រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ ​​រួមគ្នា​ដើម្បី​បង្ការ និង​ទប់ស្កាត់​ប្រឆាំង​អំពើ​​ជួញដូរ​មនុស្ស​ ពិសេស​ស្ត្រី​ និង​កុមារ

កណ្ដាល ២១ សីហា ២០១៥៖ ប្រជាពលរដ្ឋចំនួន២៨៥នាក់ (ស្រី១០៨នាក់) អញ្ជើញមកពីភូមិទាំង១១ របស់ឃុំសំពៅពូន ស្រុកកោះធំ បានធ្វើយុទ្ធនាការហែក្បួនម៉ូតូ ផ្សព្វផ្សាយយុទ្ធនាការរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ក្រោមអធិបតីភាពលោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្ដាល។

កណ្ដាល ២១ សីហា ២០១៥៖ ប្រជាពលរដ្ឋចំនួន២៨៥នាក់ (ស្រី១០៨នាក់) អញ្ជើញមកពីភូមិទាំង១១ របស់ឃុំសំពៅពូន ស្រុកកោះធំ បានធ្វើយុទ្ធនាការហែក្បួនម៉ូតូ ផ្សព្វផ្សាយយុទ្ធនាការរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្ដាល។

 

បន្ទាប់ពីលោក អេង មោក្ខ អភិបាលរងស្រុកកោះធំធ្វើរបាយការណ៍សង្ខេបស្ដីពីការងាររួមរបស់ស្រុកពិសេសការងារផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការជួញដូរមនុស្សរួចមកលោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្ដាល បានជម្រាបជូនអង្គពិធីថា អំពើជួញដូរមនុស្ស និងជួញដូរផ្លូវភេទ មានលក្ខណៈច្រើនរូបភាព ដូចជាស្ត្រី និងកុមារមួយចំនួនត្រូវគេបោកបញ្ឆោតដោយអ្នកជិតខាងជាសាច់ញាតិ មិត្តភ័ក្ដិ បងប្អូន ឬឪពុកម្ដាយ។

 

លោកជំទាវបានបន្តថា ភាពក្រីក្រ កង្វះចំណេះដឹង កង្វះការអប់រំ និងកង្វះព័ត៌មានជាមូលហេតុធ្វើឲ្យមានការជួញដូរមនុស្ស និងជួញដូរផ្លូវភេទ។ ពួកគេត្រូវបានគេភូតភរកុហកថានាំទៅរកការងារធ្វើជាអ្នកបម្រើតាមផ្ទះ តាមភោជនដ្ឋាន ឬទៅធ្វើការនៅតាមរោងចក្រក្នុងប្រទេស ក្រៅប្រទេស រៀបអាពាហ៍ពិពាហ៍ដែលក្លែងក្លាយ ការសុំធ្វើជាកូនចិញ្ចឹម និងរូបភាពលក់កូនដើម្បីដោះស្រាយបំណុល។ មូលហេតុទាំងនេះគឺបណ្ដាលមកពីបញ្ហាសង្គមដូចជា អំពើហិង្សាក្នុងគ្រួសារ ការធ្វើបាបដោយឪពុក ឬម្ដាយចុង ឪពុកចុងចិញ្ចឹម អាណាព្យាបាលដែលញៀនគ្រឿងស្រវឹង ញៀនល្បែងស៊ីសង។ល។

 

ក្នុងឱកាសនោះដែរលោកជំទាវអភិបាលរងខេត្តបានរំលឹកដល់សមាជិក សមាជិកា គ.ខ.ប.ជ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តតាមផែនការ សកម្មភាពដែលបានកំណត់សំដៅទប់ស្កាត់ បង្ការអំពើជួញដូរមនុស្ស ស្ត្រី និងកុមារនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

 

បន្ទាប់មកសមាជិកអង្គពិធីទាំងមូលបានដង្ហែក្បូនម៉ូតូរហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាមដែលមានចម្ងាយជិត២គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយបន្តស្ដីពីយុទ្ធនាការរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្សពិសេសស្ត្រី និងកុមារ៕ ដោយ៖ សុខ សៅវរៈ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់