កែប ១៣ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាក្រុងកែប ខេត្តកែប អាណត្តិទី២ ត្រូវបានរៀបចំឡើងកាលពីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតីភាព…
កែប ១៣ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាក្រុងកែប ខេត្តកែប អាណត្តិទី២ ត្រូវបានរៀបចំឡើងកាលពីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីក្រុមប្រឹក្សាក្រុងដែលជាប់ឆ្នោត៧នាក់ (ស្រី១នាក់) អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាល អភិបាលរងក្រុង នាយករដ្ឋបាលក្រុង មន្ទីរជំនាញអង្គភាពជុំវិញខេត្ត ការិយាល័យរដ្ឋបាលក្រុង កងកម្លាំងទាំងបី ចៅសង្កាត់ ស្មៀនសង្កាត់ មេភូមិ នាយកសាលាអនុវិទ្យាល័យ សរុបចំនួន៨៤នាក់ (ស្រី១០នាក់)
លោក ងិន ងិនដា អភិបាលក្រុងកែប មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីស្ថានភាពអនុវត្តក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាក្រុង។ លោក ព្រុំ គន្ធី នាយករដ្ឋបាល សាលាខេត្តបានអានអនុក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងកែប។ បន្ទាប់មក ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានប្រគល់អនុក្រឹត្យជូនក្រុមប្រឹក្សា។
លោក អ៊ិន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុង មានមតិ ចាប់អារម្មណ៍ និងប្តេជ្ញាចិត្ត ខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្តនានាឲ្យបានខ្ជាប់ខ្ជួន ពង្រឹងសាមគ្គីភាពឲ្យទៅជារដ្ឋបាលឯកភាព ធានាបាននូវការអនុវត្ត ឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បណ្ដុះបណ្ដាលរៀនសូត្រ ដើម្បីលើកកំពស់អភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងឲ្យបានល្អប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់ក្រុមប្រឹក្សាក្រុង៖
- យកចិត្តទុកដាក់អនុវត្តខ្លឹមសារតាមប្រកាសលេខ១៦២៣ ប្រកចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤របស់ក្រសួងមហាផ្ទៃ ជាអាទិ៍កិច្ចការចំពោះមុខរួមមាន៖ ការរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី១ ដែលត្រូវផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ផ្ដួចផ្ដើមគំនិតរៀបចំពង្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ របាយការណ៍លទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត ការរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី២ ដែលត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែរាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
- បន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈតាមបណ្ដាជំនាញរៀងខ្លួន
- បន្តលើកកម្ពស់អភិវឌ្ឍធនធានមនុស្សបន្ថែមទៀត
- ធ្វើការសិក្សាស្រាវជ្រាវឲ្យបានដឹងច្បាស់លាស់អំពីបញ្ហាកង្វល់ បញ្ហាប្រឈមរបស់ប្រជាជន ហើយទទួលយកបញ្ហាទាំងនោះមកធ្វើការដោះស្រាយ
- បន្តលើកកម្ពស់ទទួលខុសត្រូវឲ្យបានទាន់ពេលវេលាក្នុងការកំណត់តារាងតម្លៃសេវាសាធារណៈ ដោយធ្វើការប្រកាសផ្សព្វផ្សាយបិទតាមសាលាឃុំ សង្កាត់ ឲ្យប្រជាជនបានយល់ដឹង
- បន្តទប់ស្កាត់បទល្មើលព្រៃឈើ ជលផល និងបទល្មើសកើតមានក្នុងភូមិ ឃុំ សង្កាត់ ដែលត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឲ្យបានជាប្រចាំ
- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាល គោរពច្បាប់ គោលនយោបាយឲ្យបានខ្ជាប់ខ្ជួន ពង្រឹងរបៀបរបបអនុវត្តការងារ សំដៅអភិវឌ្ឍមូលដ្ឋាន ធានាឆ្លើយតបតម្រូវការរបស់ប្រជាជន៕