សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ

កំពង់ធំ ៤ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

កំពង់ធំ ៤ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

តាមរយៈរបាយការណ៍សង្ខេបនៃសន្និបាតបានបង្ហាញថា អង្គសន្និបាតបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន៖ (១).របាយការណ៍លទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ (២).ការចុះបញ្ជីដីធ្លី និងការគ្រប់គ្រងសំណង់ ៣).ការទប់ស្កាត់ ការបង្ក្រាបបទល្មើសព្រៃឈើ និងការអភិវឌ្ឍន៍ព្រៃឈើ ៤).ការទប់ស្កាត់ ការបង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វិស័យជលផល ៥).ការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ៦).ការគ្រប់គ្រងរដ្ឋបាលស្រុក និង៧).ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

 

ជាមួយគ្នានោះដែរ ក្នុងឱកាសបិទសន្និបាតលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាទៅលើចំនុចជាយុទ្ធសាស្រ្តចំនួនបីគឺ៖
ទីមួយ ៖ បន្តខិតខំថែរក្សា និងពង្រឹង ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅពង្រឹងសន្តិភាពជាតិ បង្កលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចំរើនរឹងមាំបន្ថែមទៀត នៃលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។
ទីពីរ ៖ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីឈានទៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
ទីបី ៖ ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ខិតខំដោះស្រាយសំណើ សំណូមពរសមស្របរបស់ប្រជាពលរដ្ឋ ជាពិសេស ស្រ្តី និងក្រុមដែលមិនសូវទទួលបានការយកចិត្តទុកដាក់ និងកាត់បន្ថយបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធានាលើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍គ្រប់វិស័យក្នុងសង្គម។

 

គួរបញ្ជាក់ថា ក្រោមការដឹកនាំពិភាក្សារបស់ ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ទៅលើបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងឆ្នាំ២០១៥ អង្គសន្និបាតបានសម្រេចដាក់ទិសដៅការងាររួមសម្រាប់ឆ្នាំ២០១៦ដោយផ្តោតលើការងារអាទិភាពមួយចំនួនដូចជា៖

  •     ការងារអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច
  •     ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍
  •     ការងារចុះបញ្ជីដីធ្លី និងការគ្រប់គ្រងសំណង់
  •     ការងារទប់ស្កាត់ ការបង្ក្រាបបទលើ្មសព្រៃឈើ និងការអភិវឌ្ឍន៍ព្រៃឈើ
  •     ការងារទប់ស្កាត់ ការបង្រ្កាបបទលើ្មសជលផល និងការអភិវឌ្ឍន៍វិស័យជលផល
  •     ការងារពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

ដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រចាំខេត្តកំពង់ធំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់