អភិបាល​ខេត្ត​កណ្ដាល បញ្ជា​ឱ្យ​ពង្រឹង​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​គ្រប់​ក្រុង ស្រុក

កណ្ដាល ២២ តុលា ២០១៥៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានព្រមានខ្លាំងៗដល់អង្គភាពនគរបាលខេត្តកណ្ដាល ឱ្យពង្រឹងសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ក្រុង ស្រុកទាំង១១ ក្នុងខេត្តកណ្ដាលទាំងមូល។

កណ្ដាល ២២ តុលា ២០១៥៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានព្រមានខ្លាំងៗដល់អង្គភាពនគរបាលខេត្តកណ្ដាល ឱ្យពង្រឹងសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ក្រុង ស្រុកទាំង១១ ក្នុងខេត្តកណ្ដាលទាំងមូល។

 

ឯកឧត្ដមអភិបាលខេត្តបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៥ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្ដាល។

 

ឯកឧត្ដមបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា តួលេខនៃការបង្ក្រាបគ្រឿងញៀនមានការកើនឡើងគួរអោយកត់សំគាល់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៤ ដែលមានរហូតដល់២០០ករណី។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ខេត្តកណ្ដាលក៍មានតួលេខខ្ពស់ជាងបណ្ដាខេត្ត-ក្រុងដទៃទៀត បញ្ហាល្បែងស៊ីសង កន្ទុយលេខ ក៍នៅមានសកម្មភាពលេងតាមផ្ទះ ផ្សារ ដូច្នេះកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក ត្រូវមានវិធានការថ្មីក្នុងការទប់ស្កាត់ ហើយត្រូវរៀបចំឲ្យមានការអប់រំផ្សព្វផ្សាយឲ្យបានច្រើននៅតាមសាលារៀន ទីអារាម សហគមន៍ ដោយកម្លាំងយុវជនជាអ្នកឈានមុខក្នុងការចូលរួមអនុវត្តដោយផ្ដោតសំខាន់ទៅលើមុខសញ្ញាដែលជាយុវជន។

 

នៅក្នុងកិច្ចប្រជុំនេះដែលក៍បានលើកឡើង ពីការងារបង្កបង្កើនផលមិនគ្រប់តាមផែនការដែលបានគ្រាងទុកដែរ ដោយមូលហេតុទឹកភ្លៀងមិនអំណោយផល។ គិតត្រឹមថ្ងៃទី១៩ ខែតុលា នេះទូទាំងខេត្តកណ្ដាល អនុវត្តបាន៨៩,០៩% នៃផែនការប៉ុណ្ណោះយឺតជាងឆ្នំាំកន្លងទៅ៤៧៣៨ហិតា បើប្រៀបធៀបរយៈពេលដូចគ្នា។

 

ឆ្លើយតបនិងបញ្ហានេះ ឯកឧត្ដម អភិបាលខេត្តបានផ្ដល់អនុសាសន៍ដល់ស្រុក និងបណ្ដាមន្ទីរពាក់ព័ន្ធចុះពិនិត្យតាមអាងស្តុបទឹកដើម្បីត្រៀមលក្ខណៈកុំឲ្យស្រូវរបស់ប្រជាពលរដ្ឋស្កក រឺខូចខាតដោយពុំមានដំណោះស្រាយទាន់ពេលវេលា។ ក្នុងនោះក៍ត្រូវត្រៀមម៉ាស៊ីនបូមទឹក កម្លាំង និងប្រើឥន្ធនៈសម្រាប់ធ្វើអន្តរាគមន៍៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់