បណ្ណាល័យ​អេឡិចត្រូនិក​ដំបូង​បង្អស់​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ការ​អាន​និង​ការ​សិក្សា​របស់​កុមារ (AKP)

កណ្ដាល ៧ មីនា ២០១៦៖ បណ្ណាល័យអេឡិចត្រូនិកដំបូងបង្អស់សម្រាប់សាលាបឋមសិក្សានៅក្នុងខេត្តកណ្ដាល ហើយក៏អាចនិយាយបានថានៅមិនទាន់មាននៅឡើយដែរ នៅតាមបណ្ដាខេត្តដទៃៗទៀតជាច្រើន ត្រូវបានសម្ពោធកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ចាប់ផ្ដើមឱ្យសិស្សានុសិស្ស និងគ្រូបង្រៀនប្រើប្រាស់ជាពិសេសនូវឧបករណ៍អេឡិចត្រូនិកមួយចំនួននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

កណ្ដាល ៧ មីនា ២០១៦៖ បណ្ណាល័យអេឡិចត្រូនិកដំបូងបង្អស់សម្រាប់សាលាបឋមសិក្សានៅក្នុងខេត្ត កណ្ដាល ហើយក៏អាចនិយាយបានថានៅមិនទាន់មាននៅឡើយដែរ នៅតាមបណ្ដាខេត្តដទៃៗទៀតជាច្រើន ត្រូវបានសម្ពោធកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ចាប់ផ្ដើមឱ្យសិស្សានុសិស្ស និងគ្រូបង្រៀនប្រើប្រាស់ជាពិសេសនូវឧបករណ៍អេឡិចត្រូនិកមួយចំនួននៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

 

ពិធីសម្ពោធនៅក្រោមគម្រោងបឋមមួយរបស់អង្គការ អេដ អេ អាក់ស្យុង សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានប្រព្រឹត្តទៅដោយមានការចូលរួមកុះករពីសំណាក់តំណាងមន្ទីរអប់រំខេត្ត អាជ្ញាធរមូលដ្ឋាន នាយកសាលា សិស្សានុសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សចំនួនប្រមាណ១ពាន់នាក់។

 

ជាមួយនឹងការសម្ដែងសេចក្ដីសប្បាយរីករាយ និងអំណរគុណដល់អង្គការអេដ អេ អាក់ស្យុង ចំពោះការបង្កើតបណ្ណាល័យ និងការបំពាក់ឧបករណ៍អេឡិចត្រូនិកទាំងនោះផង ប្រធានមន្ទីរអប់រំខេត្តកណ្ដាលបានថ្លែងតាមរយៈតំណាងរបស់លោកក្នុងឱកាសនោះថា កម្មវិធីសម្ពោធបណ្ណាល័យនិងបំពាក់ឧបករណ៍អេឡិចត្រូនិកនេះ សំខាន់ណាស់ព្រោះវាជាការជួយជំរុញការអាន និងការបង្កើនចំណេះដឹងរបស់កុមារបន្ថែមទៀត។

 

លោកបានបន្ថែមថា «អំណានជាផ្នែកមួយនៃការលើកកម្ពស់ចំណេះដឹង ដូច្នេះការរៀបចំបង្កើតបណ្ណាល័យ អេឡិកត្រូនិក បំពាក់ដោយឧបករណ៍ Tablet និងទូរទស្សន៍ជាដើមនោះ កាន់តែមានសារសំខាន់»។

 

លោក វន សំភាស់ នាយកកម្មវិធីរបស់អង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងធំៗបីគឺ៖ ១- ជួយអភិវឌ្ឍវប្បធម៌អំណានសម្រាប់សិស្សានុសិស្ស ដែលរស់នៅតំបន់ដាច់ស្រយាល ក៏ដូចជាប្រជាជនកម្ពុជាយើងទាំងមូល, ២- ធ្វើឱ្យមានភាពសម្បូរ បែបទាំងបរិមាណ និងគុណភាពសម្រាប់សៀវភៅអាន និងសម្ភារៈសិក្សាផ្សេងៗទៀត តាមប្រព័ន្ធឌីជីថល តាមរយៈការសហការ និងការលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងការផលិតសៀវភៅ និងឯកសារថ្មីៗ, ៣- ជួយពង្រឹងគុណភាពអប់រំនៅតាមមត្តេយ្យ និង បឋមសិក្សានៅតាមតំបន់ដាច់ស្រយាល ដោយពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូតាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យា ICT។

 

លោកបានថ្លែងថា «ថ្ងៃនេះ ពេលនេះ យើងបោះជំហានបន្តទៀតក្នុងការកសាងអនាគតកូនចៅយើងឱ្យចេះអាន មានចំណេះដឹង និងឱ្យក្លាយជាអ្នកដឹកនាំ» ។

 

