មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ស្ពាន លូ និង​គូស​គំនូស​សញ្ញា​ចរាចរណ៍

កណ្ដាល ៣ ធ្នូ ២០១៤៖ ដោយសារតែផ្លូវកំពង់សំណាញ់ទី១ ទី២ ទី២A  និងទី៣ ជាភូមិសាស្ត្រមានសភាពទាបធ្វើអោយមានការលិចទឹកភ្លៀងជារៀងរាល់ឆ្នាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានបើកការដ្ឋានសាងសង់ផ្លូវ  ស្ពាន លូ និងគូសគំនូសសញ្ញាចរាចរណ៍ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ដែលស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

កណ្ដាល ៣ ធ្នូ ២០១៤៖ ដោយសារតែផ្លូវកំពង់សំណាញ់ទី១ ទី២ ទី២A  និងទី៣ ជាភូមិសាស្ត្រមានសភាពទាបធ្វើអោយមានការលិចទឹកភ្លៀងជារៀងរាល់ឆ្នាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានបើកការដ្ឋានសាងសង់ផ្លូវ  ស្ពាន លូ និងគូសគំនូសសញ្ញាចរាចរណ៍ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ដែលស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

ពិធីនេះការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ាន ប៊ុនធៀវ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល និងមានកាចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

 

តាមរបាយការណ៍របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការជួសជុលផ្លូវកំពង់សំណាញ់ទី១ ទី២ ទី២A និងទី៣ ដោយចាក់កៅស៊ូពីស្រទាប់ DBST មានប្រវែងសរុប២៧៥៩ម៉ែត្រ ទទឹង៦ម៉ែត្រ។ អ៊ុតផ្លូវកៅស៊ូបេទីម AC មួយខ្សែឡើងវិញទំហំ២៣.៤៤៥ម៉ែត្រការ៉េ ដាក់លូមុខកាត់៨០០សងខាងផ្លូវប្រវែង៣.២៨០ម៉ែត្រ និងលូ១៣៧កន្លែង លូមុខកាត់៨០០ កាត់ទទឹងផ្លូវចំនួន១៧កន្លែង និងដាក់លូមុខកាត់១០០០ចំនួន២កន្លែង។ ក្រៅពីនេះមានការសាងសង់ស្ពានបេតុង១កន្លែងប្រវែង១៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងព្រមទាំងគួសគំនូសសញ្ញាចរាចរណ៍នៅលើផ្លូវក្នុងក្រុងតាខ្មៅ ដែលត្រូវចំណាយថវិកាសរុបក្នុងគម្រោង ចំនួន៧.៦៦៨.០០០.000 រៀល។

 

មានមតិសំណេះសំណាលឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា បច្ចុប្បន្នមានការរីកចម្រើន និងការអភិវឌ្ឍន៍បានធ្វើឲ្យក្រុងតាខ្មៅមានការប្រែប្រួលថ្មី និងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋកាន់តែងាយស្រួលដែលបាន រួមចំណែកយ៉ាងសំខាន់ក្នុងការកែប្រែសោភ័ណភាពទីក្រុង។

 

ឯកឧត្ដមបានបន្តទៀតថា ដើម្បីរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានល្អប្រសើរ យើងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ចេះយោគយល់អធ្យាស្រ័យគ្នាមិនត្រូវរំលោភដីចំណីផ្លូវ និងបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈជាដាច់ខាត។ ឯកឧត្ដមបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវត្រូវជួយសម្រួលដល់ការសាងសង់ដល់ក្រុមការងារ ស្ថាបនា ផ្លូវ ស្ពាន លូ ឲ្យប្រព្រឹត្តិទៅបានល្អដើម្បីដាក់ក្រុងតាខ្មៅ ប្រឡងប្រជែងជាមួយក្រុងនានា ជាទីក្រុងស្អាត៕ ដោយ៖ អែម រ៉ាវី

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់