ពិធី​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្អាងភ្នំ

កណ្ដាល ៣០ មិថុនា ២០១៥៖ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន៣១៥០ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋជាម្ចាស់ដីនៅភូមិចំនួន៤ ក្នុងឃុំស្អាងដែលរួមមាន ភូមិព្រែកស្លែង ភូមិព្រែកខ្មែរ ភូមិដំរីឆ្លងនិង ភូមិពាមសាលា។

 

កណ្ដាល ៣០ មិថុនា ២០១៥៖ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន៣១៥០ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋជាម្ចាស់ដីនៅភូមិចំនួន៤ ក្នុងឃុំស្អាងដែលរួមមាន ភូមិព្រែកស្លែង ភូមិព្រែកខ្មែរ ភូមិដំរីឆ្លងនិង ភូមិពាមសាលា។ នេះជាការបញ្ជាក់អះអាងរបស់លោក ប៉ាវ ផល្លា ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល នៅក្នុងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ដោយមានវត្តមានឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតី។

 

លោកប្រធានមន្ទីរបានអោយដឹងផងដែរថា ក្រុមទាំង៤របស់គម្រោងបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន៧៣លើកស្មើនិង ១៥៨,១៦៦ប័ណ្ណ ក្នុងនោះក្រុមទី១ចែកប័ណ្ណបាន៦៧,៩១១ប័ណ្ណ ក្រុមទី៣បាន៥៦,៨៨៦ប័ណ្ណ ក្រុមទី៤បាន៣៩,៣៦៩ប័ណ្ណ។

 

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានជម្រាបជូនពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូនការគ្រប់គ្រងដីមាន៣គឺសិទ្ធក្នុងការអាស្រ័យផល សិទ្ធប្រើប្រាស់លើដី និង សិទ្ធក្នុងចាត់ចែងលើដីរបស់ខ្លួន។ ក្នុងចំណោមសិទ្ធទាំង៣ បើពុំមានសិទ្ធណាមួយនោះទេ ដីដែលបងប្អូនកំពុងកាន់កាប់នោះ ពុំមែនជាកម្មសិទ្ធស្របច្បាប់របស់បងប្អូននោះទេ។

 

ឯកឧត្ដមបានបន្តទៀតថា ការផ្ដល់កម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកជំរុញ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មអោយកាន់តែមានការកើនឡើងថែមទៀត។ ម្យ៉ាងទៀតការផ្ដល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះក៏ជាការរួមចំណែកជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងក្រុមហ៊ុនដែលកន្លងមកបញ្ហានេះតែងតែកើតឡើងធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ច។

 

ឯកឧត្ដមបានបន្តទៀតថាការធ្វើអោយមានភាពច្បាស់លាស់ដល់ការកាន់កាប់ដីធ្លីរបស់ក្រុមហ៊ុនវិនិយោគនេះ សបញ្ជាក់អោយឃើញយ៉ាងច្បាស់នូវនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ក្នុងការផ្ដល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគសំដៅជំរុញអោយផ្នែកឯកជនបានរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្ដល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋរស់នៅតំបន់វិនិយោគនោះយ៉ាងពិតប្រាកដ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់