ប្រជាពលរដ្ឋ​៨ភូមិ ក្នុង​សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​យក​ទៅ​ប្រើប្រាស់

ភ្នំពេញ ២៧ កក្កដា ២០១៥៖ នៅសាលាសង្កាត់ពងទឹក ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៨ ចំនួន៣.៣៦៩ប័ណ្ណ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

 

ភ្នំពេញ ២៧ កក្កដា ២០១៥៖ នៅសាលាសង្កាត់ពងទឹក ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៨ រួមមានភូមិវត្តស្លែង ភូមិពងទឹក ភូមិត្រពាំងគរ ភូមិត្រពាំងទា ភូមិស្រែញរ៍ ភូមិឃ្លះសណ្តាយ ភូមិព្រៃកីខ និងភូមិព្រៃកីគក្នុងសង្កាត់ពងទឹក ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

 

លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលនៃការកំណត់តំបន់វិនិច្ឆ័យការបញ្ចូលទិន្នន័យ ការបិទផ្សាយជាសាធារណៈ និងការបោះពុម្ភប័ណ្ណកម្មសិទ្ធិ មកដល់ថ្ងៃនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានធ្វើការសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ភូមិវត្តស្លែង, ពងទឹក, ត្រពាំងគរ, ត្រពាំងទា, ស្រែញរ៍, ឃ្លះសណ្តាយ, ព្រៃកីខ, និងភូមិព្រៃកីគក្នុងសង្កាត់ពងទឹកនៅថ្ងៃនេះ មានចំនួន៣.៣៦៩ប័ណ្ណ។

 

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការអបអរសារទ និងថ្លែងអំណរគុណ ចំពោះក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លី មន្ត្រីរាជការសង្កាត់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាក្នុងការកសាង និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន ០៨ក្នុងសង្កាត់ពងទឹក ហើយឈានដល់ការធ្វើពិធីចែកប័ណ្ណសម្គាល់ម្ចាស់អចលនៈវត្ថុ ឬប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះ។

 

លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការប្រើប្រាស់សិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួន តាមរយៈការចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនដែលជាកម្មសិទ្ធិករ ដើម្បីប្រើប្រាស់ជាផ្លូវការស្របតាមច្បាប់។

 

លោកអភិបាលខណ្ឌបានបន្តលើកឡើងអំពីសារៈសំខាន់ នៃការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ ដែលបញ្ជាក់អំពីភាពស្របច្បាប់នៃការកាន់កាប់ដីធ្លី ងាយស្រួលក្នុងការស្នើសុំលិខិតអនុញ្ញាតសាងសង់ ការដាក់បន្ទុក ដើម្បីខ្ចីប្រាក់ពីធនាគារជាដើម។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋថែរក្សា ប័ណ្ណនេះឲ្យបានត្រឹមត្រូវចៀសវាងការធ្វេសប្រហែសបណ្ដាលឲ្យបាត់បង់ ឬខូចខាតដែលអាច នឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអំពិល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់