លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៤ ដែលកិច្ចប្រជុំនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ ។
កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលពីសមា ជិក សមាជិការក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍នៅក្នុងខេត្តផងដែរ។
លោក ប៉ែន លីណាត បានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯក សារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ ជាត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។ លោក អភិបាលរងខេត្តបន្ដថា ដើម្បីធានាឱ្យការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលបន្ទាប់របស់យើងប្រព្រឹត្តទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឱ្យយើងត្រូវត្រៀមរៀបចំផែនការជាមុនរួចជាស្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែកគោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល។ ជាមួយគ្នានេះ លោក ប៉ែន លីណាត ក៏បានបន្ដទៀតថា ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្តឱ្យមានការរីកចម្រើន គឺពិតជាបានផ្ដល់នូវផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្តក៏បានជំរុញដល់អង្គប្រជុំទាំងអស់ ត្រូវបន្តចូលរួមឱ្យបានគ្រប់ៗ គ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអំពីគោលការណ៍ណែនាំផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការ នៃការរៀបចំការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗអាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា អាចរៀបចំគម្រោងជាអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំអាណត្តិទី៣ សម្រាប់ រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត៕