ពិធី​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រែកពោធិ៍ ឃុំ ពាមឧកញ៉ាអុង

កណ្ដាល ២៣ មីនា ២០១៥៖ ស្ពានព្រែកពោធិ៍ស្ថិតនៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង  ស្រុកល្វាឯម ខេត្តកណ្តាល បានបើកការដ្ឋានជួសជុល ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋ។

កណ្ដាល ២៣ មីនា ២០១៥៖ ស្ពានព្រែកពោធិ៍ស្ថិតនៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង  ស្រុកល្វាឯម ខេត្តកណ្តាល បានបើកការដ្ឋានជួសជុល ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋ។

 

ពិធីបើកការដ្ឋានបានធ្វើនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង ខេត្តមន្ត្រីជំនាញ អាជ្ញាធរស្រុក-ឃុំ និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

 

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ស្ពានព្រែកពោធិ៍ មានប្រវែង៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៣៤០ ក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង គឺជាស្ពានមូលនិធិសង្គមកសាងក្នុងឆ្នាំ២០០២។ ស្ពាននេះបានស្រុត និងខូចខាតធ្ងន់ធ្ងរនៅចំណុចសសរទី១ ទី២ ទី៣ និងទី៤ ដោយសារទឹកជំនន់ឆ្នាំ២០១៤។ បន្ទាប់ពីទឹកជំនន់ធ្វើឲ្យស្ពានមានលក្ខណៈទ្រុឌទ្រោម មន្ទីរបានសុំការអនុញ្ញាត ជួសជុលជាបន្ទាន់ និងធ្វើផ្លូវវាងមួយដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ ថវិកាដែលត្រូវចំណាយសម្រាប់ការជួសជុលមាន៣៤៦.៥៦៥ រៀលគឺជាថវិកាបន្ទាន់ឆ្នាំ២០១៥ របស់មន្ទីរសាធារណការខេត្តហើយនឹងប្រើប្រាស់រយៈពេល ៧២ថ្ងៃក្នុងការជួសជុល។

 

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានជម្រាបជូនពីស្ថានភាពរួមនៃការខូចខាតស្រុកចំនួន៨ ក្នុងខេត្តដែលបានទទួលរងគ្រោះទឹកជំនន់ឆ្នាំ២០១៤ កន្លងទៅនេះធ្វើឲ្យផ្ទៃដីស្រែ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធលំនៅឋាន អគារសិក្សា ផ្លូវថ្នល់ ផ្លូវលំ និងស្ពានទទួលការខូចខាតហើយអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធបាននឹងកំពុងជំរុញការកែលំអជាបណ្ដើរៗ។ ជាក់ស្ដែងស្ពានព្រែកពោធិ៍នេះត្រូវបានបើកការដ្ឋានដើម្បីជួសជុលសំដៅឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនាថ្ងៃនេះហើយ ក្រុមជាងនឹងបង្កើនសកម្មភាពក្នុងការជួសជុលតែរយៈពេល៧២ថ្ងៃប៉ុណ្ណោះ បងប្អូនអាចធ្វើដំណើរបានវិញដូចធម្មតាទាំងការដឹកជញ្ជូនកសិផលផងដែរ។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់ក្រុមជាងត្រូវធ្វើដោយការទទួលខុសត្រូវពិសេសលើគុណភាពត្រូវតែតាមស្តង់ដារនៃគម្រោងស្ពាន ដើម្បីធានានូវភាពរឹងមាំព្រោះស្ពានព្រែកពោធិ៍នេះគឺជួសជុលសម្រាប់ការប្រើប្រាស់ជាបណ្ដោះអាសន្ន ហើយខេត្ត និងមន្ទីរមានគម្រោងសាងសង់ស្ពាននេះថ្មីនាពេលខាងមុខ។

 

ឯកឧត្ដម អភិបាលខេត្តបានក្រើនរំលឹកដល់ អាជ្ញាធរស្រុក-ឃុំត្រូវរួមសហការទប់ស្កាត់ និងអប់រំការលេងល្បែងស៊ីសងក្នុងស្រុកពិសេស កន្ទុយលេខ។ សំខាន់ជាងនេះសូមប្រជាពលរដ្ឋចូលរួមសហការក្នុងកិច្ចការនេះទាំងអស់គ្នាទើបយើងទទួលបានជោគជ័យក្នុងការបង្ក្រាបល្បែងស៊ីសង។ ការនេសាទខុសច្បាប់ បញ្ហាគ្រឿងញៀន ក៏ត្រូវយកចិត្តទុកដាក់ជាសំខាន់បំផុត ដើម្បីធានាបាននូវធនធានមច្ឆាជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=584&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់