គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាលអាណត្តិគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) និងការរៀបចំគម្រោង LASED III របស់ក្រុមបេសកកម្មធនាគារពិភពលោក ក្រោមអធិបតីភាពឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថេង ច័ន្ទសង្វារ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុវត្តគម្រោង LASED II ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានខិតខំអនុវត្តគម្រោងនាពេលកន្លងមក ដោយទទួលបាននូវលទ្ធផលជាទីពេញចិត្តក្នុងការជួយលើកកម្ពស់ជីវភាពសម្បទានិក តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចសម្រាប់សង់លំនៅឋាន និងប្រកបរបរកសិកម្ម។
លោកស្រី ចំរើន មុទិតា អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍជនបទ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ប្រចាំធនាគារពិភពលោក ក៏បានសម្តែងនូវភាពរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងគិតចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពាក់កណ្តាលអាណត្តិនេះ។ ជាពិសេស តាមរយៈការចុះបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាលអាណត្តិគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) លោកស្រី និងក្រុមការងារបានសង្កេតឃើញថា ជីវភាពរបស់សម្បទានិករបស់គម្រោង LASED II មានភាពកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។
ក្រៅពីការជជែកពិភាក្សាអំពីលទ្ធផលនៃដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាលអាណត្តិគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) កិច្ចប្រជុំនេះក៏បានជជែកពិភាក្សាផងដែរអំពីផែនការសកម្មភាពក្នុងការរៀបចំឯកសារពាក់ព័ន្ធនានាដាក់ជូនទៅធនាគារពិភពលោក ដើម្បីពិនិត្យ និងសម្រេចក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោង LASED III ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងចែកជូនដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីសង់លំនៅឋាន និងធ្វើកសិកម្ម។