វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅ​ស្រុក​មុខកំពូល

កណ្ដាល ២៩ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋប្រមាណ៥០០នាក់ នៅភូមិព្រែកដំបង ស្រុកមុខកំពូល ដើម្បីស្វែងយល់ពីកង្វល់ សំណូមពរ និងកែលម្អចំណុចខ្វះខាតនានាដែលកើតមាននៅថ្នាក់មូលដ្ឋាន។

កណ្ដាល ២៩ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋប្រមាណ៥០០នាក់ នៅភូមិព្រែកដំបង ស្រុកមុខកំពូល ដើម្បីស្វែងយល់ពីកង្វល់ សំណូមពរ និងកែលម្អចំណុចខ្វះខាតនានាដែលកើតមាននៅថ្នាក់មូលដ្ឋាន។

 

ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជម្រាបពីគោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន និងដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។ ពិសេសនោះគឺបានផ្ដល់ឱកាសឲ្យបងប្អូនបានលើកឡើងពីការព្រួយបារម្ភ សំណូមពរនានា ដាក់ជូនរដ្ឋបាលខេត្តធ្វើការពិភាក្សាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានជម្រាបជូនពីលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៥ មួយចំនួនដូចជា ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម បានបង្ក្រាបបទល្មើស១៨៧ករណី ចាប់ឃាត់ខ្លួនជនសង្ស័យគ្រប់ប្រភេទ៤២៩នាក់ បង្ក្រាបគ្រឿងញៀន ២៣៣ករណី ចាប់ជនសង្ស័យបាន ៤២៩នាក់។ ការងារដោះស្រាយដីធ្លីបាននឹងកំពុងដោះស្រាយដើម្បីឈានដល់ការព្រមព្រៀងមួយប្រកបសន្តិវិធី។ ការងារអគ្គិសនី បានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបាន១០០២ភូមិ លើ១០១០ភូមិ ស្មើ ៩៩,២០% នៃភូមិក្នុងខេត្តសរុប។ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ជួសជុលផ្លូវកៅស៊ូ ៥ខ្សែប្រវែង ១២,១១ម៉ែត្រ សាងសង់ស្ពាន់បេតុង១កន្លែង បណ្ដោយ១៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងជួសជុលទំនប់ ២ខ្សែ ប្រវែង១០,២៦០ម៉ែត្រ សាងសង់សំណង់សិល្បៈការ ២០កន្លែង សំណង់បង្ហៀរ ១កន្លែង ស្ដារប្រឡាយមេ និងប្រឡាយរង៦ខ្សែ ប្រវែង ១០,៣៨៦ម៉ែត្រ ជួសជុល និងថែទាំទំនប់ ៧កន្លែង ប្រវែង១១,៥២៧ម៉ែត្រ។

 

នៅក្នុងវេទិកានោះដែរ លោកមេឃុំឬស្សជ្រាយបានសំណូមពរឱ្យថ្លៃទឹកស្អាត និងអគ្គិសនីចុះថ្លៃ និងសូមឲ្យរដ្ឋបាលខេត្តផ្ដល់សិទ្ធសម្រេចដល់ភូមិ-ឃុំ-ស្រុក ក្នុងការផ្ដល់លិខិតដល់អាជីវកម្មជីកដី ដឹកដីជាលក្ខណៈទ្រង់ទ្រាយតូច។ ប្រជាពលរដ្ឋក៍បានសំណូមពរដល់អង្គវេទិកាដូចជា ឲ្យជួយសម្រួលខ្សែភ្លើងដែលគ្មានសណ្ដាប់ធ្នាប់ តាមដងផ្លូវ សំណូមពរឲ្យអ្នកចិញ្ចឹមសត្វរៀបចំកាកសំណល់ឲ្យបានត្រឹមត្រូវ សូមឲ្យបុគ្គលិកពេទ្យកុំយកលុយក្រៅសេវា សូមឲ្យអាជ្ញាធរពង្រឹងបង្ក្រាបបទល្មើសនេសាទ  និងសូមឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ និងជួយថែរក្សាទាំងអស់គ្នា។

 

ជាកាឆ្លើយតបឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងមន្ត្រីជំនាញបានធ្វើការដោះស្រាយសំណូមពរ និងឆ្លើយបំភ្លឺពីកង្វល់នានា ហើយចំពោះសំណូមពរដែលមិនអាចដោះស្រាយបាន លោកប្រធានក្រុមប្រឹក្សាបានទទួលយក នឹងបន្តពិភាក្សាជាមួយក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធបន្តទៀតនៅពេលខាងមុខ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់