ខេត្តកំពង់ធំ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសញ្ញាណទូទៅនៃការប្រើប្រាស់ម៉ាស៊ីនថតរូប និងរបៀបថតវីដេអូខ្លី ដល់មន្ត្រីជំនាញផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិដែលមានតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិមកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ព្រហស្បតិ៍ ៤-៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំគម្រោង LASED II នៅខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីសញ្ញាណទូទៅនៃការប្រើប្រាស់ម៉ាស៊ីនថតរូប និងរបៀបថតរូបឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយគុណភាព ដើម្បីបម្រើដល់ការផ្សព្វផ្សាយពីដំណើរការ និងលទ្ធផលរបស់គម្រោងឱ្យកាន់តែល្អប្រសើរ។
បន្ទាប់ពីបានសិក្សាទ្រឹស្តីរួចមក សិក្ខាកាមទាំងអស់ក៏បានចុះអនុវត្តផ្ទាល់នូវជំនាញថតរូប និងថតវីដេអូខ្លី នៅទីតាំងដីបម្រុងបែងចែក ដែលស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំផងដែរ។ ក្រោយមក សិក្ខាកាមបានប្រមូលរូបថតដែលថតបានយកមកបង្ហាញ ពិភាក្សា និងផ្តល់យោបល់ទៅវិញទៅមក ដើម្បីកែលម្អចំណុចខ្វះខាត និងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដាច់ដោយឡែកនានាដែលបាននឹងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួនប្រាំ រួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោមហិរញ្ញប្បទានឥណទានតាមរយៈកម្ចីហិរញ្ញវត្ថុគម្រោងវិនិយោគ (IPF) ក្នុងថវិកាចំនួន២៦,៨៦លានដុល្លារអាមេរិក គ្របដណ្តប់លើទីតាំងចំនួន១៤កន្លែង ក្នុងឃុំគោលដៅចំនួន១២ឃុំ ស្រុកគោលដៅចំនួន៧ស្រុក លើផ្ទៃដីចំនួន១៧.០៤៤,៨០ហិចតា ដែលមានប្រជាពលរដ្ឋទទួលផលចំនួន៥.១៤១គ្រួសារ ស្មើនឹង ២៥.១៦០នាក់។ ការអនុវត្តគម្រោងនេះគឺជាការខិតខំមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសំដៅបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ និងស្របទៅតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