រដ្ឋមន្ត្រី​កសិកម្ម ជំរុញឱ្យ​ថ្នាក់​ដឹកនាំមន្ទីរ​គ្រប់​ខេត្ត ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ និង​រក្សា​សាមគ្គីភាព

កោះកុង ១៨ កក្កដា ២០១៦៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នើឲ្យប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ដែលក្រសួង និងខេត្ដប្រគល់ភារកិច្ចជូនត្រូវខិតខំផ្ដល់សេវាសាធារណៈជូនពលរដ្ឋ រក្សាសាមគ្គីភាព សហការទំនាក់ទំនងល្អជាមួយមន្ត្រី និងអង្គភាព ស្ថាប័ននានាចំណុះខេត្ត និងក្រសួងពាក់ព័ន្ធឲ្យបានល្អប្រសើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

កោះកុង ១៨ កក្កដា ២០១៦៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នើឲ្យប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ដែលក្រសួង និងខេត្ដប្រគល់ភារកិច្ចជូនត្រូវខិតខំផ្ដល់សេវាសាធារណៈជូនពលរដ្ឋ រក្សាសាមគ្គីភាព សហការទំនាក់ទំនងល្អជាមួយមន្ត្រី និងអង្គភាព ស្ថាប័ននានាចំណុះខេត្ត និងក្រសួងពាក់ព័ន្ធឲ្យបានល្អប្រសើរតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។

 

ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្មខេត្តកោះកុងថ្មី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦  រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន  បានលើកឡើងថា “ការតែងតាំង និងផ្ទេរតំណែងជូនមន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តជាធម្មតា នៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់ នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើន នៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនីមួយៗ”។

 

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានគាំទ្រដល់ការតែងតាំងប្រធានមន្ទីរកសិកម្មថ្មី ហើយបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ និងលទ្ធផលការងាររបស់លោកប្រធានមន្ទីរកសិកម្មចាស់ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្រោមការជួយឧបត្ថម្ភ និងសហការពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាពនានាក្រោមឱវាទខេត្ត។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីស្នូលនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតលើវិស័យកសិកម្ម ដែលជាទិភាពមួយដ៏សំខាន់ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចំរើន និងធានារក្សាបាននូវកំណើន ដ៏គួរឲ្យកត់សម្គាល់នេះ ពិសេសកម្ពុជាជាប្រទេសកសិកម្មមានប្រជាជនជាង ៨០ភាគរយ ប្រកបរបរកសិកម្ម។

 

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែក និងផ្តល់អនុសាសន៍មួយចំនួន សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំប្រកាន់យក ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមាន គោរពនិងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោម ដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។

 

ឯកឧត្ដមសង្កត់ធ្ងន់ថា សម្រាប់ប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធនៃខេត្ត និងការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់កសិករ ជាអាទិ៍ ចុះដល់មូលដ្ឋានជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ត្រៀមអន្តរាគមន៍ជួយកសិករដោយផ្តល់សេវា និងសម្ភារៈកសិកម្មប្រកបដោយប្រសិទ្ធភាព ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់ ក៏ដូចជាសម្ភារកសិកម្មត្រូវរៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយកសិករ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់