វេទិកា​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​រលាប្អៀរ បាន​ដោះស្រាយ​សំណូមពរ​ជួសជុល​ស្ពាន​ និង​បញ្ហា​មួយ​ចំនួន​ទៀត

កំពង់ឆ្នាំង ១៣ មីនា ២០១៥៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត…

កំពង់ឆ្នាំង ១៣ មីនា ២០១៥៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងមានប្រជាពលរដ្ឋចូលរួមក្នុងវេទិកានោះសរុប១៦៥នាក់។

 

គណៈអធិបតី រួមនិងតំណាងមន្ទីរ អង្គភាពជំនាញជាវាគ្មិនបានចូលរួមឆ្លើយតបទៅនឹងបញ្ហា សំណូមពរ សំណួរផ្សេងៗ ដែលទាក់ទិននឹង ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព  ការផ្ដល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍន៍ភូមិឃុំ និងបានស្នើសុំជួសជុលស្ពានមួយកន្លែងដែលរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងឃុំស្រែថ្មី។

 

ជាការឆ្លើយតបជាក់ស្ដែងទៅនិងសំណូមពរក្នុងចំណោមសំណូមពរផ្សេងៗទៀត លោកជំទាវ ម៉ាត់ ម៉ារ៉ា រួមនឹង ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត លោក លាង សេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក លោកស្រីក្នុងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពស្ពានដោយផ្ទាល់។ ឯកឧត្តម ឡោ រស្មី បានទទួលជួយជួសជុលស្ពាននោះ ជូនប្រជាពលរដ្ឋក្នុងឃុំស្រែថ្មី ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផល និងចរាចរណ៍ទំនិញផ្សេងៗ។

 

ចំពោះបញ្ហា សំណូមពរ និងសំណួរផ្សេងទៀត ក្រុមការងារបានពន្យល់ បកស្រាយ និងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ ឯបញ្ហាដែលនៅសេសសល់ ក្រុមការងារទទួលយក មកពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាបន្តទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=2466

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់