ប្រធានការិយាល័យអប់រំស្រុកស្អាង លោក សំរឹត ឌឿន ដែលតំណាងឱ្យប្រធានមន្ទីរក្នុងឱកាសនោះ កាន់តែគាំទ្រកម្មវិធីនេះថែមទៀត។ «  អេដ អេ អាក់ស្យុង បានជួយទីនេះច្រើនណាស់ ធ្វើឱ្យសាលានេះជាសាលាគម្រូរបស់ស្រុកស្អាង…។ ទូទាំងខេត្តកណ្តាល មិនទាន់មានសាលាណាដែលមានបណ្ណាល័យអេឡិកត្រូនិក ដូចនេះទេ» លោកសម្រឹត ធឿនបញ្ជាក់។

 

ជាមួយនឹងឧបករណ៍ Tablet ថ្មីនៅក្នុងដៃ កំពុងព្យាយាមចុចបញ្ជា និងអានអក្សរ ទាំងកុមារា សុខ សុកើន ទាំងកុមារី ជាវ យ៉ាពីន ទាំងពីរនាក់មានអាយុ៨ឆ្នាំ រៀនថ្នាក់ទី២ ហាក់ដូចជាងាកមកឆ្លើយតបនឹងសំណួរ យើងទាំងទើសទាល់ ក៏ព្រោះតែពួកគេកំពុងតែជក់ចិត្តជាមួយនឹង ឧបករណ៍នោះ។ សុខ សុកើន និយាយថា «បាទខ្ញុំចូលចិត្ត ហើយសប្បាយណាស់បានប្រើវា»។ ចំណែកឯ យ៉ាពីន ក៏មិនខុសពីនេះដែរ។ «ខ្ញុំចូលចិត្តណាស់! ខ្ញុំចង់ប្រើវាឱ្យបានយូរ!»។

 

នៅវគ្គចុងក្រោយក្នុងបណ្ណាល័យ សិស្សទាំងអស់ត្រូវបានណែនាំដោយអ្នកគ្រូ ស៊ុំ ស្រីនី ឱ្យមើលទៅលើទូរទស្សន៍នៅលើជញ្ជាំង និងដែលភ្ជាប់កម្មវិធីជាមួយនឹងឧបករណ៍ Tablet នៅដៃរបស់អ្នកគ្រូ ហើយឱ្យ រៀនអាន និងប្រកបតាមអ្នកគ្រូ។

 

សិស្សនៅក្នុងបណ្ណាល័យបានទស្សនារឿងនិទានបែបគំនូរជីវចល នៅលើកញ្ចក់ទូរទស្សន៍ ហើយឆ្លើយ សំណួរររបស់អ្នកគ្រូ។ ពួកគេទាំងអស់សម្តែងអារម្មណ៍រីករាយ ហាក់ដូចជាមិនទាន់ចង់វិលត្រឡប់ទៅកាន់ថ្នាក់រៀនរៀងៗខ្លួនវិញនៅឡើយ។

 

បន្តបន្ទាប់ពីសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយ រលំ នេះទៅ ក្នុងក្របខ័ណ្ឌនៃគម្រោងដែលមានឈ្មោះថា  Khmer LEARN  ឧបករណ៍ Tablet ចំនួន២១០គ្រឿង រួមជាមួយនឹងទូរទស្សន៍ផងដែរ នឹងត្រូវចែកដល់បណ្ណាល័យនៅតាមសាលាគោលដៅចំនួន៧ ដែលមានសិស្សសរុប១៥០០នាក់ដែលមានអាយុពី៣ ទៅ១១ឆ្នាំ។ ឧបករណ៍ទាំងនេះ ជួយឱ្យកុមារ និងគ្រូបង្រៀន ប្រើបា្រស់ សម្រាប់សកម្មភាពអាន រៀន និងសិក្សាបន្ថែមអំពីវិធីសាស្រ្តបង្រៀនជាដើម។

 

អង្គការ អេដ អេ អាក់ស្យុង គឺជាអង្គការអន្តរជាតិមួយដែលមានទស្សនវិស័យ ធ្វើយ៉ាងណាឱ្យទាំងអស់គ្នាទទួលបានការអប់រំប្រកបដោយគុណភាពដែលជាមូលដ្ឋានគ្រឹះនៃការយោគយល់គ្នាទៅវិញទៅមកការ ពង្រឹងសិទ្ឋិអំណាចផ្ទាល់ខ្លួន និងការកសាងសង្គមពោរពេញដោយសមធម៌នៅទូទាំងពិភពលោក។ អង្គការ នេះមានបេសកកម្មសំខាន់ៗជាអាទិគឺ៖ ជំរុញបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ជាពិសេសការអប់រំជា មូលដ្ឋានសម្រាប់ជនដែលជួបការលំបាក និង ងាយរងគ្រោះ ជនដែលសិទ្ធិជាមូលដ្ឋានរបស់ ពួកគេក្នុងការ ទទួលបានការអប់រំ មិនទទួលបានការគោរព ឬស្ថិតក្នុងភាពអន្តរាយ។ និយាយជារួមគឺក្នុងគោលបំណងជួយ ឱ្យពួកគេអាចជ្រើសរើសអនាគតកាន់តែប្រសើរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់