អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ពិនិត្យ​ការ​ស្តា​ប្រឡាយ​ទឹក​២ខ្សែ​ក្នុង​​ឃុំ​ព្រែក​ស្តី

កណ្ដាល ៦ មេសា ២០១៥៖ ប្រឡាយទឹក២ខ្សែប្រវែង៤២០០ម៉ែត្រ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាលត្រូវបានស្ដារដើម្បីធានាដល់ការធ្វើស្រូវប្រាំង របស់ប្រជាពលរដ្ឋចំនួន៥ភូមិ មាន ១៤៥៩គ្រួសារ។

កណ្ដាល ៦ មេសា ២០១៥៖ ប្រឡាយទឹក២ខ្សែប្រវែង៤២០០ម៉ែត្រ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានស្ដារដើម្បីធានាដល់ការធ្វើស្រូវប្រាំង របស់ប្រជាពលរដ្ឋចំនួន៥ភូមិ មាន ១៤៥៩គ្រួសារ។

 

តាមសេចក្ដីរាយការណ៍របស់លោក ជន ប៉េងឡុង ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ឃុយ គា មេឃុំព្រែកស្តី ជូនគណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្ដាលក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្ដែងពេលថ្មីៗនេះ បានបង្ហាញថា ការស្ដារប្រឡាយនេះស្ថិតក្នុងគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។ ប្រឡាយខ្សែទី១មានប្រវែង១១០០ម៉ែត្រ មាត់លើ១៥ម៉ែត្រជម្រៅជាមធ្យម៣ម៉ែត្រ បាតក្រោម៤ម៉ែត្រ មានឈ្មោះប្រឡាយទួលខ្ទុំ។ ក្រសួងធនធានទឹក មានគម្រោងលើកជាផ្លូវលើខ្នងទំនប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាកសិករនៅពេលដឹកកសិផល។ ប្រឡាយទី២ មានឈ្មោះប្រឡាយម្ភៃកន្លះមានប្រវែង ៣០០០ម៉ែត្រ មាត់លើពី១០ម៉ែត្រ ទៅ ១២ម៉ែត្រ តាមស្ថានភាពដីបាតក្រោម ២ម៉ែត្រ ជំរៅ៣ម៉ែត្រ គឺជាប្រឡាយរងបន្តពីប្រឡាយទួលខ្ទុំ។ ហើយក្រសួងនឹងធ្វើផ្លូវដូចប្រឡាយទួលខ្ទុំដែរ។

 

លោកបានបន្តទៀតថា ប្រឡាយទាំង២ខ្សែនេះក្រោយការស្តារនឹងបម្រើឲ្យផ្ទៃដី ស្រូវប្រាំងចំនួន ១១០២ ហិតា ប្រជាពលរដ្ឋទទួលផលមាន ១៤៥៩គ្រួសារ ស្ថិតនៅភូមិចំនួន៥ របស់ឃុំព្រែកស្តីគឺភូមិកោះចាស់ ពោធិរាមា ពោធិរាមា(ក) ភូមិប្រធាតុ និងភូមិប្រធាតុ(ក)។

 

ក្នុងឱកាសនោះ លោកមេឃុំព្រែកស្តីបានឲ្យដឹងពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការបូមទឹកដើម្បីស្រោចស្រពផ្ទៃដីស្រូវប្រាំងថាមុនពេលស្តារ ដោយបងប្អូនត្រូវបូមបន្តពីរ រឺបីដំណាក់ទើបមានទឹកដល់ស្រែរបស់បងប្អូន។ ក្រោយការស្តារប្រជាពលរដ្ឋអាចបូមពីប្រឡាយដាក់បញ្ចូលស្រែតែម្តង ពុំចាំបាច់ចំណាយថវិកាច្រើនទេ។

 

ឯកឧត្តម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់ក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹកត្រូវអនុវត្តឲ្យបានតាមបទដ្ឋាន និងស្តង់ដាប្រឡាយដែលបានលើកក្នុងគម្រោង និងត្រូវធានាបាននូវគុណភាពផងដែរពិសេសផ្លូវដែលជាខ្នងទំនប់ដើម្បីបង្កលទ្ធភាពឲ្យប្រជាកសិករដឹកកសិផលបានស្រួល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំង ៥ភូមិនេះ។ ឯកឧត្ដម ក៏បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរឃុំចុះពិនិត្យតាមដានការអនុវត្តគំរោងនេះសំដៅធ្វើឲ្យសំណង់នេះធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទំហំនៃការប្រើប្រាស់ទឹករបស់បងប្អូន។

 

នៅក្នុងថ្ងៃនោះដែរ ឯកឧត្ដម ម៉ៅ ភិរុណ ក៏បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលដឹកនាំដោយ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ឯកឧត្ដម ចៅ តុល អនុប្រធានក្រុម និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ២៨៩៤នាក់ ដោយមិនគិតថ្លៃដែលមកពីឃុំទាំង១១របស់ស្រុកកោះធំ៕ ដោយ៖ សុខ សៅវរៈ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=585&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់