ប្រឡាយ​ព្រែក​តាសោម ត្រូវ​បាន​ស្ដារ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ

កណ្ដាល ១៩ ឧសភា ២០១៥៖ ប្រឡាយព្រែកតាសោម ស្ថិតនៅត្រង់ចំណុចស្ពានលេខ៣៦ ក្នុងភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បើកការដ្ឋានស្តារ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋចំនួន២៦១គ្រួសារ ក្នុងការធ្វើស្រែប្រាំង និងដាំដំណាំអនុផលផ្សេងៗ។

កណ្ដាល ១៩ ឧសភា ២០១៥៖ ប្រឡាយព្រែកតាសោម ស្ថិតនៅត្រង់ចំណុចស្ពានលេខ៣៦ ក្នុងភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បើកការដ្ឋានស្តារ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋចំនួន២៦១គ្រួសារ ក្នុងការធ្វើស្រែប្រាំង និងដាំដំណាំអនុផលផ្សេងៗ។

 

លោក នៅ សំណាង អភិបាលស្រុកលើកដែក បានអោយដឹងថា ប្រឡាយព្រែកតាសោមត្រូវបានបើកការដ្ឋានស្តារមានប្រវែង ៣១៩៧ ម៉ែត្រ មានទទឹងតាមស្ថានភាពជាក់ស្ដែងនៃដីគឺពី៨ម៉ែត្រ ទៅ ១០ ម៉ែត្រ។ រីឯជម្រៅប្រឡាយព្រែកតាសោមក៏ស្តារតាមស្ថានភាពដីដែរដើម្បីយកទឹកពីទន្លេមេគង្គបង្ហូរចូលបឹងតម្កល់ទុកធ្វើការងារបង្កបង្កើនផល និងត្រូវចំណាយថវិកាអស់ប្រមាណ១២០លានរៀល ដែលជាថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ ២០១៥នេះ។ ក្រោយការស្ដារប្រជាពលរដ្ឋទាំង ២៦១គ្រួសារលែងព្រួយបារម្ភពីបញ្ហាខ្វះទឹកក្នុងរដូវប្រាំងទៀតហើយ។

 

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ម៉ៅ ភិរុណ  បានថ្លែងអំណរគុណចំពោះសម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់កញ្ចប់ថវិកាគុណប្រយោជន៍ខេត្តអោយរដ្ឋបាលខេត្តមានលទ្ធភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តកណ្ដាល ឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា ការស្ដារប្រឡាយព្រែកតាសោម នាថ្ងៃនេះគឺជាការឆ្លើយតបទៅនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈអាជ្ញាធរឃុំក្អមសំណរ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ ហើយកង្វល់នេះត្រូវបានដោះស្រាយជូនដើម្បីធ្វើអោយជីវភាពរស់នៅរបស់បងប្អូនបានប្រសើរឡើងតាមរយៈការប្រកបរបរដាំដុះដំណាំ និងធ្វើស្រូវប្រាំង។

 

ក្នុងឱកាសនេះដែរ ឯកឧត្ដម ម៉ៅ ភិរុណ ក៏បានជម្រាបជូនពីសភាពការណ៍ថ្មីៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចបានក្នុងនោះឯកឧត្ដម បានបញ្ជាក់យ៉ាងច្បាស់ជូនប្រជាពលរដ្ឋជ្រាបអំពីវប្បធម៌សន្ទនាដែលសម្ដេចតែងបានធ្វើដើម្បីប្រយោជន៏ជាតិ ប្រជាជន និងដើម្បីការរីកចម្រើនលើគ្រប់វិស័យមិនមែនដើម្បីផលប្រយោជន៏បុគ្គលណាម្នាក់ រឺ គណបក្សណាមួយឡើយ។

 

ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយព្រែកតាសោមនេះដែរ ឯកឧត្ដម អភិបាលខេត្តបានសម្រេចផ្ដល់អគាររដ្ឋបាល ឃុំកំពង់ភ្នំ ១ខ្នង សាលាឃុំពាម រាំង១ខ្នង និងស្តារប្រឡាយខ្សែស្របលេខ១៧ មួយខ្សែប្រវែង ៤០០០ម៉ែត្រ សម្រាប់ឆ្នាំ ២០១៦ខាងមុខនេះ  បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលបានចូលរួម ៦៧៨នាក់ ក្នុងមួយនាក់ ទទួលបានថវិកា១០០០០រៀល៕ ដោយ៖ សុខ សៅវរៈ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=599&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់