ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល ឃុំ​ទឹកឃ្លាំង

កណ្ដាល ៣ សីហា ២០១៥៖ អគាររដ្ឋបាលឃុំទឹកឃ្លាំង ស្ថិតក្នុងស្រុកល្វាឯម ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។

កណ្ដាល ៣ សីហា ២០១៥៖ អគាររដ្ឋបាលឃុំទឹកឃ្លាំង ស្ថិតក្នុងស្រុកល្វាឯម ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។

 

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណជាង៦០៩នាក់។

 

បន្ទាប់ពី ប៊ុន ផេន អភិបាលស្រុកល្វាឯម ធ្វើរបាយការណ៍ស្ដីពីស្ថានភាពរួមរបស់ស្រុករួចមក មានមតិក្នុងពិធី ឯកឧត្ដមម៉ៅ ភិរុណ បានបញ្ជាក់ថា ដោយមើលឃើញ ពីកង្វល់ និងការលំបាកនានារបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅក្នុងឃុំទឹកឃ្លាំង រដ្ឋបាលខេត្តកណ្តាល សម្រេចវិភាជន៍ នូវថវិកាដើម្បីសាងសង់សាលាឃុំ អំពីឥដ្ឋប្រកក្បឿងមានទំហំ១៤,៦០ម៉ែត គុណ១០ម៉ែត ហើយត្រូវចំណាយថវិកាចំនួន២២៩លានរៀល ជាថវិកាគុណប្រយោជន៍ខេត្ត ដោយប្រើប្រាស់ពេលវេលាក្នុងការសាងសង់ រយៈពេល៩០ថ្ងៃ ដោយក្រុមហ៊ុន LPC។

 

ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា វាជាការចាំបាច់ បំផុតដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានកន្លែងធ្វើការសមរម្យ ដើម្បីអាចអនុវត្ត បេសកកម្ម មុខងារជាកាតព្វកិច្ច មុខងារជាជម្រើស ការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកប្រើប្រាស់ សេវាព្រមទាំង ដើម្បីទុកឯកសារនានា ជាពិសេសឯកសារអត្រានុកូលដ្ឋានឲ្យមានសុវត្ថិភាព ធានាបាននូវនិរន្តរភាព។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់របស់ស្រុកល្វាឯមដែលបានចូលរួម ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសសេវាអត្រានុកូលដ្ឋាន ដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវាទៅតាមការកំណត់របស់ច្បាប់ បញ្ឈប់ឲ្យបានដាច់ខាតនូវការចុះហត្ថលេខា លើលិខិត ទិញ លក់ដី សាធារណៈរបស់រដ្ឋ ដីបឹង និងឯកសារផ្សេងៗ ដែលហាមដាច់ខាតដោយច្បាប់ ចុះជាប់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីការលំបាក របស់ប្រជាជន ហើយធ្វើការដោះស្រាយ ជាបន្ទាន់ទៅតាមលទ្ធភាពជាក់ស្ដែង។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៍បានផ្ដល់បង្គន់អនាម័យ និងបន្ទប់ទឹក ក្នុងសាលាឃុំទឹកឃ្លាំងចំនួន១ និងបានជូនថវិកាដល់ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ផងដែរក្នុងម្នាក់១ម៉ឺនរៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់