កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​លទ្ធផល​នៃ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងចក្រ​ជីក​ប្រឡាយ និង​ហ៊ុមព័ទ្ធ​ដី​នៅ​ក្នុង​អតីត​ឡូត៍​នេសាទ

កណ្ដាល ២៩ កក្កដា ២០១៥៖ រដ្ឋបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធផលនៃប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបគ្រឿងចក្រជីកប្រឡាយ និងហ៊ុមព័ទ្ធដីនៅក្នុងអតីតឡូត៍នេសាទ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

 

កណ្ដាល ២៩ កក្កដា ២០១៥៖ រដ្ឋបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធផលនៃប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបគ្រឿងចក្រជីកប្រឡាយ និងហ៊ុមព័ទ្ធដីនៅក្នុងអតីតឡូត៍នេសាទ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

 

ក្នុងកិច្ចប្រជុំនោះ លោក ឃ្លាំង វណ្ណធុល ប្រធានផ្នែករដ្ឋបាលជលផល កណ្ដាលបានបញ្ជាក់ថា ដោយមានករណីរំលោភយកដីក្នុងអតីតឡូត៍នេសាទដោយប្រើប្រាស់គ្រឿងចក្រជីកប្រឡាយ និងហ៊ុមព័ទ្ធយកដី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល បានដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ ពិសេសខណ្ឌរដ្ឋបាលជលផលកណ្តាល  កងកម្លាំងប្រដាប់អាប់អាវុធ សហការជាមួយស្រុក ចាត់វិធានការលើការប្រើប្រាស់គ្រឿងចក្ររំលោភយកដីដែលការអនុវត្តនេះចាប់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

 

លោកបន្តថា ប្រតិបត្តិការបានសម្រេចឃាត់ចាប់បណ្ដោះអាសន្នបានគ្រឿងចក្រចំនួន២៤គ្រឿង ក្នុងនោះមានអេស្កាវ៉ាទ័រចំនួន១១គ្រឿង អាបុល ៤គ្រឿង (ខូច២គ្រឿង) ត្រាក់ទ័រចំនួន ២គ្រឿង រថយន្តដឹកដីចំនួន៣គ្រឿង នៅស្រុកកៀនស្វាយ។ ចាប់ជាបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ២គ្រឿងប្រភេទអេស្កាវ៉ាទ័រ កំពុងធ្វើសកម្មភាពជីកប្រឡាយមួយខ្សែប្រវែង៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និងជម្រៅ២ម៉ែត្រ នៅចំណុចខាងលិចទួលព្រះអង្គ ឃុំកំពង់ស្វាយ ដែលទីតាំងនេះស្ថិតក្នុងដីកាលេខ ៦០ដ.ករបស់សាលាខេត្តកណ្តាល។ នៅស្រុកស្អាងចាប់អេស្កាវ៉ាទ័រ ៥គ្រឿងកំពុងជីកប្រឡាយ១ខ្សែប្រវែង ១២៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ជំរៅ២ម៉ែត្រ ត្រង់ចំណុចពាមសួក្នុងភូមិទយលក្តី ឃុំត្រើយស្លាដែលទីតាំងនេះស្ថិតនៅក្នុងអតីតឡូត៍នេសាទលេខ០៤ ខេត្តកណ្តាល កាត់រំសាយក្នុងឆ្នាំ២០១។  ជីកប្រឡាយមួយខ្សែទំហំមាត់លើ ៤ម៉ែត្រ X ២,៥ម៉ែត្រ X ១ម៉ែត្រ ប្រវែង១០០ម៉ែត្រ នៅឃុំស្វាយប្រទាលដែលទីតាំងនេះជាប់ពាក់ព័ន្ធដីកាដកហូតលេខ២៦០ របស់សាលាខេត្តកណ្តាល។ ជីកស្តារប្រឡាយចាស់២ខ្សែនៅភូមិពោធិក្រោម ឃុំត្រើយស្លា ប្រវែង ១១០០ម៉ែត្រ ដែលជាទីតាំងភូមិសាស្ត្រជាប់ពាក់ព័ន្ធអតីតឡូត៍នេសាទលេខ០៣ និងដីកាដកហូតលេខ ៦០របស់សាលាខេត្តកណ្ដាល។ នៅស្រុកកោះធំចាប់ជាបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ១៤គ្រឿងដែលធ្វើសកម្មភាពនៅភូមិព្រែកតារត្ន ឃុំពោធីបាន ដែលទីតាំងនេះជាប់ពាក់ព័ន្ធអតិតឡូត៍នេសាទលេខ ០៥របស់ខេត្តបានរំសាយនៅឆ្នាំ២០០។ នៅស្រុកល្វាឯម ចាប់បានគ្រឿងចក្រ ៣គ្រឿងកំពុងជីកប្រឡាយនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង និងឃុំបារ៉ុង ដែលទីតាំងនេះស្ថិតក្នុងអតីតឡូត៍នេសាទលេខ ១៨របស់ខេត្ត  ដែលបានរំសាយនៅឆ្នាំ២០១។

 

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងបានគូសបញ្ជាក់ថា រាល់បទល្មើសជលផលដែលកើតឡើងត្រូវតែទប់ស្កាត់ឲ្យខានតែបាន ទោះបីមានអ្នកមានអំណាចនៅពីក្រោយខ្នងក៏ដោយត្រូវអនុវត្តទៅតាមច្បាប់។ បើជំនាញអនុវត្តទៅជួបការលំបាកត្រូវរាយការណ៍សុំយោបល់ពីខេត្ត ខេត្តនឹងរាយការណ៍ជូនថ្នាក់ជាតិដើម្បីឲ្យការដោះស្រាយទទួលបានប្រសិទ្ធភាព។

 

ឯកឧត្ដមបន្តទៀតថា ដោយឡែកប្រជាពលរដ្ឋដែលទទួលម៉ៅការប្រកបអាជីវកម្ម រុករានដីខុសច្បាប់ដោយខ្វះការយល់ដឹង អាជ្ញាធរគួរបន្ធូរបន្ថយទោស និងធ្វើការអប់រំណែនាំតាមច្បាប់ ត្រូវអនុវត្តតាមនីតិវិធីទៅតុលាការទី១ និងទី២គឺពិន័យប្រាក់ពី៥លានទៅ១០លានរៀល តែបើអនុវត្តតាមច្បាប់វិញគឺត្រូវពិន័យប្រាក់ពី ៥លានទៅ៥០លានរៀល។ សំខាន់បំផុតត្រូវឲ្យម្ចាស់គ្រឿងចក្របញ្ចប់ការធ្វើអាជីវកម្ម ដោយខុសច្បាប់លើដីដែលពាក់ព័ន្ធសម្បត្តិរបស់រដ្ឋ ហើយជំនាញជលផលត្រូវយកបទបង្ហាញនេះផ្សព្វផ្សាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាដើម្បីផ្សព្វផ្សាយបន្ត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់