ខេត្ត​កណ្ដាល ​ប្រកាស​ផែនការ​អនុវត្តន៍​លើ​ការងារ​ទឹក​ស្អាត​សម្រេច​ឱ្យ​បាន​៧៣ភាគរយ​ និង​អនាម័យ​ជនបទ​​៦០​ភាគរយ​ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ (AKP)

ភ្នំពេញ ១៧ វិច្ឆិកា ២០១៥៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានប្រកាសដាក់ផែនការសម្រាប់អនុវត្តន៍លើការងារទឹកស្អាត ដោយសម្រេចឱ្យបាន៧៣ភាគរយ និងអនាម័យជនបទ៦០ភាគរយក្នុងរយៈពេលបួនឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាសម្រេចឱ្យបាន១០០ភាគរយនៅត្រឹមឆ្នាំ២០២៥ខាងមុខ។

ភ្នំពេញ ១៧ វិច្ឆិកា ២០១៥៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានប្រកាសដាក់ផែនការសម្រាប់អនុវត្តន៍លើការងារទឹកស្អាត ដោយសម្រេចឱ្យបាន៧៣ភាគរយ និងអនាម័យជនបទ៦០ភាគរយក្នុងរយៈពេលបួនឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាសម្រេចឱ្យបាន១០០ភាគរយនៅត្រឹមឆ្នាំ២០២៥ ខាងមុខ។

 

ក្នុងពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី៦ ឆ្នាំ២០១៥ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឃុំទួលពេជ្រ ស្រុកអង្គស្នួល លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានបញ្ជាក់ថា ការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្ត្រថ្នាក់ខេត្ដ ដោយកំណត់ក្នុងការអនុវត្តការងារទឹកស្អាត ត្រូវសម្រេចឱ្យបានត្រឹម៧៣ភាគរយ និងអនាម័យ៦០ភាគរយ ការលាងដៃនឹងសាប៊ូ សម្រេចឱ្យបាន៦០ភាគរយ និងការហូបទឹកប្រកបដោយសុវត្ថិភាព ត្រូវកំណត់យកឱ្យបាន៨០ភាគរយ។

 

លោកបានបន្ដថា សម្រាប់ស្រុកអង្គស្នួល ស្ថានភាពទឹកស្អាត និងអនាម័យ គឺមានលក្ខណៈល្អប្រសើរបើប្រៀបធៀបជាមួយបណ្ដាស្រុកដទៃទៀត ក្នុងខេត្ដកណ្ដាល ក្នុងនោះ ការអនុវត្ដលើទឹកស្អាត គឺទទួលបាន៦៩ភាគរយ អនាម័យ ទទួលបាន៦៣ភាគរយ ដោយជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង។

 

លោកបានអះអាងថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការអនុវត្ដកម្មវិធីទឹកស្អាត និង អនាម័យជនបទ នៅក្នុងខេត្ដកណ្ដាល គឺមានការអភិវឌ្ឍរីកចម្រើនជាបន្ដបន្ទាប់ និងមានកំណើន កើន ឡើងគួរឱ្យកត់សម្គាល់ ដោយរាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្រ្ដ និងខិតខំជំរុញឱ្យមានការ សាងសង់បង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់សម្រេចឱ្យបាន១០០ ភាគរយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៥ ខាងមុខ។

 

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ក្នុងទិវាជាតិលើកកម្ពស់ អនាម័យជនបទ កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ នៅស្រុកបន្ទាយមាស ខេត្ដកំពត ដោយណែនាំថា ដើម្បីសម្រេចបានគោលដៅក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ទទួលបានទឹកស្អាត ប្រើប្រាស់ និងការអនុវត្តអនាម័យល្អ១០០ភាគរយ នៅឆ្នាំ២០២៥ខាងមុខនោះ ក្រសួងនឹងរៀបចំរចនាសម្ព័ន្ធ ឱ្យបានរឹងមាំលើការគ្រប់គ្រងបញ្ហាអនាម័យ និងទឹកស្អាតនៅ តាមមូលដ្ឋាន ពង្រឹងកិច្ចសហការល្អ ជាមួយដៃគូអភិវឌ្ឍន៍នានា ពិសេសការអប់រំប្រជាពលរដ្ឋឱ្យកែប្រែឥរិយាបថអនុវត្តន៍អនាម័យល្អ និងការ បន្ទោរបង់ក្នុងបង្គន់។

 

សូមបញ្ជាក់ថា យោងតាមលទ្ធផលនៃការអនុវត្ដការងារទឹកស្អាត និងអនាម័យជនបទរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០១៥នេះ នៅទូទាំងប្រទេសកម្ពុជាបញ្ហា អនាម័យ សម្រេចបាន៤៦ភាគរយ ហើយបញ្ហាទឹកស្អាតសម្រេចបាន៣០ភាគរយ។ ដោយឡែកនៅ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលសន្យានឹងសម្រេចឲ្យបាន៦០ភាគរយ ហើយឈានទៅសម្រេចបាន១០០ ភាគរយតាមការគ្រោងទុកនៅឆ្នាំ២០២៥ខាងមុខ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់