ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊រ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំបញ្ចូលគម្រោងសេវាសង្គមទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីជួយគាំទ្ររដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ឲ្យមានសមត្ថភាពក្នុងការរៀបចំបញ្ចូលគម្រោង ឬសកម្មភាពសេវាសង្គមអាទិភាព សម្រាប់ជួយគាំទ្រ និងលើកកម្ពស់ជីវភាពស្តី្រ កុមារ ជនចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀតទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំឲ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយសម្រាប់ការអនុវត្តនៅក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សារាជធានី ខេត្ត។
ឯកឧត្តម ស៊រ វរិន បានចែករំលែកនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការណែនាំមួយចំនួន ដូចខាងក្រោម៖
១. ការផ្ទរមុខងារនិងធនធាន កំណែទម្រង់របស់យើងនឹងឈាន ដល់ការផ្ទេរ មុខងារនិង ធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាក់ស្តែងក្នុងពេលឆាប់ៗ និងបន្តបន្ទាប់នាឆ្នាំខាងមុខ ដូច្នេះរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ក្នុងការដឹកនាំ សម្របសម្រួលការងារមន្ទីរវិស័យជាបណ្តើរៗ ដើម្បីកសាងសមត្ថភាព មន្រ្តីក៍ដូច ជាត្រៀម ខ្នួនទទួលមុខងារនិងធនធាននាពេលខាងមុខ។
២. ការរៀបចំរចនាសម្ព័ន្ធនិងមុខងារនៅថ្នាក់ស្រុកក្រុងគឺជាការងារធំមួយ ដែលរាជរដ្ខាភិបាលកំពុងអនុវត្ត នេះជាកិច្ចការបន្ទាន់មួយដែលរដ្ឋបាលរាជធានី ខេត្តត្រូវចាប់ជួយ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការត្រៀមទទួលគ្រប់គ្រងរចនាសម្ព័ន្ធនិងមុខងារថ្មីដែលនឹងទទួលឆាប់ៗខាងមុខនេះ។
៣. ការងារសេវាសង្គមជាអាទិភាពដែលរាជរដ្ឋាភិបាលបានកំណត់ ហើយសិក្ខាសាលាថ្ងៃនេះគឺជាសិក្ខាសាលាលើកទីពីរ (ឆ្នាំទៅយើងធ្វើនៅទីនេះដែរ) ដូច្នេះឯកឧត្តមសូមសំណូមពរដល់ឯកឧត្តមលោកជំទាវ មេត្តាយកចិត្តទុកដាក់ លើកគម្រោងនិងថវិកាឲ្យបានសមរម្យដើម្បីដាក់ចូលក្នុងផែនការថវិកា ២០២០ ហើយសូមមេត្តាជួយគាំទ្រដល់ស្រុកក្រុងនិឃុំសង្កាត់ឲលើកគម្រោងនិងបែងចែក ថវិកាឲ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ដល់ស្រ្តីនិងកុមារ និងជនងាយរងគ្រោះផ្សេងៗទៀត៕