូម៉ែត្រ ដោយបានសិក្សាបទដ្ឋានបច្ចេកទេសរួចរាល់ និងត្រូវអនុវត្តនៅក្នុងឆ្នាំ២០១៨នេះ។ ៥) បានគាំទ្រការសាងសង់សាលារៀនចំនួន០៨ខ្នង អគាសហគមន៍ចំនួន១១ខ្នង ផ្ទះគ្រូបង្រៀន និងគិលានដ្ឋានចំនួន១៤ខ្នង ប៉ុស្តិ៍សុខភាពចំនួន៥ខ្នង អណ្តូងទឹកស្អាតចំនួន៦០ដែលបានសិក្សាបទដ្ឋានបច្ចេកទេសរួចរាល់ និងកំពុងអនុវត្តបណ្តើរៗ។ ដោយឡែកមានលូទឹក និងបង្គោលព្រំដីលំនៅដ្ឋាន ដីកសិកម្ម និងការសាងសង់ប្រព័ន្ធស្រោចស្រពដែលគ្រោងនឹងអនុវត្តនៅក្នុងឆ្នាំ២០១៨ នេះ។