ការ​ពង្រឹង​សមត្ថភាព​​ផ្នែក​ទស្សនទាន​យេនឌ័រ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​កណ្ដាល

កណ្ដាល ១២ មិថុនា ២០១៥៖ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពបន្ថែមស្ដីពីទស្សនទានយេនឌ័រ ជូនដល់សមាជិកក្រុមប្រឹក្សា គណៈអភិបាលនិងថ្នាក់ដឹកនាំខេត្តកណ្ដាល រដ្ឋបាលខេត្តកណ្ដាល សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំសិក្ខាសាលាស្ដីពីទស្សនទានយេនឌ័រ…

កណ្ដាល ១២ មិថុនា ២០១៥៖ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពបន្ថែមស្ដីពីទស្សនទានយេនឌ័រ ជូនដល់សមាជិកក្រុមប្រឹក្សា គណៈអភិបាលនិងថ្នាក់ដឹកនាំខេត្តកណ្ដាល រដ្ឋបាលខេត្តកណ្ដាល សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំសិក្ខាសាលាស្ដីពីទស្សនទានយេនឌ័រ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្ដាល។

 

ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅគ្រប់វិស័យ។ ជាក់ស្ដែងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីមានការកើនឡើងជាលំដាប់ពី៩,៤% នៅអាណត្តិទី១ ទៅ១៤,១% នៅអាណត្តិទី២ និងកើនដល់១៧,៧៨% នៅក្នុងអាណត្តិទី៣។

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍បន្តទៀតថា កន្លងមកសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការក្នុងខេត្តកណ្ដាល តែងតែទទួលបានវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាពង្រឹងសមត្ថភាពជារឿយៗស្ដីពីទស្សនទានយេនឌ័រពីថ្នាក់ជាតិ ខេត្ត និងអង្គការនានា ប៉ុន្តែមិនធ្លាប់មានវគ្គបណ្ដុះបណ្ដាលពេញលេញនោះទេ។ សិក្ខាសាលាលើកនេះនឹងធ្វើឱ្យសិក្ខាកាមដែលជាថ្នាក់ដឹកនាំ ដែលជាអ្នកមានសិទ្ធធ្វើផែនការ និងសេចក្ដីសម្រេចចិត្តនឹងគិតគូរពីផលប្រយោជន៍ និងផលប៉ះពាល់របស់ស្ត្រី និងក្រុមជនងាយរងគ្រោះបានកាន់តែច្រើន។

 

ឯកឧត្ដមបានបន្ថែមថា សម្រាប់ឆ្នាំ២០១៥នេះ សមាជិកក្រុមប្រឹក្សានឹងត្រូវចូលរួមវគ្គផ្សេងៗចំនួន៤វគ្គទៀត ដែលគ្រោងនឹងរៀបចំ១វគ្គសម្រាប់មួយខែ។

 

ក្នុងសិក្ខាសាលានោះដែរ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) បានមានប្រសាសន៍លើកឡើងពីការចាំបាច់ក្នុងការពង្រឹងសមត្ថភាពឱ្យបានស៊ីជម្រៅផ្នែកទស្សនទានយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីដើម្បីអនុវត្តឱ្យបាននូវសមភាពយេនឌ័រក្នុងសង្គម និងដែនសមត្ថកិច្ចរបស់ខ្លួន។ ការអនុវត្តកន្លងមក សង្កេតឃើញថានៅមានគម្លាតរវាងស្ត្រី និងបុរសក្នុងតួនាទី និងការធ្វើសេចក្ដីសម្រេចចិត្តទាំងថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

 

ទន្ទឹមនិងនោះ លោកជំទាវបានសំណូមពរ ដល់ថ្នាក់ខេត្ត និងថ្នាក់ជាតិគួរគិតគូរពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមប្រឹក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀតរួមមាន៖ (១). ជំនាញត្រួតពិនិត្យ និងវាយតម្លៃ  (២). ជំនាញសម្របសម្រួល និងទំនាក់ទំនង (៣). ជំនាញវិភាគ និងដោះស្រាយបញ្ហា និង (៤). ទាក់ទងនិងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ល។

 

គួរបញ្ជាក់ថា ផ្អែកតាមឯកសារផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ឆ្នាំ២០១៥-២០១៧ នៃកម្មវិធីជាតិបានដាក់បញ្ចូលយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនានាសម្រាប់បង្កើនចំនួនស្ត្រីក្នុងមុខតំណែងថ្នាក់គ្រប់គ្រង និងបង្កើនសមាមាត្របុគ្គលិកជាស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះក៏បានកំណត់នូវចំណុចដៅយ៉ាងជាក់លាក់ដែលត្រូវសម្រេចឱ្យបានយ៉ាងហោចណាស់១៦% នៃនាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនៃសាលារាជធានី ខេត្ត  និង ២២% នៃនាយក នាយករងរដ្ឋបាល និង ប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃសាលាក្រុង ស្រុក ខណ្ឌ គឺជាស្ត្រី៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់