ក្រុមប្រឹក្សា​ខណ្ឌ​មានជ័យ​ជំរុញ​អាជ្ញាធរ​ខណ្ឌ​ចុះ​ធ្វើ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ​ និង​រក្សា​សន្តិសុខ

ភ្នំពេញ ២៩ មេសា ២០១៤៖ ក្រុមប្រឹក្សាខណ្ឌមានជ័យ បានលើកឡើង ដោយស្នើទៅដល់ សមត្ថកិច្ចអាជ្ញាធរខណ្ឌ ជាពិសេសប៉ូលិស និងចៅសង្កាត់ត្រូវយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់ តាមដងផ្លូវនានាក្នុងខណ្ឌមានជ័យ។ 

ភ្នំពេញ ២៩ មេសា ២០១៤៖ ក្រុមប្រឹក្សាខណ្ឌមានជ័យ បានលើកឡើង ដោយស្នើទៅដល់សមត្ថកិច្ចអាជ្ញាធរខណ្ឌ ជាពិសេស ប៉ូលិស និង

ចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារសណ្ដាប់ធ្នាប់តាមដងផ្លូវនានាក្នុងខណ្ឌមានជ័យ។ ជាក់ស្ដែង ទីតាំងលក់ដូរទំនិញ បន្លែ ត្រី សាច់

នៅលើកំណាត់ផ្លូវ៣៦៩ ផ្សារចាម ស្ថិតនៅសង្កាត់ព្រែកប្រា និងផ្សារព្រែកឯង តាមដងផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកឯង ហូរហៀរមកលើផ្លូវ

បង្កការកកស្ទះចរាចរស្ទើររាល់ថ្ងៃ។ បញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺបញ្ហាបរិស្ថានដោយអ្នកលក់ដូរបង្ហូរកាកសំណល់ហូរហៀរមកលើផ្លូវថ្នល់

ដែលអាក្រក់មើលបំផុត។

 

ការរិះគន់ក្នុងន័យស្ថាបនានេះ ខណៈក្រុមប្រឹក្សាខណ្ឌមានជ័យបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី១ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា២០១៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អែម សុខលៀង ប្រធានក្រុមបឹក្សាខណ្ឌមានជ័យ និងលោកហ៊ុយ សារុន អភិបាលរងខណ្ឌមានជ័យ។

 

ក្រុមប្រឹក្សាខណ្ឌមានជ័យលើកឡើងដោយសង្កត់ធ្ងន់ទៀតថា បញ្ហាប្រជុំនេះ ពិតជាមានខ្លឹមសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយពីស្នាដៃការងារ

ដែលបានអនុវត្តប្រចាំខែនីមួយៗ ហើយអាជ្ញាធរសង្កាត់ មន្ត្រីជំនាញ ពេលមកប្រជុំត្រូវស្តាប់ស្មារតីអង្គប្រជុំ ដើម្បីប្រមែប្រមូលបទពិសោធន៍ការងារ

ទៅអនុវត្តតាមសង្កាត់ ឬការិយាល័យរបស់ខ្លួន មិនមែនមកប្រជុំបើកទូរស័ព្ទដៃមើលតែហ្វេសប៊ុក ឬអ៊ីនធឺណែត មើលរឿងមិនល្អនោះទេ។

មកប្រជុំត្រូវស្តាប់ផែនការដើម្បីទៅអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ចៀសវាងមហាជនរិះគន់ ។

 

ក្រុមប្រឹក្សាខណ្ឌមានជ័យលើកឡើងបន្តទៀតថា ពេលបើកកិច្ចប្រជុំនានាត្រូវអញ្ជើញអ្នកកាសែតមកចូលរួមផ្សព្វផ្សាយជូនដល់មហាជនបាន

យល់ដឹង។ តើអាជ្ញាធរខណ្ឌមានជ័យសព្វថ្ងៃនេះធ្វើអ្វីខ្លះ?

 

ក្រុមប្រឹក្សាខណ្ឌមានជ័យលើកឡើងថា រយៈពេលមួយអាណត្តិពេញ អាជ្ញាធរខណ្ឌមានជ័យបានខិតខំលើការងាររបស់ខ្លួនលើការងារអភិវឌ្ឍន៍មូលដ្ឋាន

រីកចម្រើនលើគ្រប់វិស័យហើយស្នើបន្តស្នាដៃនេះ ទៀតដើម្បីប្រជាជននិងសង្គមជាតិ។

 

ក្រុមប្រឹក្សាខណ្ឌក៏បានរិះគន់ទៅដល់មន្ត្រីមួយចំនួនមិនបានខិតខំបំពេញការងារដោយអង្គុយរង់ចាំធ្វើអ្នកធំ អង្គុយក្នុងប៊ុយរ៉ូម៉ាស៊ីនត្រជាក់  ខណៈរាជរដ្ឋាភិបាល

កម្ពុជាបំបែកខណ្ឌមានជ័យជាពីរខណ្ឌ គឺខណ្ឌច្បារអំពៅនៅត្រើយខាងកើតទន្លេបាសាក់ និង ខណ្ឌមានជ័យចាស់នៅត្រើយខាងលិចទន្លេបាសាក់ ។

 

លោកហ៊ុយ សារុន អភិបាលខណ្ឌមានជ័យបានលើកឡើង ថ្លែងកោតសរសើរទៅដល់ក្រុមប្រឹក្សាខណ្ឌមានជ័យដែលបានរួមដៃគ្នាជាមួយអាជ្ញាធរ

ខណ្ឌមានជ័យលើការងារអភិវឌ្ឍន៍ និងរក្សាការពារសន្តិសុខល្អប្រសើរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់