បញ្ហា​ប្រឈម​រវាង​សហគមន៍​នេសាទ​ជា​មួយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ តាមរយៈ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល លើក​ទី១ ​អាណត្ត​ទី២

កណ្ដាល ៨ ធ្នូ ២០១៤៖ បញ្ហាប្រឈមរវាងសហគមន៍នេសាទនៅក្នុងស្រុកលើកដែក ជាមួយប្រជាពលរដ្ឋដែលតែងតែចូលនេសាទក្នុងតំបន់អភិរក្សត្រូវបានដោះស្រាយនៅក្នុង វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តទី២ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងវត្តពាមរាំង ឃុំពាមរាំង ស្រុកលើកដែកខេត្តកណ្ដាល។

កណ្ដាល ៨ ធ្នូ ២០១៤៖ បញ្ហាប្រឈមរវាងសហគមន៍នេសាទនៅក្នុងស្រុកលើកដែក ជាមួយប្រជាពលរដ្ឋដែលតែងតែចូលនេសាទក្នុងតំបន់អភិរក្សត្រូវបានដោះស្រាយនៅក្នុង វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តទី២ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងវត្តពាមរាំង ឃុំពាមរាំង ស្រុកលើកដែកខេត្តកណ្ដាល។

 

ស្រុកលើកដែកមានសហគមន៍នេសាទចំនួន៣កំពុងដំណើរការ ដោយបានបំពាក់បំប៉នខាងសមត្ថភាព និងបច្ចេកទេសជាបន្តបន្ទាប់ពីរដ្ឋបាលជលផលខេត្ត ហើយបានរួមចំណែកការពារធនធានមច្ឆាជាតិតាមគោលការណ៍របស់សហគមន៍នេសាទ។

 

សហគមន៍នេសាទទាំង៣មានតែសហគមន៍នេសាទព្រែកតម្បាញ បានដើរតួនាទីល្អតាមគោលការណ៍ ដោយក្រៅពីបែងចែកផលចំណេញជូនប្រជាពលរដ្ឋជាម្ចាស់ហ៊ុន និងទិញសម្ភារៈសម្រាប់បម្រើក្នុងសហគមន៍ សហគមន៍បានតម្កល់ប្រាក់ទុកក្នុងធនាគារជាង២០លានរៀល និងបានចែកដល់ម្ចាស់ហ៊ុនក្នុង១នាក់២លានរៀល។ ដោយឡែកសហគមន៍នេសាទសណ្ដារ បានចូលរួមចំណែក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំតាមសំណើរបស់ប្រជាពលរដ្ឋ ដូចជាសាងសង់សាលារៀន ធ្វើប្រឡាយទឹក ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានទុក្ខធុរៈ។ សហគមន៍នេសាទព្រែកថ្មីដោយឆ្នាំនេះ ទឹកតូច ការប្រមូលផលត្រីពុំសូវបានច្រើន តែសហគមន៍បានបែងចែកផលចំណេញជូនដល់គ្រប់ភាគីហ៊ុនចំនួន៧៣គ្រួសារ ក្នុង១គ្រួសារ ៨៥ម៉ឺនរៀល រីឯប្រាក់នៅសល់សហគមន៍បានតម្កល់ទុកសម្រាប់ការងារស្នូលរបស់សហគមន៍ក្នុងនោះក៏មានការបង្ក្រាបបទល្មើសនេសាទផងដែរ។

 

តាមរយៈវេទិកានេះប្រជាសហគមន៍បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក និងជំនាញរដ្ឋបាលជលផលជួយទប់ស្កាត់បទល្មើសនេសាទ ដែលបានចូលមកក្នុងតំបន់អភិរក្សទាំង៣កន្លែង ពិសេសប្រជាពលរដ្ឋវៀតណាមពេលកម្លាំងសហគមន៍បង្ក្រាបតែងមានការតបតវិញដោយកម្លាំង ច្រើនធ្វើឲ្យសហគមន៍មិនមានសមត្ថភាពបង្ក្រាប។ ពេលរដូវត្រីត្រូវខ្លាំង សូមឲ្យសមត្ថកិច្ចជួយ ទប់ស្កាត់និងការបង្ក្រាប បទល្មើសឲ្យបានសកម្មជាមួយសហគមន៍នេសាទ។ សំណូមពរសុំជួយអន្តរាគមន៍ចំពោះប្រជាជនវៀតណាមចំនួន២២គ្រួសារដែលបានមកបោះទីតាំងនៅតំបន់អភិវឌ្ឍន៍ និង១៤គ្រួសារនៅតំបន់ទួលក្លើឲ្យចាកចេញព្រោះតំបន់ទាំង២នេះស្ថិតនៅក្នុង ទឹកដីប្រទេសកម្ពុជា។

 

ក្រៅពីនេះប្រជាពលរដ្ឋបានសំណូមពរឲ្យសហគមន៍នេសាទកៀនឃ្លាំង ស្ថិតនៅឃុំលើកដែក ស្រុកកោះធំ ឲ្យដោះរបាំងធ្នួសចេញដើម្បីប្រជាពលរដ្ឋអាចរកត្រីបានហើយម្យ៉ាងវាខុសនឹងគោលការណ៍របស់សហគមន៍ ជាពិសេសអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែនដែលបានប្រកាសដាក់ឲ្យកាត់រំសាយឡូត៍នេសាទដើម្បីប្រជាជនមានលទ្ធភាពរកត្រីតាមលក្ខណៈគ្រួសារបាន។

 

ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការបកស្រាយជូនដល់អង្គវេទិកានិង បានផ្ដល់អនុសាសន៍ដល់សហគមន៍នេសាទទាំងអស់ត្រូវពង្រឹងតួនាទីរបស់ខ្លួនឲ្យស្របតាមលក្ខន្តិកៈរបស់សហគមន៍ចៀសវាងការអនុវត្តផ្ទុយពីលក្ខន្តិកៈនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះដែរមន្ត្រីជលផល និងសហគមន៍នេសាទត្រូវ បង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសនេសាទឲ្យកាន់តែសកម្មនិងទទួលបានលទ្ធផលល្អដើម្បីការពារ និងអភិរក្សធនធានមច្ឆាជាតិឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងវិស័យជលផល ទាំងបទល្មើសតូច ឬធំដោយអាងខ្នង អ្នកមានមុខមាត់ រឺអ្នកមានអំណាចក្ដី។

 

ចំពោះសំណូមពរប្រជាជនវៀតណាមដែលមកនៅក្នុងតំបន់អភិវឌ្ឍន៍និងទួលកើ្ល ដើម្បីរកត្រីគឺជាអំពើខុសច្បាប់ទាំងស្រុង។ បញ្ហានេះឯកឧត្ដម ម៉ៅ ភិរុណ បានឲ្យមន្ត្រីជលផល កម្លាំងមានសមត្ថកិច្ច អនុវត្តតាមច្បាប់រដ្ឋបាលហើយត្រូវធ្វើជាបន្ទាន់។

 

ឯកឧត្ដមបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ឃុំ មិនត្រូវពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មនេសាទដែលល្មើសនឹងច្បាប់បានហាម៕

អានអត្ថបទបន្ត… 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់