គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​កណ្ដាល​ បើក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​លើក​ទិល​ដៅ​បន្ត​ឆ្នាំ​២០១៥

កណ្ដាល ១៦ មករា ២០១៥៖ នៅសាលប្រជុំខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក) ខេត្តកណ្ដាល បានបើកកិច្ចប្រជុំក្នុងគោលបំណងឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៤ នៃការអនុវត្តការងាររបស់គ.ក.ស.ក ខេត្តកណ្ដាល…

កណ្ដាល ១៦ មករា ២០១៥៖ នៅសាលប្រជុំខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥  គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក) ខេត្តកណ្ដាល បានបើកកិច្ចប្រជុំក្នុងគោលបំណងឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៤ នៃការអនុវត្តការងាររបស់ គ.ក.ស.ក ខេត្តកណ្ដាល និងដើម្បីធ្វើការពិភាក្សារកចំណុចល្អ និងចំណុចអវិជ្ជមានដើម្បីធ្វើការកែលំអតម្រង់ទិសលើបញ្ហាពាក់ព័ន្ធ និងសមភាពយេនឌ័រ ស្ត្រី យុវវ័យ និងកុមារ និងជនងាយរងគ្រោះ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៥។

 

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីពីឯកឧត្ដមនួន ផា ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាជិក គ.ក.ស.ក ខេត្ត មន្ត្រីទទួលបន្ទុកការងារស្ត្រី និងកុមារតាមបណ្ដា ក្រុង ស្រុកទាំង១១ របស់ខេត្តកណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម នួន ផា ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តកណ្ដាល បានផ្ដល់អនុសាសន៍ដល់សមាជិកទាំងអស់ត្រូវចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការអនុវត្តរបស់ខ្លួនកន្លងមកហើយរួមគ្នាធ្វើការពិភាក្សាពិគ្រោះយោបល់ស្វែងរកបញ្ហាប្រឈមនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីរកវិធីដោះស្រាយរួមទាំងពង្រឹងកិច្ចទំនាក់ទំនងអោយកាន់តែប្រសើរឡើងរវាង គ.ក.ស.ក ខេត្ត ក្រុង ស្រុក និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ (គ.ក.ន.ក) ស្ថាប័ន មន្ទីរ អង្គភាពផ្សេងទៀតដើម្បីជំរុញឲ្យការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

 

ឯកឧត្ដមបានសំណូមពរដល់សមាជិក គ.ក.ស.ក និង គ.ក.ន.ក ត្រូវចុះមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់និងពិគ្រោះយោបល់លើសេវាសង្គមដែលមានបញ្ហាកើតឡើងនិងត្រូវបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនៅតាមជនបទតាមរយៈការបណ្ដុះបណ្ដាលមុខជំនាញ ការអប់រំគោលនយោបាយដែលពាក់ព័ន្ធស្ត្រី និងកុមារ។

 

បន្ទាប់មកតំណាង គ.ក.ស.ក ស្រុកពញាឮ និងមន្ត្រីទទួលបន្ទុកកិច្ចការនារីឃុំត្បែង ស្រុកកណ្ដាលស្ទឹងបានធ្វើបទបង្ហាញពីបទពិសោធន៍ការងារដែលបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗព្រមទាំងបែងចែកក្រុមពិភាក្សាផងដែរ៕ អត្ថបទដោយ៖ វរៈ

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=546&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់