អគារសិក្សា​មត្តេយ្យ​សហគមន៍​៣​ខ្នង ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់

កណ្ដាល ២០ កក្កដា ២០១៥៖ អគារសិក្សាមត្តេយ្យសហគមន៍ចំនួន៣ខ្នងស្មើ៩បន្ទប់ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម ស៊ីហ្គាវ៉ា តាកាហ៊ីតា …

កណ្ដាល ២០ កក្កដា ២០១៥៖ អគារសិក្សាមត្តេយ្យសហគមន៍ចំនួន៣ខ្នងស្មើ៩បន្ទប់ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម ស៊ីហ្គាវ៉ា តាកាហ៊ីតា អនុប្រធានបេសកកម្មរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម សំ សេរីរតន៏ អគ្គលេខាធិការគណៈកម្មាធិការជាតិគាំពារ និង អភិវឌ្ឍន៍កុមារតូច របស់ក្រសួងអប់រំយុវជន និង កីឡា។

 

បន្ទាប់ពីលោក ចាន់ សុខុម អភិបាលស្រុកកោះធំធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថានភាពរួមរបស់ ស្រុករួចមក លោកស្រី តី សំភី នាយិកាសហគមន៍គ្រួសារយើង និង ឯកឧត្ដម ស៊ុហ្គាវា តាកាហ៊ីតា បានជម្រាបពីលទ្ធផលនៃសកម្មភាពចូលរួមអនុវត្តន៍គោលនយោបាយស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូច ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៤ ដែលសហគមន៍គ្រួសារយើងបង្កើតបានសាលាចំនួន១២៦សាលា បណ្ដុះបណ្ដាលគ្រូស្ម័គ្រចិត្តបានចំនួន១៤៣នាក់ (ស្រី១៤១នាក់) គណៈកម្មាធិការគាំទ្រសាលាចំនួន៤២៤នាក់ (ស្រី១៣៥នាក់) គ្រូឧទ្ទេស និង ឪពុកម្ដាយស្នូល៧៥៧នាក់ និង បានទទួលកុមារអាយុចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ អោយចូលរៀនឆ្នាំសិក្សា២០១៤-២០១៥ មានចំនួន៣១.៥៩៤នាក់ (ស្រី១៦.៣៤៧នាក់)។

 

អាគារសិក្សាមត្តេយ្យសហគមន៍ដែលត្រូវសម្ពោធនេះមាន៣ខ្នង គឺ២ខ្នងស្មើ៦បន្ទប់ នៅភូមិក្បាលកោះ និង ភូមិកំពង់ថ្កុលឃុំសំពៅពូន ស្រុកកោះធំ និង ១ខ្នង មាន៣បន្ទប់នៅភូមិពងទឹកនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

 

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ក្នុងអង្គពិធីថា ការអប់រំកុមារតូច ពិតជាមានសារៈសំខាន់សម្រាប់កសាងធនធានមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អោយអនុវត្តន៍គោលនយោបាយជាតិគាំពារកុមារតូច ក្នុងគោលបំណងប្រមូលផ្ដុំកម្លាំងដែលពាក់ព័ន្ធទាំងអស់ អោយយកចិត្តទុកដាក់ចំពោះការថែទាំសុខុមាលភាព និង អប់រំជាបណ្តើរៗ ដើម្បីអោយពួកគេមានមូលដ្ឋានគ្រឹះរឹងមាំ ត្រៀមខ្លួនទទួលយកការអប់រំពេញលេញចាប់ពីអាយុ៦ឆ្នាំ រហូតដល់ពួកគេក្លាយជាពលរដ្ឋមានសមត្ថភាពអភិវឌ្ឍន៍ប្រទេសជាតិបាន។

 

ឯកឧត្ដមបានបន្តទៀតថាសមិទ្ធផលរបស់អង្គការគ្រួសារយើងដែលសម្ពោធថ្ងៃនេះ គឺវាមានអត្ថប្រយោជន៍ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតទទួលបាននូវកន្លែងរៀនបានសមរម្យមានចំណេះដឹងចេះគិត ចេះវិភាគ ចេះច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍ខ្លួនគេ។

 

បន្ទាប់មកឯកឧត្ដមអភិបាលខេត្តក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធអគារសិក្សាមត្តេយ្យសហគមន៍ ភូមិកំពង់ថ្កុលជានិមិត្តរូបនៃអាគារ២កន្លែងទៀត និងបានដាក់ដាំដើមឈើជាចំណងដៃមិត្តភាពទៀតផង៕ អត្ថបទដោយ៖ សុខ សៅវរៈ

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=627&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់