ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​សាលា​បឋមសិក្សា​មិត្តភាព​កម្ពុជា-ប៉ូឡូញ ជ័យ​មង្គល

កណ្ដាល ២១ វិច្ឆិកា ២០១៤៖ អាគារសិក្សាចំនួន៥ខ្នង ស្មើនិង១៣បន្ទប់ រួមទាំងសម្ភារៈសិក្សាមួយចំនួនទៀតដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា ប៉ូឡូញជ័យមង្គល ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១។

កណ្ដាល ២១ វិច្ឆិកា ២០១៤៖ អាគារសិក្សាចំនួន៥ខ្នង ស្មើនិង១៣បន្ទប់ រួមទាំងសម្ភារៈមួយចំនួនទៀតរួមមានកុំព្យូទ័រចំនួន២គ្រឿង ទូរឯកសារ ៥គ្រឿង ទោង៣គ្រឿង និងបង់ថ្មដែលជាការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលា បឋមសិក្សាមិត្តភាពកម្ពុជា ប៉ូឡូញជ័យមង្គល ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១។

 

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីនេះ រួមមានឯកឧត្ដម ជាវ តាយ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម អ៊ឺម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ្ស៊េ ណូគុះឆាត ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉ូឡូញប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

 

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោកអភិបាលស្រុកកៀនស្វាយ លោកអ៊ិត ចាន់ថន នាយកសាលាបឋមសិក្សាមិត្តភាពកម្ពុជា ប៉ូឡូញជ័យមង្គល បានអោយដឹងថា រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញ បានចាប់ផ្ដើមឧបត្ថម្ភដល់សាលារៀនតាំងពីឆ្នាំ២០០០ ហើយរហូតមកដល់២០១៤នេះ បានជួយឧបត្ថម្ភអាគារសិក្សាចំនួន៥ខ្នង ស្មើនិង១៣បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើអោយការសិក្សារបស់សាលាក៏ដូចជាសិស្សានុសិស្ស និងសម្ភារៈកីឡាជាច្រើនទៀតសរុបជាទឹកប្រាក់ចំនួន៩៣.៣៩៣ដុល្លារអាមេរិក។

 

ឯកឧត្ដម ហ្ស៊េ ណូគុះឆាត បានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងក្រសួងអប់រំយុវជន និងកីឡាដែលបានជួយសម្រួល និងបង្កលក្ខណៈអោយរដ្ឋាភិបាលនិងប្រជាជនប៉ូឡូញ បានជួយដល់វិស័យអប់រំនៅក្នុងស្រុកកៀនស្វាយជាពិសេសសាលាបឋមសិក្សាជ័យមង្គលនេះ សំដៅធ្វើអោយក្មួយៗមានអាគារ និងសម្ភារៈគ្រប់គ្រាន់សម្រាប់បំពេញការសិក្សា។

 

ក្នុងនាមអាជ្ញាធរខេត្តកណ្ដាល ឯកឧត្ដម ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ដែលបានស្វែងយល់ពីការខ្វះខាតរបស់សាលាហើយបានរួមចំណែកកសាងអាគារនិងឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្សរៀងរហូតមក។

 

ឯកឧត្ដម ជាវ តាយ មានប្រសាសន៍បន្តទៀតថា នេះជាសកម្មភាពមួយដ៏ល្អដែលខេត្ត និងស្រុក ពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចងចាំមិនអាចបំភ្លេចបាននូវជំនួយដ៏មានតម្លៃលើផ្នែកស្មារតី និងចំណេះដឹងដែលគ្រប់មនុស្សទូទាំងពិភពលោកតែងចាត់ទុកចំណេះវិជ្ជាគឺជាទ្រព្យសម្បត្តិ ដែលគ្មាននរណាម្នាក់អាចលួចបាន។ ចំណេះវិជ្ជានេះ គឺជាឃ្លាំងទ្រព្យមហាសាល ក្នុងការបង្កើនជីវភាពរស់នៅនិងសម្រាប់សង្គមជាតិ សង្គមគ្រួសារ និងខ្លួនឯងផ្ទាល់។

 

ឯកឧត្ដមបានក្រើនរំលឹកដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងចូលរួមថែរក្សាសមិទ្ធផលនានា នៅក្នុងសាលាអោយបានល្អដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ដោយ៖ ទិត តូ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=497&menu=23

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់