ប្រជុំ​ផ្សព្វផ្សាយ​ ស្ដីពី​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AKP)

កំពង់ចាម ២ តុលា ២០១៥៖ នៅសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី  ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

 

កំពង់ចាម ២ តុលា ២០១៥៖ នៅសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី  ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

 

ឯកឧត្ដម  ជឹម លាវ អភិបាលស្ដីទីខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៥ ក្នុងខេត្តកំពង់ចាម បានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិដែលណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

 

ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គគិតត្រឹមខែកញ្ញានេះ មានកម្ពស់ជាមធ្យម ៨,៨៥ម៉ែត្រ បើធៀបទៅនឹងកម្ពស់ទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១៥,២០ម៉ែត្រ ដែលស្ថានភាពនេះ មិនបានបង្កឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋឡើយ។

 

ដោយឡែកលោក លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំគ្រោះធម្មជាតិ ដោយទឹកជំនន់តាមដងទន្លេមេគង្គ បានរងផលប៉ះពាល់ដល់ស្រុកចំនួន ២គឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែឆ្នាំនេះបានគ្រប់ដណ្ដប់ក្នុងកម្រិតធម្មតាលើមូលដ្ឋាន និងផ្ទៃផលិតកម្មរបស់ពួកគាត់។

 

លោកអភិបាលរងខេត្តក៏បានសំណូមពរ សុំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជួយបណ្ដុះបណ្ដាលនូវចំណេះដឹងដល់មូលដ្ឋាន ហើយជួយសម្របសម្រួលជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យខេត្ត និងថ្នាក់មូលដ្ឋានកាន់តែយល់ច្បាស់ អំពីការគ្រប់គ្រងគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្ដម ប៉ុន ណារិទ្ធ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអានច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៥/០០៧ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ច្បាប់នេះ មាន១០ជំពូក ស្មើនិង ៤៨មាត្រា។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីកងកម្លាំប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលកន្លងមក តែងតែធ្វើការសហការគ្នាបានល្អចូលរួមក្នុងការងារគ្រប់គ្រងគ្រោះមហន្ដរាយនៅក្នុងខេត្ត ក៏ដូចនៅតាមជនបទ ពេលមានហានិភ័យ នៃគ្រោះមហន្តរាយកើតឡើងដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើង។ ក្នុង ព្រះរាជាណាចក្រកម្ពុជា តែងជួបប្រទះនិងរងគ្រោះធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និងរាំងស្ងួតជាដើម។ គ្រោះមហន្ដរាយចាំបាច់ត្រូវបង្កើតឱ្យមានច្បាប់ដើម្បីមានយន្ដការ និងរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្ដរាយ ចាប់ពីតាំងថ្នាក់ថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានការអនុវត្តនិងដោះស្រាយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្តម បានមានប្រសាសន៍បន្តថា អាស្រ័យដោយកំណែទម្រង់ស៊ី ជម្រៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលអាណតិទី៥ បាននឹងកំពុងអនុវត្តន៍ប្រកបដោយប្រសិទ្ឋភាពខ្ពស់ និងទទួលបានលទ្ធផលយ៉ាងធំធេង ក្នុងការជួយដោះស្រាយរាល់សំណូមពរជូនប្រជាពលរដ្ឋមួយចំនួនរបស់មូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិបង្កឡើង។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី  ញឹម វណ្ណដា ក៏បានសំណូមពរដល់អាជ្ញាធរជាតិនិងក្រោមជាតិត្រូវខិតខំតាមដាននូវខ្លឹមសារសំខាន់ៗនៃច្បាប់ និងលម្អិតឱ្យបានច្បាស់លាស់ ដើម្បីរក្សាបាននូវតម្លៃនៃច្បាប់ នូវប្រសិទ្ធភាពនិងចូលរួមគាំទ្រយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាពប្រកបដោយជោគជ័យ ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់