ខេត្ត​កណ្ដាល​ និង ​ខេត្ត​អានយ៉ាង រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​សហប្រតិបត្តិការ​៦ខែ ចុង​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​បន្ត​៦​ខែ​ដើម​ឆ្នាំ​២០១៥

កណ្ដាល ២២ មករា ២០១៥៖ នៅក្នុងកិច្ចប្រជុំបូកសរុបការវាយតម្លៃលទ្ធផលសហប្រតិបត្តិការ០៦ខែចុងឆ្នាំ២០១៤ និងលើទិសដៅបន្ត៦ខែដើមឆ្នាំ២០១៥ រវាងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានធ្វើឡើងនៅសាលាខេត្តកណ្ដាល…

កណ្ដាល ២២ មករា ២០១៥៖ នៅក្នុងកិច្ចប្រជុំបូកសរុបការវាយតម្លៃលទ្ធផលសហប្រតិបត្តិការ០៦ខែចុងឆ្នាំ២០១៤ និងលើទិសដៅបន្ត៦ខែដើមឆ្នាំ២០១៥ រវាងខេត្តកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានធ្វើឡើងនៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំខេត្តទាំងពីរដែលជាដៃគូប្រតិបត្តិការអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌខេត្តជាប់ព្រំដែនគ្នានោះបានបង្ហាញនូវមោទនភាពចំពោះលទ្ធផលសហប្រតិបត្តិការរបស់ខេត្តទាំងពីរក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៤ ដែលសម្រេចបានល្អតាមទិសដៅការងារដែលភាគីទាំងពីរបានឯកភាពដាក់ចេញកន្លងមក។

 

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដមនៃ ចារី អភិបាលរងខេត្តកណ្ដាល និង ឯកឧត្ដម វ៉ អាញ់គៀត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងមានការចូលរួមពីមន្ត្រីរាជការចំណុះសាលាខេត្តទាំងពីរជាច្រើនរូបទៀត។

 

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំខេត្ត បានវាយតម្លៃខ្ពស់លើការអនុវត្តល្អសម្រេចបានលើការងារជាច្រើនរួមមានការងារសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ការងារពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ សិក្សាអប់រំ សុខាភិបាល គមនាគមន៍ ដឹកជញ្ជូន ការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមព្រមទាំងការផ្លាស់ប្ដូរបទពិសោធន៍វិជ្ជាជីវៈតុលាការដោយគោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនិមួយៗ ហើយកសាងបានព្រំដែនជាប់ខេត្តទាំងពីរជាព្រំដែនមិត្តភាពនិងអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។

 

ភាគីទាំងពីរក៏បានដាក់ទិសដៅការងារសម្រាប់ខេត្តទាំងពីរអនុវត្ត៦ខែដើមឆ្នាំ២០១៥ ជាបន្តទៀតដោយការងារទាំងនោះរួមមាន រួមគ្នាទប់ស្កាត់ការបាក់ច្រាំងព្រែកប៊ិញយី ទាំងសង្ខាងនៃខេត្តកណ្ដាលនិងខេត្តអានយ៉ាងដោយប្រគល់ភារកិច្ចអោយស្ថាប័នជំនាញរបស់ខេត្តទាំងពីរគូប្លង់គម្រោងជើងទន្លេទប់ស្កាត់ការបាក់ច្រាំងនេះ ប៉ុន្តែត្រូវធានាមិនអោយប៉ះពាល់ដល់ចរន្តទឹកហូរ។ បើភាគីណាមួយមានគម្រោងសាងសង់អ្វីលើព្រែកប៊ិញយី ត្រូវជូនដំណឹងដល់ភាគីម្ខាងទៀត។

 

ក្រៅពីនេះភាគីទាំងពីរក៏ដាក់ទិសដៅបន្តកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជួយបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសដាំស្រូវ បន្ថែ ការចិញ្ចឹមសត្វ វិធីសាស្ត្រគ្រប់គ្រងនិងបង្ការសត្វដែលបំផ្លាញដំណាំកសិកម្ម ព្រមទាំងបន្តពង្រឹងការងារឃោសនាផ្សព្វផ្សាយច្បាប់ស្ដីពីព្រំដែន បទល្មើសជលផល  ទប់ស្កាត់ការបំផ្លាញព្រៃឈើ ទប់ស្កាត់ប្រឆាំងអំពើជួញដូរស្ត្រីនិងកុមារនៃប្រទេសទាំងពីរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=550&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់